ដឹងពីការតាំងចិត្តមុះមុតរបស់ ដា លីកា ម្ចាស់មកុដបវរកញ្ញាស្រុកស្រែខេត្តសៀមរាប ឆ្នាំ២០២៤

  • 2024-07-08 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលូនដូចការរំពឹងទុក ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយក្តីរំភើបជាទីបំផុត ដោយម្ចាស់ជយលាភីបានទៅលើបេក្ខភាពឃុំកំពង់ក្តី កញ្ញា ដា លីកា។

ហ្វេនៗនាំគ្នាស្រ៊ែហោកញ្ជ្រៀវផ្អើលអស់វេទិកាប្រកួត ពេលពិធីការនីប្រកាសឈ្មោះ ដា លីកា ជាម្ចាស់ជយលាភី ខណៈដែលបវរកញ្ញាស្រុកស្រែស្រុកវ៉ារិន ជាជយលាភីលំដាប់រងទី ១ ក្នុងការប្រកួតដ៏អស្ចារ្យនេះ។

រូបភាព៖ ផ្តល់ដោយក្រុមការងារ

បំពាក់មកុដរួចភ្លាម កញ្ញា ដា លីកា បវរកញ្ញាស្រុកស្រែឃុំកំពង់ក្តីបានផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈដឹងថា នាងរំភើបចិត្តខ្លាំងមែនទែន ដោយមិននឹកស្មានថា ខ្លួនឯងអាចឈ្នះមកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ នោះឡើយ។ កន្លងមក នាងធ្លាប់តែគិតស្រមៃចង់ក្លាយជាម្ចាស់មកុដ ហើយពេលនេះក្តីស្រមៃក្លាយជាការពិតហើយ។

លីកា មានភាពជឿជាក់ខ្ពស់លើសមត្ថភាពខ្លួន ចំណេះដឹង និងរូបសម្រស់របស់ខ្លួនឯង ដែលពិតជាស័ក្កសមតំណែងម្ចាស់ជយលាភីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ ប្រាកដមែន។

ស្ថិតក្នុងឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅគូរនឹងមកុដដ៏មានតម្លៃរំលេចត្បូងពណ៌ក្រហម លីកា បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រតិបត្តិខ្លួនឯងល្អស័ក្កសមជាម្ចាស់ជយលាភី ដើម្បីឈរជាសម្លេងឱ្យសហគមន៍ LGBTQ+ ឆ្ពោះទៅការលុបបំបាត់ការរើសអើងភេទនៅសង្គមកម្ពុជា។

រូបភាព៖ ផ្តល់ដោយក្រុមការងារ

បន្ថែមពីលើនោះ សោភារូបស្រស់ ដា លីកា សន្យាបំពេញតួនាទីជាម្ចាស់មកុដឱ្យបានល្អប្រសើរ បង្ហាញឱ្យសង្គមមើលឃើញថា បងប្អូនភេទទី៣ក៏មានបេះដូង និងមានសមត្ថភាពអាចប្រកបការងារល្អដូចបុរស-ស្រ្តីបានផងដែរ ដូច្នេះសូមផ្តល់ក្តីស្រលាញ់ចម្រុះពណ៌ឱ្យបានច្រើន។

រូបភាព៖ ហ្វេសប៊ុក Da LyKa

លោកវេជ្ជបណ្ឌិត តុង ម៉ី អ្នកឧបត្ថម្ភកម្មវិធី និងជាគណកម្មការដាក់ពិន្ទុមួយរូបបានឱ្យដឹងពីចំនុចលេចធ្លោរបស់ ដា លីកា ដែលជួយឱ្យនាងឈ្នះមកុដនារាត្រីនេះ គឺដោយសារនាងមានភាពស្រស់ស្អាត មានសមត្ថភាព ចំណេះដឹង និងភាពក្លាហានក្នុងការបញ្ចេញមតិជាសាធារណៈ។

រូបភាព៖ ផ្តល់ដោយក្រុមការងារ

ម្ចាស់មកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ នឹងទទួលបានភាពស្រស់ស្អាតបន្ថែមពី វេជ្ជបណ្ឌិត តុង ម៉ី ជាមួយដំណើរកម្សាន្តទៅក្រៅប្រទេស រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតពីកម្មវិធី។ ក្រៅពីជយលាភីមកុដ កញ្ញា ដា លីកា ក៏បានឈ្នះពានរង្្វាន់ Best Photogenic ពីកម្មវិធីទាំងមូលផងដែរ ដែលវាបង្ហាញពីសមត្ថភាពថតរូបស្អាតដាច់គេក្នុងការប្រកួតថ្នាក់ជាតិដ៏ធំសម្បើមនេះ៕

អត្ថបទ៖ Ah Mouy