ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ឥណ្ឌា​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាត់​កីឡាករ​ឆ្នើម​មួយ​ចំនួន​

  • 2024-08-19 08:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ថា​សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១០​ ដែល​ធ្វើ​នៅ​ប្រទេស​ឥណ្ឌា​លើក​នេះ​ចំពោះ​ក្រុម​កម្ពុជា​គឺ​បាត់​កីឡាករ​ឆ្នើម​មួយ​ចំនួន​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ និង​ធ្លាប់​ឈ្នះ​មេដាយ​គ្រប់​កម្រិត​កន្លង​ទៅ។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​ថា​ ជើងឯក​អាស៊ី​លើក​ទី១០​ នេះ​ជា​ការ​សោកស្ដាយ​មួយ​ដែរ​ដោយ​ក្រុម​កម្ពុជា​បាត់​កីឡាករ​ឆ្នើម​មួយ​ចំនួន​ដូច​ជា​លោក​ ប៉ាល់​ ជីវ័ន​ ទ្រី វរលក្ខណ៍​ ដែល​ក្លាយ​ជា​គ្រូ​បង្វឹក​ទៅ​ហើយ។​ ចំណែក​កីឡាករ​មួយ​ចំនួន​ទៀត​ក៏​បាន​ឈប់​ផង​ដែរ។​ អ្នក​ទាំង​នោះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ធ្លាប់​ឈ្នះ​មេដាយ​ មាស​ ប្រាក់​ សំរឹទ្ធ​ គ្រប់​កម្រិត​ការ​ប្រកួត​របស់​តេក្វាន់ដូ​ ITF​ កន្លង​ទៅ​លើ​ឆាក​អន្តរជាតិ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​ក៏​នៅ​មាន​កីឡាករ​ចាស់​ៗ​មួយ​ចំនួន​ និង​កីឡាករ​ថ្មី​ផង​ដែរ​ ដែល​ពួកគេ​ហ្វឹកហាត់​យ៉ាងសកម្ម​លើ​វិញ្ញាសា​របស់​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ។​ ជាក់ស្ដែង​ការ​តាមដាន​នៃ​ការ​ហ្វឹកហាត់​ឯកឧត្ដម​មើល​ឃើញ​វិញ្ញាសា​ជា​ច្រើន​ដែល​សង្ឃឹម​ដណ្ដើម​ជ័យជម្នះ​ ប៉ុន្តែ​ក៏​មាន​ការ​បារម្មណ៍ដែរ​ចំពោះ​ប្រទេស​ប្រកួត​ប្រជែង​ដូច​ជា​ម្ចាស់​ក្បាច់​គុន​កូរ៉េខាងជើង​ រុស្សី​ កាហ្សាក់ស្ថាន ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ មក​ចូលរួម​ច្រើន​លើក​នេះ។​

បញ្ជាក់​ដែរ​ថា​ ប្រតិភូ​ ឯកឧត្ដម​ កែវ​ រ៉េមី​ ដឹកនាំ​កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា​ ចេញ​ទៅ​ប្រកួត​ផ្ទាល់​តែ​ម្ដង។​ សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១០​ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ ឯ​ប្រទេស​ឥណ្ឌា​នេះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​ ១៧នាក់៕​

អត្ថបទ៖ នួន ស៊ីណា​