គ្រូអង់គ្លេសលាលែងពីតំណែង
- 2024-07-16 13:15:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអង់គ្លេសលាលែងពីតំណែង
ចន្លោះមិនឃើញ
ពីរថ្ងៃបន្ទាប់ចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍អឺរ៉ូឆ្នាំ ២០២៤ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានលាលែងពីតំណែង។ សហព័ន្ធបាល់ទាត់អង់គ្លេសបានទទួលសេចក្ដីសម្រេចចិត្តរបស់លោក ហើយកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកគ្រូបង្វឹកថ្មី។
លោក Southgate បាននិយាយថា លោកមានកិត្តិយសដែលបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសចាប់ពីខែកញ្ញាឆ្នាំ ២០១៦ មក។ ទោះជាយ៉ាងណា ដល់ពេលហើយ ដែលលោក និងក្រុមជម្រើសជាតិត្រូវបើកទំព័រថ្មីសម្រាប់អនាគត។
ក្រោមការដឹកនាំរបស់លោកអស់រយៈពេល ៨ ឆ្នាំនេះ ក្រុមជម្រើសជាតិអង់គ្លេសលេងប្រកួតសរុប ១០២ ដង ឈ្នះ ៦១ ប្រកួត ស្មើ ២៤ លើក និងចាញ់ ១៧ ដង។ ក្នុងរយៈពេលនោះ លោកដឹកនាំក្រុមឲ្យចូលកម្មវិធីធំៗចំនួន ៤ លើក ក្នុងនោះ World Cup ២ ដង និងអឺរ៉ូ ២ ដង។ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ អង់គ្លេសធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមបានហាលអាវត្រឹមវគ្គ ៨ ក្រុមក្នុងកម្មវិធី World Cup ឆ្នាំ ២០២២។ ដោយឡែក ក្នុងកម្មវិធីអឺរ៉ូវិញ ទាំងនៅឆ្នាំ ២០២១ និង ២០២៤ ក្រុមអង់គ្លេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែបានត្រឹមជើងឯករង។
គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ច្បាស់ការណាមួយដែលអាចបញ្ជាក់ថា អ្នកណានឹងក្លាយជាអ្នកដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីលោក Southgate។
លោក Southgate ជាអ្នកចាត់ការសញ្ជាតិអង់គ្លេស មានវ័យ ៥៣ ឆ្នាំ។ លោកមានបទពិសោធន៍ដឹកនាំក្លឹប Middlesbrough ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៩ រួចក៏មកដឹកក្រុមជម្រើសជាតិអង់គ្លេសឈុតវ័យក្រោម ២១ ឆ្នាំ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦។ ពី ២០១៦ ដល់ ២០២៤ លោកដឹកនាំឈុតធំអង់គ្លេស៕