អគ្គិសនី​កាន់តែសំបូរ ខណៈ​គម្រោង​វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១ នឹង​រួចរាល់២ឆ្នាំទៀត

  • 2024-07-01 03:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល បាន​ឱ្យដឹងថា គម្រោង​វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព ៨០មេហ្កាវ៉ាត់ មានភាពយឺតយ៉ាវ ដោយមកដល់ពេលនេះទើបតែសម្រេចបានជាង ៣០% ប៉ុណ្ណោះ បើប្រៀបធៀបនឹងផែនការដើម។

ក្នុងពេល​ចុះត្រួត​ពិនិត្យ​ការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់​១ នៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម កែវ រតនៈ បាន​បញ្ជាក់ថា មូលហេតុនៃការយឺតយ៉ាវ​នេះ គឺដោយសារតែការរីករាលនៃជំងឺកូវីដ១៩ ដែល​ធ្វើឱ្យមានការរាំងស្ទះដល់​ដំណើរការរកហិរញ្ញប្បទាន និងការសាងសង់។

ឯកឧត្តមបន្តថា «នៅពេលគម្រោងចាប់ផ្តើមឡើងវិញ នៅក្រោយកូវីដនេះ យើង​កំពុងខិតខំ​ផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ដើម្បីឱ្យគម្រោងនេះអាចចាប់ផ្តើមសាងសង់ទាន់ពេលវេលាថ្មី។ ហើយការគិតគូរនេះ គឺក្នុងឆ្នាំ​២០២៦ គម្រោងនេះត្រូវចេញដំណើរការឱ្យបាន។»

បើតាម​ឯកឧត្តមរដ្ឋមន្រ្តី គោលដៅដំបូង​សម្រាប់គម្រោងនេះ គឺទី១ ចង់បាន​ថាមពលអគ្គិសនីស្អាត ដើម្បីមកជួយបណ្តាញជាតិ រក្សាថ្លៃអគ្គិសនី បង្កើនថាមពលបៃតង ដើម្បីទាក់ទាញ​វិនិយោគ​ពីក្រៅប្រទេស។ ទី២ គឺសម្រាប់ខេត្តពោធិ៍សាត់ ដោយ​កាត់បន្ថយទឹកជំនន់ នៅក្នុងរដូវវស្សា ពោលគឺទំនប់នេះ​នឹងដើរតួជាអាងស្តុកទឹក ហើយពេល​រដូវប្រាំង វានឹងក្លាយ​ជាប្រភពទឹកដ៏សំខាន់មួយ សម្រាប់ស្រោចស្រពកសិកម្ម។

គួររំលឹកថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co.,Ltd សាងសង់គម្រោងនេះ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩។ គម្រោងនេះ ត្រូវបាន​ចាប់ផ្តើម​ដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ​២០២២។

ឯកឧត្តម កែវ រតនៈ បានថ្លែងឱ្យដឹងទៀតថា គម្រោងនេះ ជាការវិនិយោគរួម​របស់ក្រុមហ៊ុនកូរ៉េ សាងសង់ដោយក្រុមហ៊ុនចិន និងជប៉ុនដែលជាអ្នកដាក់ទុនផងដែរ។ «ដូច្នេះ អាចនិយាយបានថា នេះជាគម្រោងរបស់ ៣ប្រទេស​ កូរ៉េ ចិន ជប៉ុន ក្នុងការរួមគ្នា ហើយម្ចាស់ដើមរបស់គម្រោងនេះ គឺ​ប្រជាជនកម្ពុជាយើង»៕

អត្ថបទ៖ សំភី