ផ្លូវជាតិលេខ៤ ទៅកំពង់សោម និងផ្លូវជាតិលេខ៧ ទៅកំពង់ចាម នឹងសាងសង់រួចរាល់នៅឆ្នាំ២០២៦

  • 2024-07-31 03:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិដ៏សំខាន់បំផុត២ខ្សែ គឺផ្លូវជាតិលេខ៤ ទៅកាន់ខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៧ ទៅដល់​ទីរួមខេត្តកំពង់ចាម នឹងសាងសង់រួចរាល់​នៅត្រឹមឆ្នាំ២០២៦។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន ៥៤,៨០% គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ផ្លូវនេះ​ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិក ដោយ​អនុវត្តចំនួន០៨ឆ្នាំ (២០១៨-២០២៦)។ ហិរញ្ញប្បទាននេះ ប្រើប្រាស់សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី និងប្រើប្រាស់សម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ ព្រមទាំងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។

ចំណែក​គម្រោង​ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចបាន​២០% និងដោះស្រាយផលប៉ះពាល់បាន ៨៥% គិតត្រឹមដើមខែ​កក្កដា ឆ្នាំ​២០២៤។

ផ្លូវនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ ហើយការដ្ឋាននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦។ ផ្លូវនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី