​​រឿង១០យ៉ាង​ដ៏គួរ​ឱ្យចាប់​អារម្មណ៍ ដែល​អ្នកមិនធ្លាប់​ដឹងពីអង្គការ​សហប្រជាជាតិ

  • 2024-08-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសហប្រជាជាតិ (UN) គឺ​ជាអង្គការ​អន្តរជាតិមួយ​ ដែល​បង្កើត​ឡើង​នៅក្រោយ​សង្គ្រាម​លោកលើកទី២ ក្នុងឆ្នាំ​១៩៤៥ ដើម្បី​រក្សា​សន្តិភាព​សាកល មនុស្សធម៌ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​នានាជាដើម។ អង្គការ​នេះ ក៏ជាវេទិកា​មួយ​សម្រាប់​ឱ្យប្រទេស​នានា​បញ្ចេញ​ទស្សនៈ និងបញ្ហា​ទាំងឡាយ​ ដើម្បី​រួមគ្នាដោះស្រាយផងដែរ តាមរយៈការរៀបចំ​មហាសន្និបាតប្រចាំ​ឆ្នាំរបស់ខ្លួន ខណៈរដ្ឋជាសមាជិក មានចំនួន ១៩៦។

ជាមួយ​នឹង​អាយុកាលជិត ៨០ឆ្នាំ និង​សមាជិកដ៏ច្រើនបែបនេះ UN មានរឿងរ៉ាវជាច្រើនដែលគួរឱ្យអារម្មណ៍ ហើយក្នុងនោះ យើងសូមលើកយកតែ ១០ចំណុច​មកបង្ហាញ​ដូចខាងក្រោម៖

១. ភាសាផ្លូវការរបស់ UN មានចំនួន ៦ គឺ អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ។

២. តំណាងប្រទេស​ឥណ្ឌា លោក V.K. Krishna Menon ជាប់​កំណត់ត្រាពិភពលោក ជាអ្នកថ្លែងសុន្ទរកថាយូរជាងគេបង្អស់​ក្នុងប្រវត្តិសាស្រ្ត UN រយៈពេល ៨ម៉ោង នៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ​១៩៥៧ លើបញ្ហាតំបន់​កាស្មៀ។

៣. ឥណ្ឌូណេស៊ី ជាប្រទេស​តែមួយគត់​ដែល​សម្រេច​ចិត្តចាកចេញពី UN ក្នុងឆ្នាំ​១៩៦៥ ដោយសារមានជម្លោះ១​ជាមួយ​ម៉ាឡេស៊ី។ ប៉ុន្តែចុងឆ្នាំនោះ ឥណ្ឌូណេស៊ី ក៏សម្រេច​ចិត្តចូល UN វិញ។

៤. មកទល់ពេលនេះ ដែនដីចំនួន៣ ដែល​មិនទាន់អាចក្លាយ​ជាសមាជិក UN រួមមាន កូសូវ៉ូ (មិនត្រូវបានការទទួលស្គាល់គ្រប់គ្រាន់), តៃវ៉ាន់ ដែល​ប្រទេស​ភាគច្រើន​បំផុត​ នៅតែទទួលស្គាល់គោលនយោបាយចិនមួយ និង វ៉ាទីកង់ ដែល​ជាទឹកដីសាសនា។

៥. ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ គឺ​ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៦ រដ្ឋជាសមាជិក UN ដល់ទៅចំនួន ១៧៤ បាន​ចុះកិច្ចព្រមព្រៀងទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ Paris Agreement។

៦. បច្ចុប្បន្ន UN មាន​បេសកកម្មថែរក្សាសន្តិភាព​ចំនួន១២ ដែល​មានមនុស្សចូលរួម​ជាង ៩ម៉ឺននាក់ ក្នុងនោះ​ប្រទេសចំនួន ១២៥ បាន​ផ្តល់​ទាហាន ប៉ូលិស និង​បុគ្គលិកស៊ីវិល។

៧. ទីស្នាក់ការ​កណ្តាល​របស់​ UN គឺ​ស្ថិត​នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងបន្ទប់​ប្រជុំ គឺ​មានពណ៌បៃតង និងមាស កម្ពស់ ២២ម៉ែត្រ និងកៅអីចំនួន ១៨៩៨។

៨. UN ក៏មានទីស្នាក់ការ​ប្រចាំតំបន់​ចំនួន៣ទៀតផងដែរ គឺ​នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ក្រុងវ៉្យែន ប្រទេសអូទ្រីស និង​ក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៩. UN មាន​សមាជិក​អាចិន្រ្តៃយ៍​ចំនួន៥ គឺ​ សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង និងចិន។

១០. ទង់ និងនិមិត្ត​សញ្ញារបស់ UN ដែល​មានពណ៌ស និងខៀវ គឺមិនដែលផ្លាស់ប្តូរម្តងណាឡើយ បន្ទាប់ពីអនុម័តឱ្យប្រើប្រាស់​តាំងពីឆ្នាំ​១៩៤៦មក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី