សិក្ខាសាលាដ៏មានន័យ ស្ដីពីយន្ដការយកឈ្នះជំងឺបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ត

  • 2024-07-03 03:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកស្រី Piyané បានធ្វើសិក្ខាសាលាក្រោមប្រធានបទ “I am Worthy” លើកដំបូងនៅប្រទេសកម្ពុជា ដោយផ្តោតទៅលើឧបករណ៍ជាក់ស្ដែងដើម្បីយកឈ្នះជំងឺបាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្ត នៅ Office 345 រាជធានីភ្នំពេញ។

Piyané បានចែករំលែកបទពិសោធន៍ពីជីវិតពិតរបស់នាង ផ្ដល់គន្លឹះក្នុងការយកឈ្នះជំងឺបាក់ទឹកចិត្ត និងបានផ្ដល់ឱកាសឱ្យអ្នកចូលរួមចែករំលែកនូវបញ្ហាប្រឈមដែលពួកគេកំពុងតែជួបប្រទះផងដែរ។ សិក្ខាសាលានេះ ប្រៀបបានដូចជាសហគមន៍មួយដែលជួយផ្ដល់កម្លាំងចិត្តដល់មនុស្សគ្រប់គ្នាដែលកំពុងបាក់ចិត្ត មានអារម្មណ៍ថាឯកា និងតែងតែគិតថាខ្លួននៅតែមិនល្អគ្រប់គ្រាន់។ Piyané បានសង្កត់ធ្ងន់ និងរំលឹកដល់អ្នកចូលរួមទាំងអស់ថា “អ្នកមិនឯកានោះទេ”។ អ្នកចូលរួមម្នាក់បានចែករំលែកថា “សិក្ខាសាលារបស់ Piyané បានផ្តល់ឱ្យខ្ញុំនូវយុទ្ធសាស្រ្តដែលខ្ញុំអាចអនុវត្តបាន និងក្តីសង្ឃឹមជាថ្មី។ ខ្ញុំមានអារម្មណ៍ថាមានភាពត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ខ្ញុំ និងកាន់តែមានទំនាក់ទំនងជាមួយសហគមន៍នេះ"

អ្នក​ចូលរួម​ម្នាក់​ទៀត​បាន​កត់​សម្គាល់​ថា "ការ​បើក​ចំហរ និង​ភាព​ស្មោះត្រង់​របស់​ Piyané ​​ផ្ដល់​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង។ វា​ជា​ការ​បំផុស​គំនិត​ពេលដែល​ឃើញ​អ្នក​ដែល​បាន​ជម្នះរឿងរ៉ាវយ៉ាងច្រើន ហើយ​ឥឡូវ​នេះបាន​ជួយ​អ្នក​ដទៃឱ្យឆ្លងផុតពីរឿងនេះដែរ"។ សិក្ខាសាលាបានបញ្ចប់ទៅដោយរលូន ពោរពេញដោយភាពវិជ្ជមាន និងកក់ក្ដៅបំផុត ព្រមទាំងទទួលបានការជួយគាំទ្រពីតារាលំដាប់ពិភពលោក កញ្ញា Marina Thompson ដែលមនុស្សជាច្រើនបានស្គាល់នាងពីក្នុងសេរ៊ីរបស់ Netflix ដែលមានឈ្មោះថា Bridgerton ផងដែរ។

គួរឱ្យដឹងផងដែរថា Piyané មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ហើយបានផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលីនៅអាយុ ២០ ឆ្នាំ។ ឥឡូវនេះក្នុងវ័យ ៣៦ ឆ្នាំ នាងគឺជាសហគ្រិន វាគ្មិន អ្នកនិពន្ធ និងជាធុរជនម្នាក់ទាំងក្នុងប្រទេសកម្ពុជា និងអូស្រ្ដាលី។ លើសពីនេះ នាងបានចូលរួមក្នុងការអភិវឌ្ឍអចលនទ្រព្យ និងបង្កើតផលិតផលថែរក្សាសម្រស់ Nalia Cosmetics ក្នុងចំណោមការវិនិយោគចម្រុះផ្សេងទៀតនៅក្នុងប្រទេសអូស្រ្ដាលីផងដែរ។ Piyané គឺជាអ្នកតស៊ូមតិដ៏រឹងមាំដើម្បីសុខុមាលភាពផ្លូវចិត្ត និងការការពារពីការធ្វើអត្តឃាត ដោយទាញចេញពីបទពិសោធន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់នាងរួមទំាំងការបរាជ័យនៃអាជីវកម្មជាង ៣០ ក្នុងរយៈពេល ១៦ឆ្នាំមកនេះ។ រឿងរ៉ាវទាំងនេះ និងភាពជោគជ័យរបស់ Nalia Cosmectics ត្រូវបានដាក់បង្ហាញនៅក្នុងទស្សនាវដ្ដីល្បីៗដូចជា Marie Claire, Country Style និង WHO ហើយបច្ចុប្បន្ន នាងកំពុងមានវត្តមានលើក្របទស្សនាវដ្ដី Prestige ផងដែរ។

បន្ថែមពីលើភាពជោគជ័យនៃសហគ្រិនភាព Piyané គ្រោងនឹងចេញផ្សាយសៀវភៅរបស់នាងដែលមានចំណងជើងថា "Good Girl" នៅចុងខែសីហាខាងមុខនេះ ដែលនាងនឹងនិយាយអំពីសសរស្ដម្ភទាំង សម្រាប់បំពេញទៅក្នុងជីវិតរួមមាន៖ រាងកាយ ផ្លូវចិត្ត និងអារម្មណ៍ សហគមន៍ ជំនឿ និងហិរញ្ញវត្ថុ។ លើសពីនេះ ការចងចាំយ៉ាងជ្រាលជ្រៅពីការតស៊ូរបស់នាងជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត គំនិតចង់ធ្វើអត្តឃាត និងមូលហេតុនៃបញ្ហាប្រឈមនឹងត្រូវបានបង្ហាញនៅក្នុងសៀវភៅផងដែរ។

នាថ្ងៃអនាគត Piyané គ្រោងនឹងចេញ Podcast ក្រោមចំណងជើងថា “Girl on a Mission” ក្នុងគោលបំណងលើកកម្ពស់ដល់ស្រ្ដីឱ្យមានក្ដីស្រមៃធំជាងនេះ ឥទ្ធិពលសម្លេងខ្លាំងជាងនេះ និងមានជំហរនៅក្នុងពិភពលោកនេះកាន់តែច្រើន។