Honda ប្រកាស​បិទរោងចក្រ​រថយន្ត​១កន្លែងនៅប្រទេសថៃ បន្ទាប់ពី Suzuki និង Subaru

  • 2024-07-12 07:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាស​កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤​ថា ខ្លួន​គ្រោងបិទរោងចក្រ​ដំឡើង​រថយន្ត ១​កន្លែង ក្នុង​ចំណោម២កន្លែង​នៅប្រទេសថៃ។

មូលហេតុនៃការបិទ​រោងចក្រនេះ គឺដោយសារតែភាព​លើសនៃផលិតកម្ម និងចង់បង្វែរធនធានផ្តោត​ទៅលើ​រថយន្តអគ្គិសនីវិញ ដែលកំពុងពេញនិយម​នៅក្នុងប្រទេសថៃ។

គួរដឹងថា Honda មានរោងចក្រតែ២គត់ នៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពដំឡើង​រថយន្ត​បាន ២៧ម៉ឺនគ្រឿង ប៉ុន្តែកាលពីឆ្នាំមុន គឺផលិតបានត្រឹមតែ ១៥ម៉ឺនប៉ុណ្ណោះ។ ដូច្នេះ​ ក្រុមហ៊ុនបានសម្រេចផ្អាករោងចក្រ១កន្លែងចោលសិន ដែល​ស្ថិតនៅអាយុធ្យា។ នៅសល់រោងចក្រ១កន្លែងទៀត នៅក្នុងខេត្ត Prachin Buri។

ការសម្រេចចិត្តផ្អាករោងចក្រនេះ ខណៈដែល​រថយន្ត Honda កំពុងប្រឈមមុខយ៉ាងខ្លាំង​នឹងគូប្រជែងធំៗមកពីប្រទេសចិន ដូចជា BYD ជាដើម ដែលជាក្រុមហ៊ុន​រថយន្តអគ្គិសនី។ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ការលក់រថយន្ត Honda បានមិនដល់ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំៗឡើយ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Honda បាន​លើកឡើងថា ក្រុមហ៊ុនមិនឃើញមានកំណើន​នូវការលក់​រថយន្តរបស់ខ្លួនតាមការរំពឹងទុករបស់ខ្លួនឡើយ នៅក្នុងទីផ្សាររថយន្តប្រទេសនេះ។ «យើងចង់ផ្តោតខ្លាំង​ទៅលើរថយន្តអគ្គិសនី ដោយរួមមានទាំង អគ្គិសនីសុទ្ធ និង Hybrid»។

ថ្មីៗនេះ ក្រុមហ៊ុន Subaru បានប្រកាស​បិទរោងចក្រដំឡើងរថយន្ត​ក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ ហើយ​រាល់រថយន្ត​ដែល​លក់ក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺ​នឹងសុទ្ធតែជារថយន្តដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនតែម្តង។

ចំណែក ក្រុមហ៊ុន Suzuki បញ្ជាក់ថា ខ្លួន​នឹងបិទរោងចក្រ​ក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ​២០២៥ ហើយបន្ទាប់មកគឺ​នឹងផ្តោត​លើការនាំចូលរថយន្ត​ចូលមកលក់​នៅប្រទេសនេះវិញ ដែលជាប្រភេទរថយន្តអគ្គិសនី និង Hybrid៕

អត្ថបទ៖ សំភី

អត្ថបទថ្មី