ផ្លូវជាតិលេខ៣១ បែកគុស-កំពង់ត្រាច សម្រេច​ការងារ​អ៊ុតកៅស៊ូបេតុង រួចរាល់​ទាំងស្រុង​ ១០០%

  • 2024-07-05 02:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​ថា គម្រោងស្ដារ និង​លើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិ​លេខ៣៣) សម្រេច​បាន ៩៥,៣៨%​ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤។

ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ដោយគ្រោងចំណាយ ៦០លានដុល្លារ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ផ្លូវនេះត្រូវបាន​ស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី