អ្នកគាំទ្ររាប់ពាន់នាក់សម្រុកចូលមើលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa America ដោយគ្មានសំបុត្រ
- 2024-07-15 11:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្ររាប់ពាន់នាក់សម្រុកចូលមើលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa America ដោយគ្មានសំបុត្រ
ចន្លោះមិនឃើញ
នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់អាមេរិក Copa America រវាងអាហ្សង់ទីន និងកូឡុំប៊ីកាលពីព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) គេសង្កេតឃើញមានអ្នកគាំទ្ររាប់ពាន់នាក់សម្រុកចូលមើលការប្រកួត ដោយគ្មានសំបុត្រ បង្កឱ្យមានភាពចលាចលនៅកីឡដ្ឋាន Hard Rock នាទីក្រុងម៉ាយអាមី រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។
វីដេអូ និងរូបភាពចែកចាយនៅតាមបណ្ដាញសង្គមបានឱ្យដឹងថា អ្នកគាំទ្រមួយចំនួនបានបញ្ជ្រៀតគ្នាចូលរបងស្តាត ដែលមិនទាន់បើក ហើយខ្លះទៀតចូលតាមបំពង់ខ្យល់នៅនឹងកីឡដ្ឋាន ដោយសារតែចង់មើលការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងអាហ្សង់ទីន និងកូឡុំប៊ី។ នេះបើតាមសេចក្ដីរាយការណ៍មួយចំនួន។
បើតាមមតិមួយចំនួនបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារតែការបើកទ្វារស្តាតយូរពេក អ្នកខ្លះយកហេតុផលថា ដោយសារតែអាកាសធាតុក្ដៅពេក ទើបមានការសម្រុក និងទម្លាយចូលដូច្នេះ។ អ្នកខ្លះយល់ឃើញថា ដោយសារតែឥរិយាបថមិនទទួលខុសត្រូវរបស់បុគ្គលមួយចំនួន ទើបរឿងនេះបានបង្កឡើង។
ដោយមានអ្នកគាំទ្រច្រើនលើសលុបពេក អាជ្ញាធរ និងសន្តិសុខនៅកីឡដ្ឋានបានសម្រេចបើកទ្វាររបងឱ្យអ្នកគាំទ្រចូលទៅក្នុង ដើម្បីបង្ការកុំឱ្យមានឧបទ្ទវហេតុជាន់គ្នានៅកីឡដ្ឋាននេះ។
ដោយសារតែព្រឹត្តិការណ៍នេះហើយទើបបណ្ដាលឱ្យមានការពន្យារពេលនៃការប្រកួតពីម៉ោង ៨យប់ ទៅម៉ោង ៩៖១៥យប់ (ម៉ោងនៅស្រុកអាមេរិក)។
ការសម្រុកចូលនេះ បង្កឱ្យមានទស្សនិកលើសចំំណុះចំនួន ៧ពាន់នាក់ នៅក្នុងកីឡដ្ឋាន ដែលផ្ទុកបានមនុស្ស ៦៥ ០០០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ យ៉ាងណាមិញ មានអ្នកគាំទ្រប្រមាណ ១០ ទៅ ១៥នាក់ ត្រូវបានចាប់ខ្លួន ប្រហែលដោយសារតែការបង្កអំពើហិង្សា ស្របពេលដែលអ្នកគាំទ្រដែលគ្មានសំបុត្រមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូល ហើយខ្លះទៀត ត្រូវបានដេញចេញតាមសម្រួល៕