ប្រុងប្រៀបសម្រាប់វគ្គ Semi Final កម្មវិធី Euro និង Copa America
- 2024-07-08 13:08:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុងប្រៀបសម្រាប់វគ្គ Semi Final កម្មវិធី Euro និង Copa America
ចន្លោះមិនឃើញ
ក្រោយការប្រកួតដ៏ស្វិតស្វាញវគ្គ ៨ ក្រុមចុងក្រោយដែលប្រពឹ្រត្តទៅកាលពីចុងសប្ដាហ៍កន្លងទៅ នាពេលនេះ កម្មវិធី Euro 2024 និងកម្មវិធី Copa America រកឃើញក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
ចំពោះវគ្គ Semi Final កម្មវិធីបាល់ទាត់ Euro 2024 គូទីមួយ ក្រុមជម្រើសជាតិអេស្ប៉ាញ និងបារាំងត្រូវជួបគ្នានៅថ្ងៃពុធទី ១០ ខែកក្កដាខាងមុខ វេលាម៉ោង ២ ទៀបភ្លឺម៉ោងនៅកម្ពុជា។ កាលពីវគ្គ ៨ ក្រុម អេស្ប៉ាញបានប្រយុទ្ធយ៉ាងស្វិតស្វាញ ហើយយកឈ្នះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងលទ្ធផល ២ ទល់នឹង ១ ក្រោយលេងទល់គ្នា ១២០ នាទី។ ដោយឡែក បារាំងឈ្នះព័រទុយហ្គាល់ក្នុងវគ្គទាត់បាល់ពិន័យ ១១ នាទី ក្នុងលទ្ធផល ៥ ទល់នឹង ៣ ក្រោយលេងបានត្រឹមស្មើ ០-០ អស់រយៈពេលជាង ២ ម៉ោង។
ដោយឡែក ជំនួបទីពីរ គឺរវាងក្រុមជម្រើសជាតិហុល្លង់ និងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែកក្កដា វេលាម៉ោង ២ ទៀបភ្លឺម៉ោងនៅកម្ពុជា។ ហុល្លង់បានយកឈ្នះទួរគីកាលពីវគ្គមុន ក្នុងលទ្ធផល ២ ទល់នឹង ១ ហើយបញ្ចប់ការប្រកួតក្រោយលេង ៩០ នាទី។ ឯអង់គ្លេសវិញ ដូចបារាំងដែរ គឺឈ្នះត្រឹមវគ្គទាត់បាល់ប៉េណាល់ទី ដោយក្រុមតោអង់គ្លេសឈ្នះស្វ៊ីសក្នុងលទ្ធផល ៥ ទល់នឹង ៣ ក្រោយលេង ១២០ នាទី ក្នុងលទ្ធផល ១ ទល់នឹង ១។
ចំណែកនៅទ្វីបអាមេរិក កម្មវិធី Copa America ក៏បានរកឃើញគូវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ជំនួបដំបូងគឺក្រុមជើងឯកអាហ្សង់ទីន ត្រូវប៉ះជាមួយកាណាដា នៅថ្ងៃពុធទី ១០ ខែកក្កដា វេលាម៉ោង ៧ ព្រឹក ម៉ោងនៅកម្ពុជា។ អាហ្សង់ទីន លេងបានត្រឹមស្មើ ១-១ ជាមួយអេក្វាឌ័រកាលពីវគ្គ ៨ ក្រុមក្នុងរយៈពេល ១២០ នាទី តែយកឈ្នះក្នុងវគ្គប៉េណាល់ទីក្នុងលទ្ធផល ៤ ទល់នឹង ២។ ដោយឡែកដូចអាហ្សង់ទីនដែរ កាណាដាយកឈ្នះវេនេស៊ុយអេឡាក្នុងវគ្គទាត់បាល់ពិន័យ ដោយឈ្នះក្នុងលទ្ធផល ៤-៣។
ជំនួបបន្ទាប់ គឺក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ត្រូវលេងជាមួយកូឡុំប៊ី ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា វេលាម៉ោង ៧ ព្រឹក ម៉ោងនៅកម្ពុជា។ ក្នុងវគ្គ ៨ ក្រុម អ៊ុយរ៉ាហ្គាយបានយកឈ្នះក្រុមខ្លាំងប្រេស៊ីល ក្នុងវគ្គទាត់បាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៤ ទល់នឹង ២។ កូឡុំប៊ីបង្ហាញទម្រង់លេងខ្លាំងរបស់ខ្លួន ដោយបានបំបាក់ប៉ាណាម៉ាក្នុងលទ្ធផល ៥-០។
តើក្រុមណាខ្លះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Euro និង Copa America?៕