Toyota អាចនឹងឈប់ផលិតរថយន្តចំហេះក្នុងសុទ្ធឆាប់ៗ តែក៏មិនហក់ចូលភ្លាមទៅ EV ដែរ គឺ​ផ្តោតលើ​ប្រភេទ​ម៉ាស៊ីនមួយនេះ

  • 2024-08-22 03:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ ក្រុមហ៊ុន Toyota មិនទាន់បាន​ប្រកាសបញ្ជាក់ទេថា នឹង​ឈប់ផលិតរថយន្តចំហេះក្នុងសុទ្ធ នៅពេលណាឡើយ ហើយក៏មិនទាន់ហ៊ានផ្តោតខ្លាំងទៅលើរថយន្តអគ្គិសនីដែរ។ យ៉ាងណាមិញ អ្វីដែលគេ​អាចដឹងបាន​ពីក្រុមហ៊ុនយក្សជប៉ុនមួយនេះ គឺ​ការផ្តោតទៅលើរថយន្ត Hybrid ពោលគឺ​ Toyota នឹងបញ្ឈប់ការផលិតរថយន្តប្រើសាំង-ម៉ាស៊ូតសុទ្ធម្តងមួយ ដោយ​បញ្ចេញ​តែរថយន្តមានជម្រើស Hybrid តែមួយប៉ុណ្ណោះ។

ប្រភព​មួយ​ដែលបង្ហើបប្រាប់ Reuter បានឱ្យដឹងថា រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៦ នឹងមានតែជម្រើស Hybrid មួយគត់ លែងមានជម្រើសប្រើសាំងសុទ្ធដូចស៊េរីមុនៗទៀតហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ប្រសិនបើព័ត៌មាន​នេះជាការពិត នោះវានឹងធ្វើឱ្យ RAV4 ក្លាយជារថយន្តទី៤ ដែលលែងមានជម្រើសប្រើសាំងសុទ្ធ បន្ទាប់ពី Yaris Cross, C-HR និង Camry ហើយនេះ​មិនរាប់បញ្ចូល​ម៉ូឌែល Prius ឡើយ។

សូមរំលឹកថា កាលពីចុងឆ្នាំ២០២៣  ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត Sedan ដ៏មហាល្បីល្បាញ​ និងលក់ដាច់បំផុតគឺ Camry 2025 ជំនានទី៩ ដែល​បានកែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែល​គួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវា​មកតែជាមួយជម្រើសប្រើ Hybrid តែមួយ​ប៉ុណ្ណោះ។ ពេលនោះ Toyota បានបញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់ខ្លួន​ដែលនាំយកតែ​ម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺ​បង្ហាញ​ថា ជាការ​ព្រមទទួលយក​បច្ចេកវិទ្យានេះ​មកប្រើ ក្នុងអំឡុងពេល​ប្រេងសាំងឡើងថ្លៃ ហើយ​ក្រុមហ៊ុន​ក៏បាន​ដឹងពី​អារម្មណ៍​អតិថិជន​ដែល​ត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់​លើ​រថយន្ត Sedan ស៊េរីថ្មីនេះដែរ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ ក្នុងចំណោម​រថយន្តដែលបានលក់នៅអាមេរិក ក្នុងនោះមាន ៣៧% ហើយ ដែល​ជាប្រភេទរថយន្ត Hybrid និងរំពឹងថាឡើងដល់ជាង ៥០% នៅឆ្នាំក្រោយ។ ការផ្តោតទៅលើរថយន្ត Hybrid នេះ ក៏ជួយឱ្យ Toyota ទទួលបានផលប្រយោជន៍ពី​ច្បាប់បញ្ចេញផ្សែង​របស់អាមេរិកផងដែរ។

បើតាមលោក Akio Toyoda ប្រធាន​ក្រុមប្រឹក្សាភិបាល Toyota បានលើកឡើង​កាលពីខែមករាកន្លងទៅថា ចំណែកទីផ្សារ​ EV សាកល នឹងមានតែ ៣០% ប៉ុណ្ណោះ ហើយ Toyota ជឿជាក់ថា មាន​ជម្រើសប្រភេទរថយន្តច្រើន ក្រៅពី EV ដែលជួយដល់បរិស្ថាន រួមមាន Hybrid, អ៊ីដ្រូសែន និងចំហេះបៃតងផ្សេងៗទៀត៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី