បុរីធំមួយប្រកាសចាប់ផ្ដើមលក់គម្រោងរបស់ខ្លួននៅខេត្តព្រះសីហនុ
- 2024-07-20 04:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរីធំមួយប្រកាសចាប់ផ្ដើមលក់គម្រោងរបស់ខ្លួននៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ខេត្តព្រះសីហនុៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី ឯ.កនិងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ឯ.កបានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។
សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមាន ស្រាប់ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។
សម្តេចកិត្តិបណ្ឌិតមានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះផងដែរ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីវឌ្ឍន:ភាព និងការអភិវឌ្ឍន៍ ខេត្តព្រះសីនុ ស្របពេល ដែលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវកម្មវិធីពិសេស ជម្រុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងការជួយជម្រុញ លើកទឹកចិត្ត និងការផ្តល់លក្ខណ្ឌងាយស្រួលមួយចំនួន ដល់អ្នកវិនិយោគដែលមាន បំណងបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងបន្ថែមទៀត។
លោកបញ្ជាក់ថា “ក្នុងនាមរដ្ឋបាលខេត្ត គាំទ្រចំពោះអ្នកវិនិយោគគ្រប់ប្រភេទ ដែលស្របច្បាប់ទាំងក្នុងស្រុកក្រៅស្រុកដោយរក្សានៅសន្តិសុខ សុវត្ថិភាពជូនពួកគេ ដើម្បីឲ្យការវិនិយោគ ប្រកបទៅដោយសុខសុវត្ថិភាព និងការអភិវឌ្ឍនក្នុងខេត្ត”។
ជាមួយគ្នានេះដែរ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី បានលើកឡើងថា នេះជាគម្រោងទី១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ដែលបានវិយោគលើគម្រោងលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូយថ្មីស្រឡាង ដោយផ្តោតចំបងលើ គុណភាព ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុកខភាព និងទំនើបស៊ីវិល័យ។
លោកបញ្ជាក់ថា “ភាពជោគជ័យទាំងអស់នេះ ដោយសារតែក្រុមហ៊ុនមានទស្សនៈវិស័យ និងគោលការណ៍ម៉ឺងម៉ាត់ ច្បាស់លាស់ និងមានផែនការអនុវត្តន៍រួមគ្នា ដោយឈរលើគោលការណ៍៤ យ៉ាង គឺ លក់ សង់ ប្លង់ ថែរ”។
សម្តេចកិត្តិបណ្ឌិតបានបន្តទៀតថា វត្តមាន និងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជំនឿទុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច រួមជាមួយនឹងការ លើកទឹកចិត្ត និងជួយ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់។
សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជន ប្រកបដោយការទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវ គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា ៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវចូលរួមគ្រប់ រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើក ការដ្ឋាន គម្រោង ព្រែកជីកហ្វូណន តេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕