កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់សម្រាប់ ខេត្តកំពត

  • 2025-04-21 08:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត (Kampot International Tourism Port - KITP) ដែលជាគម្រោងដ៏សំខាន់មួយសម្រាប់ជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកំពត។ នេះបើយោងតាមសារព័ត៌មាន Khmer Times និង Travel And Tour World។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដី ៤.២៥ ហិកតា ជាមួយទុនវិនិយោគ ១០ លានដុល្លារអាមេរិក ដោយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន AZ Group។ គម្រោងនេះជាផ្នែកមួយនៃគម្រោងទេសចរណ៍អនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth)។

កំពង់ផែនេះបានចាប់ផ្តើមដំណើរការជាបណ្តោះអាសន្នតាំងពីត្រីមាសទី៣ ឆ្នាំ២០២៤ និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន Vireak Buntham Express Co., Ltd. (VET) បានចុះហត្ថលេខាជាមួយ KITP Development Co., Ltd. ដើម្បីដំណើរការសេវាកាណូតល្បឿនលឿនដែលអាចផ្ទុកអ្នកដំណើរបាន ៣០០ នាក់ក្នុងមួយជើង។ សេវាកាណូតនេះភ្ជាប់កំពង់ផែកំពតទៅកាន់កោះត្រល់ (ភូគុក) ប្រទេសវៀតណាម ក្នុងរយៈពេលត្រឹម ៤០ នាទីប៉ុណ្ណោះ ដោយមិនតម្រូវឱ្យមានទិដ្ឋាការសម្រាប់អ្នកទេសចរ។

យោងតាមក្រុមហ៊ុន Vireak Buntham កំពង់ផែនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥០០,០០០ នាក់នៅឆ្នាំ២០២៥ និងកើនដល់ ១ លាននាក់នៅឆ្នាំ២០២៦។ នៅអនាគត ក្រុមហ៊ុន VET មានផែនការពង្រីកសេវាកាណូតទៅកាន់ទីក្រុងត្រាត នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសថៃ ព្រមទាំងខេត្តព្រះសីហនុ និងខេត្តកោះកុង។

នៅក្នុងពិធីសម្ពោធ សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់សម្រាប់ខេត្តកំពត ដោយជួយជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ លោកបានសង្កត់ធ្ងន់ថា កំពង់ផែនេះនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាតំបន់ទេសចរណ៍ល្បីៗរបស់ខេត្តកំពត ដូចជា ឧទ្យានជាតិបូកគោ ស្ថាបត្យកម្មអាណានិគមបារាំង និងចម្ការម្រេចកំពតដ៏ល្បីល្បាញ។

ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត ២០០,០០០ នាក់នៅថ្ងៃចូលឆ្នាំសកល២០២៤ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិជាង ៦៥៣ នាក់។ ជាមួយនឹងការបើកដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិនេះ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តនេះ។

អត្ថបទ ៖ គីម ណារ៉ាក់