Man Utd មិនត្រឹមតែមិនដេញ Ten Hag ហើយថែមទាំងតកុងត្រាថ្មីឲ្យទៀត
- 2024-06-27 13:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd មិនត្រឹមតែមិនដេញ Ten Hag ហើយថែមទាំងតកុងត្រាថ្មីឲ្យទៀត
ចន្លោះមិនឃើញ
ក្លឹប Manchester United កំពុងចរចាកុងត្រាថ្មីជាមួយអ្នកចាត់ការបិសាចក្រហម Erik Ten Hag។
កុងត្រាបច្ចុប្បន្នរបស់លោក Ten Hag មានសុពលភាពដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ពោលគឺមានរយៈពេល ១ ទៀតប៉ុណ្ណោះ។
ការចរចានេះ ធ្វើឡើងក្រោយ សហម្ចាស់ថ្មីរបស់ក្លឹបបិសាចក្រហម លោក Jim Ratcliffe ព្រមទាំងថ្នាក់ដឹកនាំក្លឹបដទៃទៀត សម្រេចថានឹងមិនបញ្ចប់ការងាររបស់ Ten Hag ឡើយកាលពីដើមខែនេះ ទោះជា Manchester United មានទម្រង់លេងមិនសូវបានល្អក៏ដោយកាលពីរដូវកាលមុន។
កាលពីពេលថ្មីៗនេះ លោក Ratcliffe បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហាចម្បងរបស់ក្លឹប Manchester United ជាពិសេសជាង ១០ ចុងក្រោយ គឺមិនមែនមកពីអ្នកចាត់ការនោះ។ បញ្ហាចម្បងរបស់ក្លឹប គឺបរិយាកាសដែលក្លឹបដំណើរការមានសភាពមិនល្អ ដែលនាំឲ្យមានការសម្រេចចិត្តខុសជាច្រើន ជាពិសេសលើទីផ្សារដោះដូរកីឡាករ។ ក្នុងន័យនេះ ចំពោះ លោក Ratcliffeទិសដៅអាទិភាពរបស់ Man United គឺមិនមែនផ្ដោតទៅលើការទិញកីឡាករល្អ ហើយថ្លៃៗនោះទេ។ ក្លឹបត្រូវផ្ដោតសំខាន់ទៅលើការងារអភិវឌ្ឍក្រុមកីឡាករ ដើម្បីឲ្យក្រុមកីឡាករមានលំនឹង ហើយជាមួយគ្នានោះ ផ្ទេរចូលកីឡាករល្អៗមួយចំនួនដើម្បីបង្កើនទម្រង់លេងរបស់ក្រុម។ ម៉្យាងវិញទៀត ក្លឹបត្រូវបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ដំណើរការក្លឹប ក្នុងនោះគឺត្រូវវិនិយោគបន្ថែមទៀតទៅលើហេត្ថារចនាសម្ព័ន្ធសំខាន់ៗរបស់ក្លឹប ដូចជាទីលានហ្វឹកហាត់របស់កីឡាករ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ក្លឹប។
ក្រោយក្លឹបបិសាចក្រហមបានសម្រេចមិនបញ្ចប់ការងារលោក Ten Hag ក្លឹបក៏បានចាត់តំណាងទៅចរចាផ្ទាល់ជាមួយលោក Ten Hag ដែលកំពុងលំហែកាយនៅកោះ Ibiza ប្រទេសអេស្ប៉ាញ។ ភាគីទាំងសងខាង កំពុងខិតជិតគ្នាហើយ។ យោងតាមសារព័ត៌មាន The Mirror បើមិនមានអ្វីប្រែប្រួលទេ ភាគីទាំងពីរនឹងឯកភាពគ្នាលើកុងត្រាថ្មីឆាប់ៗក្នុងរង្វង់សប្ដាហ៍នេះ។ កុងត្រានេះនឹងមានសុពលភាពដល់ពាក់កណ្ដាលឆ្នាំ ២០២៧។
មុនមកដឹកនាំ Manchester United កាលពីខែឧសភា ឆ្នាំ ២០២២ លោក Ten Hag បានចំណាយពេលរយៈកាលជាង ៥ ឆ្នាំ បង្វឹកក្លឹបហុល្លង់ Ajax។ កាលដឹក Ajax លោកគឺជាអ្នកចាត់ការដ៏ជោគជ័យមួយរូប ដោយដឹកនាំសរុប ២១៥ ប្រកួត ឈ្នះដល់ទៅ ១៥៨ ប្រកួត ស្មើ ២៨ ដង និងចាញ់ ២៩ លើក ដោយមានអត្រាភាគរយឈ្នះចំនួនជាង ៧៣ ភាគរយ។ ដោយឡែក នៅពេលមកចាត់ការបិសាចក្រហមជាង ២ ឆ្នាំមកនេះ លោកបានដឹកនាំប្រកួតសរុប ១១៤ ដង ឈ្នះ ៦៦ ប្រកួត ស្មើ ១៧ លើក និងចាញ់ ៣១ ដង ហើយបើគិតជាអត្រាភាគរយៈឈ្នះគឺជាង ៥៨ ភាគរយ៕