បាល់ទាត់​អាមេរិក​បំបែក​កំណត់​ត្រា​២៤​ឆ្នាំ​ឡើង​ទៅ​វគ្គ​៨​ក្រុម​នៅ​អូឡាំពិក

  • 2024-07-31 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​បាល់ទាត់​​បុរស​អាមេរិក​ធ្វើ​បាន​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួក​គេ ​ដោយ​បំបែក​កំណត់​ត្រា​ឡើង​ទៅ​កាន់​វគ្គ​៨​​ចុង​ក្រោយ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៤​​ឆ្នាំ​បន្ទាប់​ពី​យក​ឈ្នះ​​ទៅ​លើ ហ្គីណេ​ ៣-០ កាល​ពី​យប់មិញ​នេះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​។

​ក្រុម​បាល់ទាត់​អាមេរិក​​បុរស​ស្ថិត​នៅ​ពូល A ​ដោយ​រក​បាន​៦​​ពិន្ទុ​ក្នុង​នោះ​ពួក​គេ​ឈ្នះ​ទៅ​លើ​ នូវែលហ្សេឡង់ ៤-១ និង​ចុង​ក្រោយ​ឈ្នះ​ ហ្គីណេ ៣-០ នេះ​ឯង​ បើទោះ​ជា​ចាញ់​បារាំង​នៅ​​ប្រកួត​បើក​ឆាក​ក៏​ដោយ​។ ជ័យ​ជម្នះ ៣ -០ លើ ហ្គីណេ រក​បាន​ដោយ Kevin Paredes ២​គ្រាប់ និង Djordje Mihailovic រក​​បាន​​១​គ្រាប់​។

​​​ការ​​ខកខាន​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​អស់​រយៈ​ពេល​២៤​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​​ពួក​គេ​ធ្វើ​បា​ន​លើក​ចុង​ក្រោយ​កាល​ឆ្នាំ​២០០០ ​នៅ​ទី​ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។ ដោយ​កាល​នោះ​គេ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក៏​ចាញ់​អេស្ប៉ាញ​៣-១ ​បន្ទាប់​មក​​បន្ត​ប្រកួត​ដណ្ដើម​យក​លេខ​៣​ក៏​ចាញ់​ ឈីលី ២-០ ទៀត​។ បញ្ចប់​កាល​នោះ​​U23 USA ឈរ​នៅ​លេខ​៤​។

​​​ដោយ​ឡែក​មក​កាន់​អូឡាំពិក​ឆ្នាំ​​២០២៤ នៅ​បារាំង​នេះ​វិញ​ U23 USA នឹង​ត្រូវ​តទល់​ជាមួយ ម៉ារ៉ុក ​ដែល​ឡើង​មក​ពី​លេ​ខ​១​នៅ​ពូល B ​ដោយ​ត្រូវ​ប៉ះ​គ្នា​នា​ថ្ងៃ​សុក្រ​នេះ​។ ​ខណៈ​ដែល​​​បារាំង​លេខ​១​មក​ពី​ពូល A ប៉ះ អាហ្សង់ទីន អ្នក​លេខ​២​មក​ពី​ពូល B ស្រប​ពេល​ដែល​អ្នក​លេខ​១​មក​ពី​ពូល C អេហ្ស៊ីប ​ប៉ះ ប៉ារ៉ាហ្គាយ ​អ្នក​លេខ​២​មក​ពី​ពូល D និង ជប៉ុន ប៉ះ​អេស្ប៉ាញ​៕ ​

ប្រភព៖ Marca   Daro Ly

អត្ថបទថ្មី