មន្ទីរ​ពេទ្យ​អន្តរជាតិ ខេមា ប្ដេជ្ញា​ផ្ដល់​សេវាកម្ម​ថែទាំ និង​ព្យាបាល​ជំងឺ​កាន់​តែប្រសើរ ក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី

  • 2024-08-09 08:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យអន្តរជាតិ ខេមា បានសម្ភោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ខ្លួនជាផ្លូវការ ដែលមានទីតាំងនៅជាប់អគារចាស់ ស្ថិតនៅផ្ទះលេខ១៨ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយអគារថ្មីនេះ មានបន្ទប់ធំទូលាយ ប្រកបដោយផាសុកភាព អនាម័យខ្ពស់ បំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដាអន្តរជាតិ។

នាយកប្រតិបត្ដិ មន្ទីរពេទ្យខេមា លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៅ​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ​២០២៤ ថា ខេមា បាន​ក្លាយ​ជា​មន្ទីរ​សម្រាក និង​ព្យាបាល​ជំងឺ​ដែល​មាន​ស្តង់ដារ​ខ្ពស់ ហើយ​ជា​ទំនុកចិត្ត​របស់​អតិថិជន​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ មន្ទីរ​ពេទ្យ​នៅ​តែ​ពង្រីក​ខ្លួន និង​សេវាកម្ម​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​កាន់​តែ​ប្រសើរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជំងឺ​ដែល​ធ្ងន់​ធ្ងរ​មួយ​ចំនួន ត្រូវ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ងាក​មក​ប្រើ​សេវាកម្ម​នៅ​មន្ទីរ​ពេទ្យ​អន្ដរជាតិខេមា។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​លោក​វេជ្ជបណ្ឌិត ក៏​បាន​សង្កត់​ធ្ងន់​ថា រូប​លោក​ផ្ទាល់ និង​បុគ្គលិក ព្រម​ទាំង​ដៃគូ​សុខាភិបាល បាន​ធ្វើ និង​បន្ដ​ធ្វើ​រួម​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​លើ​សេវាកម្ម​មួយ​ចំនួន​ដែល​ត្រូវ​ការ​ធ្វើ​រោគ​វិនិច្ឆ័យច្បាស់​លាស់ ឬ​ការ​សង្គ្រោះ​ភ្លាមៗ​ប្រកប​ដោយវិជ្ជាជីវៈ​ខ្ពស់។ ជាក់ស្ដែង​ដូច​ជា​ប្រភេទ​ជំងឺ បេះដូង ដាច់សសៃឈាមខួរក្បាល ដែល​ត្រូវ​ការ​សង្គ្រោះ​ភ្លាមៗ មុន​គ្រួសារ​ដែល​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​បញ្ជូន​បន្ដ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ឬ​ត្រូវ​បន្ដ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អន្ដរជាតិ​ខេមា រហូត​ដល់​បាន​ជាសះស្បើយ​ក៏​បាន។

បច្ចុប្បន្ន មន្ទីរពេទ្យអន្តរជាតិខេមា មានគ្រែសម្រាប់ពិនិត្យ ពិគ្រោះ និងសម្រាកព្យាបាលសរុបកើនដល់ចំ៥៤គ្រែ និងមាន​សេវាកម្មសំខាន់ៗរួមមាន៖ ព្យាបាលរបួស និងសង្គ្រោះបន្ទាន់​២៤​ម៉ោងរៀងរាល់ថ្ងៃ ឯកទេសជំងឺទូទៅ ជំងឺ​កុមារ វះកាត់ទូទៅ ជំងឺតម្រងនោម និងលាងឈាម​ ជំងឺបេះដូង ជំងឺ​ក្រពះ ពោះវៀន និងថ្លើម ជំងឺទឹកនោមផ្អែមនិងជំងឺក្រពេញអ័រម៉ូន ផ្នែកវះកាត់មុខមាត់-ឆ្អឹងថ្គាមនិងបាក់បែកឆ្អឹង​ និង ​ឯកទេសជំងឺប្រព័ន្ធប្រសាទ វះកាត់ខួរក្បាលនិងឆ្អឹងខ្នង។

បន្ថែមពីលើនេះ មន្ទីរពេទ្យអន្តរជាតិខេមា បានបំពាក់នូវឧបករណ៏រូបភាពវេជ្ជសាស្ត្រទំនើប CT Scan 128 SLICE សម្រាប់រករោគវិនិច្ឆ័យដើម្បីជាជំនួយដល់គ្រូពេទ្យឯកទេសក្នុងការព្យាបាលជំងឺបានត្រឹមត្រូវ និង​ ទាន់ពេលវេលា ជាពិសេស​អាចថតឆ្លុះដល់ជំងឹសរសៃឈាម បេះដូង និងរកមូលហេតុនៃការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល ។ ដោយសារមានកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពីមន្ទីរពេទ្យបរទេស និង វិនិយោគិនទាំងក្នុង និងក្រៅប្រទេស មន្ទីរពេទ្យអន្តរជាតិខេមា នឹងមានគម្រោងពង្រីកនូវអគារ និងសេវាឯកទេសបន្ថែមទៀតអោយក្លាយជា​មន្ទីរពេទ្យដែលអាចមានសមត្ថភាពពេញលេញក្នុងការព្យាបាល និងវះកាត់បេះដូង ខួរក្បាល និង​ ទារក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងកាត់បន្ថយនូវការចំណាយទាំងថវិកា និងពេលវេលាទៅព្យាបាលនៅ​ក្រៅប្រទេស​ ។​

មន្ទីរពេទ្យអន្តរជាតិខេមា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតិថិជនរបស់ខ្លួនដែលតែងតែជឿជាក់លើការផ្តល់សេវាកម្មពិនិត្យ ព្យាបាល និងថែទាំជូនអតិថិជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ដៃគូរវិនិយោគិន មន្ទីរពេទ្យដែលជា ដៃគួ និងក្រុមហ៊ុនដែលសហការទាំងផ្នែកវេជ្ជសាស្រ្ត និងអមវេជ្ជសាស្ត្រ ដែលតែងតែសហការ និងគាំទ្ររហូតមកទល់ពេលនេះ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី