ក្រៅពីសេះសមុទ្រ និង ប៉មនាឡិកាយក្ស ស្ពានឫស្សីបណ្តែតទឹក ថ្មីមួយ កំពុងបង្ហាញសម្រស់ នៅ កំពត!

  • 2025-03-12 07:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពត ដែលជាតំបន់ទេសចរណ៍ដ៏មានស្រទន់នៅភាគខាងត្បូងប្រទេសកម្ពុជា កំពុងបន្តពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួនជាមួយនឹងការអភិវឌ្ឍថ្មីៗនៅដើមឆ្នាំ២០២៥។ ជាមួយនឹងទេសភាពតាមដងទន្លេព្រែកទឹកឈូ ភ្នំបូកគោ និងផលិតផលក្នុងស្រុកដូចជាម្រេច និងអំបិល កំពតកំពុងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនឡើង។

ជាក់ស្តែង វត្តមានស្ពានឬស្សីបណ្តែតទឹកប្រវែង ៣២០ម៉ែត្រ កំពុងសាងសង់បានប្រហែល៦០% នៅសហគមន៍នេសាទកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ពានឬស្សីមួយនេះ នឹងសាងសង់ហើយ១០០% មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលបច្ចុប្បន្នគណៈកម្មការសហគមន៍បានកំពុងសាងសង់យកចិត្តទុកដាក់ ដែលជាការឧបត្ថម្ភគាំទ្រដោយអង្គការ អេដ អេ អាកស្យុង។

ទន្ទឹមនឹងនេះ ប៉មនាឡិកាយក្ស ដែលមានរចនាបទបែបខ្មែរ មានកម្ពស់ ៣៥ ម៉ែត្រ និងមុខនាឡិកាអង្កត់ផ្ចិតជិត ១០ ម៉ែត្រ ក៏ជាចំណុចទាក់ទាញថ្មីមួយទៀត។ ប៉មនេះត្រូវបានសម្ពោធ កាលពីខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។ គម្រោងអភិវឌ្ឍន៍ថ្មីៗដូចជា រូបសំណាក សេះសមុទ្រ ប៉មនាឡិកាយក្ស និង គម្រោងស្ពានឫស្សីបណ្តែតទឹកដែលកំពុងសាងសង់ ខេត្តនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ៕

អត្ថបទ ៖ គីម ណារ៉ាក់