តារាស្រីវ័យចំណាស់ ២ដួង ធ្វើឲ្យមហាជនស្រែកគាំទ្រ ស្ទើរភ្លាត់សំឡេងក្នុងពិធីប្រកាសពានរង្វាន់មហោស្រពភាពយន្ដកម្ពុជា-អាស៊ី

  • 2024-08-26 08:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្ដកម្ពុជា អាស៊ីលើកទី២ បានបើកដំណើរការ និងបិទបញ្ចប់ទៅវិញដោយរលូន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ ចាប់ផ្ដើមដំណើរការកម្មវិធីតាំងពីកិច្ចពិភាក្សារវាងផលិតករជាតិ និងអន្ដរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធក្នុងវិស័យភាពយន្ដ រហូតដល់ការប្រកាសពានរង្វាន់ជាច្រើនផ្នែកក្នុងវិស័យសិល្បៈ ភាពយន្ដ មហោស្រពបានរកឃើញម្ចាស់ជយលាភីឆ្នើមៗ ដោយក្នុងនោះក៏មានតារាស្រីវ័យចំណាស់ ២ដួង ផងដែរ។

១/ តារាសម្ដែងស្រី អុន សុភឿន ហៅគ្រត ដែលប្រឡូក្នុងអាជីពសម្ដែងជិត ៣០ឆ្នាំ ត្រូវបានពិធីករប្រកាសឈ្មោះឲ្យឡើងទទួលពានរង្វាន់ “តារាស្រីមានប្រជាប្រិយភាព ហើយទទួលបានការគាំទ្រច្រើន“ ប្រចាំឆ្នាំ២០២៤។ ទាំងដំណើរឡើងលើឆាកទទួលពានរង្វាន់ និងសម្ដីប្រកបដោយថាមពល អ្នកស្រី អុន សុភឿន បានអគុណដល់អ្នកគាំទ្រ និងគណៈកម្មការ នៃមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ដែលបានប្រគល់ពានរង្វាន់នេះ។

២/ តារាសម្ដែងស្រី ឌី សាវ៉េត ដែលអ្នកសិល្បៈដូចគ្នាបានផ្ដល់រហស្សនាមឲ្យថា “ផ្ការីកគ្រប់រដូវ” ក៏ត្រូវបានគណៈកម្មការ នៃមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ សម្រេចផ្ដល់ពានរង្វាន់ដូចគ្នាទៅនឹងអ្នកស្រី អុន សុភឿន ដែរ។

ប៉ុន្ដែក្នុងពេលប្រកាសឡើងទទួលពានរង្វាន់នេះ សាមីខ្លួន គឺអ្នកស្រី ឌី សាវ៉េត មិនបានឡើងទទួលពានរង្វាន់នោះដោយផ្ទាល់ទេ ប៉ុន្ដែសំឡេងហ៊ោកញ្ជៀវអបអរសាទរនូវជ័យជំម្នះនេះ បានផ្ដល់កម្លាំងចិត្ដយ៉ាងខ្លាំងបន្ថែមទៀតដល់អ្នកស្រី ឌី សាវ៉េត។

ក្រៅពីតារាសម្ដែងស្រីវ័យចំណាស់ទាំងពីរដួងនេះ ក៏នៅមានតារាៗ និងផលិតករជាតិ-អន្ដរជាតិជាច្រើនរូបទៀតដែរ ត្រូវបានគណៈកម្មការសម្រេចផ្ដល់ពានរង្វាន់ ក្រោមក្រសែភ្នែកមនុស្សរាប់រយនាក់ដែលបានចូលរួមក្នុងពិធីប្រកាសនេះ នៅសាលសន្និសីទ PH របស់បុរី ប៉េង ហួត បឹងស្នោរ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

សូមរំលឹកថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយមិត្ដចិន ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌វាយតម្លៃខ្ពស់ ហើយជំរុញឲ្យមានមហោស្រពនេះនៅឆ្នាំក្រោយៗទៀត។

រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម សោម សុគន្ធ ចាត់ទុក មហោស្រពភាពយន្តកម្ពុជាអាស៊ី ជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃសិល្បៈវប្បធម៌ តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។ សកម្មភាពនេះ ក៏បានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុង វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕

ជិន សុភ័ក្ដ្រ