តើ​ការហោះហើរ Flight Inspection នៅព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើង​ដើម្បីអ្វី?

  • 2024-09-09 02:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើជាអធិបតីភាព​ក្នុងពិធីហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៤។

ការហោះហើរ​សម្រាប់ Flight Inspection ឬការហោះហើរសាកល្បងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាប្រតិបត្តិការ​ដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន​ដែលបាន​បំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍នាំផ្លូវអាកាស(Air Navigation) ប្រព័ន្ធរ៉ាដា(Radar Approach) និងប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងចំណាយ ១៥០០លានដុល្លានេះ បែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះដែល​អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុង១ឆ្នាំ៕

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

អត្ថបទថ្មី