គីឡូធ្ងន់ៗត្រៀមប៉ះគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយ ទាំង Euro និង Copa America
- 2024-07-04 11:51:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីឡូធ្ងន់ៗត្រៀមប៉ះគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយ ទាំង Euro និង Copa America
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្ន កម្មវិធីបាល់ទាត់ចំនួនពីរ កំពុងអង្រួនពិភពបាល់ទាត់ជាខ្លាំង រួមមាន Euro 2024 នៅទ្វីបអឺរ៉ុប និង Copa America នៅប៉ែកបណ្ដាទ្វីបអាមេរិក។ ក្នុងកម្មវិធីទាំងពីរ ក្រុមជម្រើសជាតិខ្លាំងៗ ត្រៀមជើងប៉ះគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយ។
ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គ ៨ ក្រុមចុងក្រោយ មានក្រុមជម្រើសជាតិប្រកួតដូចជា អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ បារាំង អង់គ្លេស ស្វ៊ីស ហុល្លង់ និងទួរគី។
អេស្ប៉ាញ ត្រូវប៉ះជាមួយ អាល្លឺម៉ង់ នៅថ្ងៃទី ៥ កក្កដា វេលាម៉ោង ១១ យប់ម៉ោងនៅកម្ពុជា។ រយៈពេលបួនប្រកួតចុងក្រោយ អេស្ប៉ាញឈ្នះទាំងអស់ ចំណែកឯអាល្លឺម៉ង់វិញ ឈ្នះបី ស្មើមួយ។
ព័រទុយហ្គាល់ ត្រូវជួប បារាំង នៅថ្ងៃទី ៦ កក្កដា វេលាម៉ោង ២ ភ្លឺម៉ោងនៅកម្ពុជា។ ព័រទុយហ្គាល់ឈ្នះបី ចាញ់ម្ដង ឯបារាំងឈ្នះពីរដង និងស្មើពីរដង ក្នុងរយៈពេល ៤ ប្រកួតចុងក្រោយ។ អង់គ្លេស ត្រៀមប្រកួតជាមួយ ស្វ៊ីស នៅថ្ងៃដូចគ្នា តែនៅវេលាម៉ោង ១១ យប់ម៉ោងនៅកម្ពុជា។ ទម្រង់លេងចុងក្រោយ ទាំងអង់គ្លេស និងស្វ៊ីសឈ្នះ ២ ស្មើ ២។
គូចុងក្រោយនៅវគ្គ ៨ ក្រុម គឺហុល្លង់ ត្រូវលេងជាមួយទួរគី នៅថ្ងៃទី ៧ កក្កដា វេលាម៉ោង ២ ភ្លឺម៉ោងនៅកម្ពុជា។ ទាំងហុល្លង់ ហើយនិងទួរគី សុទ្ធតែបានឈ្នះ ២ ដង ស្មើមួយលើក និងចាញ់ម្ដង ក្នុងប្រកួតចំនួន ៤ ចុងក្រោយ។
ដោយឡែកក្រឡេកមើលកម្មវិធី Copa America វិញ ក្រុម ៨ ចុងក្រោយរួមមាន អាហ្សង់ទីន អេក្វាឌ័រ វេនេស៊ុយអេឡា កាណាដា កូឡុំប៊ី ប៉ាណាម៉ា អ៊ុយរ៉ាហ្គាយ និងប្រេស៊ីល។
អាហ្សង់ទីន ត្រូវជួបជាមួយអេក្វាឌ័រ នៅថ្ងៃទី ៥ កក្កដា វេលាម៉ោង ៨ ព្រឹកម៉ោងនៅកម្ពុជា។ ទម្រង់លេងចុងក្រោយ អាហ្សង់ទីនឈ្នះទាំង ៤ ប្រកួត ឯអេក្វាឌ័រវិញឈ្នះពីរ ស្មើម្ដង និងចាញ់ម្ដង។
វេនេស៊ុយអេឡា ប៉ះជាមួយកាណាដា នៅថ្ងៃទី ៦ កក្កដា វេលាម៉ោង ៨ ព្រឹកម៉ោងនៅកម្ពុជា។ ក្នុង ៤ ប្រកួតចុងក្រោយ វេនេស៊ុយអេឡាឈ្នះទាំងអស់ ហើយកាណាដាវិញ ឈ្នះពីរប្រកួត ស្មើម្ដង និងចាញ់មួយលើក។
កូឡុំប៊ី ត្រូវប្រកួតជាមួយប៉ាណាម៉ា នៅថ្ងៃទី ៧ កក្កដា វេលាម៉ោង ៥ ព្រឹកម៉ោងនៅកម្ពុជា។ ក្នុងប្រកួត ៤ លើកកន្លងទៅ កូឡុំប៊ីឈ្នះ ៣ និងស្មើម្ដង។ រីឯ ប៉ាណាម៉ាឈ្នះ ៣ ដង និងចាញ់មួយលើក។
គូពិសេសមួយទៀតគឺរវាង អ៊ុយរ៉ាហ្គាយ និងប្រេស៊ីល។ អ៊ុយរ៉ាហ្គាយ មិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើឡើយនៅ ៤ ប្រកួតចុងក្រោយ ខណៈប្រេស៊ីលវិញឈ្នះពីរ និងស្មើពីរដង។
តើក្រុមណាខ្លះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីទាំងពីរ?៕