មកស្គាល់ផ្លូវវែងជាងគេបង្អស់ក្នុងពិភពលោក ប្រវែង ៣០០០០គ.ម ឆ្លងកាត់១៤ប្រទេស
- 2024-08-07 04:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ផ្លូវវែងជាងគេបង្អស់ក្នុងពិភពលោក ប្រវែង ៣០០០០គ.ម ឆ្លងកាត់១៤ប្រទេស
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ២០២៤នេះ ផ្លូវដែលវែងជាងគេបង្អស់ក្នុងពិភពលោកគឺជាផ្លូវដែលភ្ជាប់ពីផ្នែកខាងលើនៃអាមេរិកខាងជើង ចុះរហូតមកដល់ចុងផ្នែកខាងក្រោមនៃអាមេរិកខាងត្បូង ឈ្មោះថា Pan American Highway ប្រវែងសរុប ៣០០០០គីឡូម៉ែត្រ។
ផ្លូវនេះមានចំណុចចាប់ផ្តើមចេញពីរដ្ឋអាឡាស្កា រហូតដល់ក្រុង Ushuaia ឆ្លងកាត់ប្រទេសចំនួន១៤ ក្នុងនោះ នៅអាមេរិកខាងជើង និងអាមេរិកកណ្តាល ចំនួន៩ប្រទេស និងអាមេរិកខាងត្បូង ៥ប្រទេស រួមមានដូចជា៖ កាណាដា អាមេរិក ម៉ិចស៊ីកូ ក្វាតេម៉ាឡា អែលសាលវ៉ាឌ័រ ហុងដូរ៉ាស នីការ៉ាហ្គ័រ កូស្តារីកា ប៉ាណាម៉ា កូឡុំប៊ី អេក្វឌ័រ ប៉េរូ ឈីលី និងអាហ្សង់ទីន។
យ៉ាងណាមិញ ខ្សែផ្លូវដ៏វែងបំផុតនេះ ត្រូវបានដាច់១កំណាត់ប្រវែង ១០៦គីឡូម៉ែត្រ ដែលស្ថិតនៅចន្លោះរវាងប្រទេសប៉ាណាម៉ា និងកូឡុំប៊ី ដែលគេហៅតំបន់នោះថា Darien Gap ជាតំបន់ព្រៃភ្នំដ៏ស្មុគស្មាញបំផុត។ គេព្យាយាមប៉ុងប៉ងសាងសង់ផ្លូវភ្ជាប់ចំណុចនេះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែតែងតែទទួលបានការប្រឆាំង ដោយបារម្ភពីផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។
គម្រោងផ្លូវ Pan American Highway នេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួមគ្នារវាងប្រទេសពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ១៩៣៧ ក្រោយទើបតែរើខ្លួនចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយការសាងសង់ផ្លូវនេះ ត្រូវបែងចែកជាច្រើនផ្នែកតាមបណ្តាប្រទេសនីមួយៗ។
គួរចាប់អារម្មណ៍ដែរថា ផ្លូវ Pan American Highway មិនត្រឹមតែឆ្លងកាត់បណ្តាប្រទេសជាច្រើននោះទេ ប៉ុន្តែក៏បានឆ្លងកាត់អាកាសធាតុ ទេសភាព ព្រឹលទឹកកក វាលខ្សាច់ ព្រៃភ្នំ ផ្សេងៗគ្នាផងដែរ៕