ជប៉ុន ជាក្រុមបាល់ទាត់ជម្រើសជាតិជាប់លេខ១ នៅទ្វីបអាស៊ី
- 2024-09-10 12:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន ជាក្រុមបាល់ទាត់ជម្រើសជាតិជាប់លេខ១ នៅទ្វីបអាស៊ី
ចន្លោះមិនឃើញ
វិស័យបាល់ទាត់នៅប្រទេសទ្វីបអាស៊ីភាគច្រើនហាក់ដូចជាមិនសូវលូតលាស់ប៉ុន្មានទេ ដោយសារតែបញ្ហាជាច្រើន ជាពិសេសគឺអភិបាលកិច្ចបាល់ទាត់ និងវប្បធម៌នៃការលេងកីឡានេះតែម្ដង។ យ៉ាងណាមិញ មានប្រទេសអាស៊ីមួយចំនួនហាក់មានស្តង់ដាពិភពលោក ដោយសារកត្តាជាច្រើន ដែលក្នុងនោះកត្តាមួយគឺកីឡាកររបស់ប្រទេសទាំងនោះមានឱកាសលេងនៅទ្វីបអឺរ៉ុបដែលមានលីគជាច្រើនដែលជាលីគលំដាប់ពិភពលោក។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទ្វីបអាស៊ី ក្រុមបាល់ទាត់ជម្រើសជាតិដែលជាប់លេខ ១ នៅក្នុងតារាងចំណាត់ថ្នាក់ FIFA នោះគឺ ក្រុមជម្រើសជាតិជប៉ុន។
ក្រុមជប៉ុននៅពេលនេះដែរ កំពុងតែឈរលេខ ១៨នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ដោយពេលនេះកំពុងតែមាន ១ ៦២១ពិន្ទុ។
ជប៉ុនកំពុងតែនាំមុខអាស៊ីខាងបាល់ទាត់នេះអស់រយៈពេលជាច្រើនឆ្នាំមុខហើយ ដោយចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសនេះជាប់លេខ ១ ជាប់រហូត លើកលែងតែនៅឆ្នាំ២០២១ ទេ ដែលប្រទេសនេះជាប់លេខ ២ ហើយអ៊ីរ៉ង់ជាប់លេខ ១។
ចាប់តាំងពីចំណាត់ថ្នាក់ FIFA ត្រូវបានគេកត់ត្រាជាផ្លូវការនៅឆ្នាំ១៩៩២មក ជប៉ុនជាប់លេខ ១ នៅទ្វីបអាស៊ីលើកដំបូងនៅឆ្នាំ១៩៩៥។ ប្រទេសនេះធ្លាប់បង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិ រហូតធ្លាប់ជាប់លេខ ៩ ចំណាមសមាជិក FIFA ជិត ២០០សមាគមបាល់ទាត់។
សូមជម្រាបផងដែរ សមាជិកក្រុមជម្រើសជាតិជប៉ុននៅពេលបច្ចុប្បន្ននេះភាគច្រើនលេងនៅទ្វីបអឺរ៉ុបដែលរួមមានខ្សែបម្រើការពារ Wataru Endo ដែលពេលនេះកំពុងលេងនៅ Liverpool ហើយដើរតួជាប្រធានក្រុមជប៉ុន។ ក្រៅពី Endo មានកីឡាករមួយចំនួនទៀតលេងនៅលីគហុល្លង់ ព័រទុយហ្គាល់ ប៊ែលហ្សិក បារាំង អេស្ប៉ាញ ជាដើម៕