រូបភាព​ប្រឡាយនៅអង្គរបុរី​ ខេត្តតាកែវ បង្ហាញក្នុងកិច្ចប្រជុំព្រែកជីកហ្វូណនតេជោ

  • 2024-07-18 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប្រឡាយនៅអង្គរបុរី ខេត្តតាកែវ ត្រូវបាន​បង្ហាញ​ក្នុងកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារ​រៀបចំត្រៀម​ប្រារព្ធពិធីបើកការដ្ឋាន​គម្រោងព្រែកជីក​ហ្វូណនតេជោ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២៤ ដែល​កិច្ចប្រជុំនេះ​បានលើកឡើង​អំពីអត្ថប្រយោជន៍​នៃការដឹកជញ្ជូនតាមផ្លូវទឹក។ នេះបើតាមការចុះ​ផ្សាយ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញប្រៀបធៀបការដឹកជញ្ជូនបានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ ៥ដង ព្រោះថាការដឹកជញ្ជូនតាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ អាស្រ័យហេតុនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន។

គួរដឹងថា នៅក្នុងខេត្តតាកែវ មានប្រឡាយមួយខ្សែ​ដែលតភ្ជាប់​ពីស្រុកអង្គរបុរី ទៅក្រុងដូនកែវ គឺប្រឡាយលេខ១៥ មាន​តួនាទីមិនត្រឹមបម្រើឱ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកកសិផលដែលបងប្អូនប្រជាកសិករផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពលសម្រាប់ចរាចរណ៍ដោះដូរទំនិញជាមួយប្រទេសជិតខាងដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ ហិកតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី