ចេញហើយ iPhone 16 បំពាក់​ប៊ូតុងកាមេរ៉ាជាលើកដំបូង ​​និង Apple Intelligence ក្នុងនោះ 16 Pro និង 16 Pro Max មានអេក្រង់ធំជាងមុន

  • 2024-09-10 03:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ​ស្មាតហ្វូនរបស់ខ្លួន​ហើយ ចំនួន៤ម៉ូឌែល គឺ iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max។

Apple បាន​ហៅថា វាជាយុគសម័យថ្មីដ៏រំភើប​ ដោយសារតែការឌីហ្សាញ​ថ្មី ពោលគឺមានអេក្រង់ធំជាងមុន (សម្រាប់ 16 Pro និង 16 Pro Max) ជាពិសេស​គឺបំពាក់​មក​ជាមួយ​ប៊ូតុងកាមេរ៉ាជាលើកដំបូង ដែលជួយឱ្យចូលទៅកាន់កន្លែងថតរូបបានលឿន និងមាន​មុខងារ Apple Intelligence ទៀតផង។

​iPhone 16 Pro មានអេក្រង់ទំហំ ៦,៣អ៊ីញ និង iPhone 16 Pro Max មានអេក្រង់ទំហំ ៦,៩ ដែលធំជាងអេក្រង់របស់ iPhone 15 Pro ៦,‌១អ៊ីញ និង iPhone 15 Pro Max ៦,៧អ៊ីញ ព្រមទាំងមានគែមស្តើងជាងមុនផងដែរ។ ចំណែក iPhone 16 និង iPhone 16 Plus រក្សាទំហំអេក្រង់ដដែល គឺ ៦,១អ៊ីញ និង ៦,៧អ៊ីញ។

ចំពោះទំហំថ្មរបស់ iPhone ទាំង៤ មិនត្រូវបានទម្លាយ​ឱ្យដឹងឡើយ ប៉ុន្តែ Apple បាន​អះអាងថា iPhone 16 Pro Max គឺមានថ្ម​ដែលកាន់បានយូរបំផុត។

ចំណែកបន្ទះឈីបវិញ iPhone 16 Pro និង 16 Pro Max បំពាក់ឈីប A18 Pro ខណៈ iPhone 16 និង 16 Plus បំពាក់ឈីប A18។ យ៉ាងណាមិញ iPhone ទាំង៤នេះ នឹងមកជាមួយស្រាប់ iOS 18 ដូចគ្នាតែម្តង។

សម្រាប់ទំហំកាមេរ៉ា៖

-iPhone 16 Pro និង 16 Pro Max: កាមេរ៉ាក្រោយ ៤៨MP (Wide), ១២MP (telephoto), ៤៨MP (Ultrawide) និងកាមេរ៉ាមុខ ១២MP (Wide)។

-iPhone 16 និង 16 Plus: កាមេរ៉ាក្រោយ ៤៨MP (wide), ១២MP (ultrawide) និងកាមេរ៉ាមុខ ១២MP (wide)។

សម្រាប់មុខងារ Apple Intelligence សម្រាប់ iPhone ទាំង៤ នឹង​មកដល់ខែក្រោយ សម្រាប់​តំបន់​ជាច្រើន​ក្នុងពិភពលោក ដែលរួមមាន Writing Tools, Recording, transcribing និង summarizing audio, summarized notifications, Priority Messages in Mail, email summaries, redesigned Siri with richer understanding capabilities និង typing to Siri ជាដើម៕

អត្ថបទ៖ សំភី