មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ប្រកាសបើកនៅព្រឹកនេះ ក្រោមវត្ដមានផលិតករជាតិ និងអន្ដរជាតិល្បីៗ

  • 2024-08-24 07:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ បានបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ មហោស្រពដែលមានផលិតករជាតិ និងអន្ដរជាតិ ព្រមទាំងវិស័យឯកជនចូលរួមនៅឆ្នាំនេះ បានផ្តល់ឱកាសកាន់តែទូលំទូលាយសម្រាប់ផលិតករចែករំលែកបទពិសោធន៍គ្នា និងបង្ហាញគោលដៅថ្មីក្នុងឧស្សាហកម្មភាពយន្ដចម្រុះ នៃសិល្បៈវប្បធម៌។

តាមរយៈអ្នកបកប្រែ លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២ នៅកម្ពុជា បញ្ជាក់ថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលមហោស្រពនៅលើទឹកដីកម្ពុជា។ បន្ទាប់ពីបានរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ីនេះចំនួនពីរលើករួចមកធ្វើឱ្យប្រទេសក្នុងតំបន់អ៊ឺរ៉ុបមានការចាប់អារម្មណ៍ច្រើនលើវិស័យភាពយន្តក្នុងបណ្ដាប្រទេស នៃតំបន់អាស៊ីដែលបានចូលរួម។

បើតាមលោក Malcolm Clarke ប្រទេសចិនបានចាប់អារម្មណ៍ខ្លាំងចំពោះមហោស្រពនេះ ព្រោះខ្លួនជាទីផ្សារធំសម្រាប់វិស័យភាពយន្តកម្ពុជា។ នៅពេលដែលគេវាយលុកទីផ្សារប្រទេសចិនមួយ គឺប្រទេសអាស៊ីទាំងមូលអាចយល់ដឹងពីភាពយន្តកម្ពុជាដូចគ្នា។ ជាមួយគ្នានេះ លោកក៏ចែករំលែកបទពិសោធន៍ថា ការផលិតភាពយន្តនីមួយៗគឺផលិតករទាំងអស់ត្រូវតែយល់ពីទឹកចិត្ត ពីបេះដូង របស់ទស្សនិកជន។

បើតាមមន្ត្រីក្រសួងវប្បធម៌ ការរៀបចំកម្មវិធី “មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២” គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិកាសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនីប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើនតាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២នេះ គឺមានការសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី។ ដូចការគ្រោងទុកមហោស្រពឆ្នាំនេះ មានការចាក់បញ្ចាំងភាពយន្តចូលរួមប្រកួតនៅតាមរោងភាពយន្តសហការមួយចំនួនចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៥ ខែសីហា។

ដោយឡែកពិធីចែកពានរង្វាន់ “មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ឆ្នាំ២០២៤” នឹងរៀបចំ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នាសាលសន្និបាត PH Grand Hall ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី