គ្រូបង្វឹកព្រះខ័នរាជ្យស្វាយរៀង៖ ខកចិត្តតិចតួចនៅវគ្គទី១ ឱកាសរកគ្រាប់បានច្រើន ប៉ុន្តែកូនក្រុមធ្វើមិនបាន
- 2024-08-12 04:40:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកព្រះខ័នរាជ្យស្វាយរៀង៖ ខកចិត្តតិចតួចនៅវគ្គទី១ ឱកាសរកគ្រាប់បានច្រើន ប៉ុន្តែកូនក្រុមធ្វើមិនបាន
ចន្លោះមិនឃើញ
គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បើទោះជាលទ្ធផលឈ្នះលើក្រុម Tiffy Army ៧-០ យ៉ាងណាក្ដី ប៉ុន្តែក្រោយបញ្ចប់ការប្រកួតបង្ហាញការខកចិត្តតិចតួចដែរពិសេសនៅវគ្គទី១ មើលឃើញក្រុមមានឱកាសរកគ្រាប់បាល់បានច្រើនតែធ្វើមិនបាន។
លោក Pep Munoz គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះថា នេះជាការប្រកួតល្អមួយពិសេសនៅរយៈពេល ៣០នាទីដំបូងនៃវគ្គទី១ ពោលឱកាសក្នុងការស៊ុតបញ្ចូលសំណាញ់ទីរបស់ដៃគូបានច្រើនគ្រាប់។ យ៉ាងណាលោកមានការខកចិត្តតិចតួចដែរ ដោយសារកូនក្រុមរបស់លោកបែរជាស៊ុតបញ្ចូលបានត្រឹម២គ្រាប់ទៅវិញ ខណៈតាមអ្វីដែលគិតគឺអាចរកគ្រាប់បាល់បានច្រើនជាងនេះ។
គ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា កីឡាបាល់ទាត់ការស៊ុតរកគ្រាប់បាល់បានច្រើនគឺជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានចិត្តសប្បាយរីករាយ។ ចំណែកកីឡាករឆ្នើម ញាន សុសីដាន បានលើកឡើងដែរថា ប្រកួតបើកឆាកដំបូងក្នុងទឹកដីរបស់ខ្លួននេះគឺល្អ បើថ្វីត្បិតនៅវគ្គទី១ ឱកាសមានច្រើនតែរកបានត្រឹម ២គ្រាប់មែន ប៉ុន្តែនៅវគ្គទី២ ក្រុមលេងបានល្អរហូតស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់វិញ។
បញ្ជាក់ដែរការប្រកួតលីគកំពូលកម្ពុជា (CPL) រដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ បានចាប់ផ្ដើមសប្ដាហ៍ទី១ ហើយកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤។ ដោយឡែកចំពោះក្លឹបបាល់ទាត់ព្រះខ័រាជ្យស្វាយរៀង យកឈ្នះក្លឹបបាល់ទាត់ Tiffy Army FC ដោយលទ្ធផល ៧-០ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញលើទឹកដីកីឡដ្ឋានស្វាយរៀង៕