ស្មានឆៃ តារាចម្រៀងខ្មែរសុរិន្ទ រក្សាបានប្រជាប្រិយភាពច្រើនឆ្នាំ ត្រៀមបង្កើតស្នាដៃថ្មីៗជាមួយតារាៗ​ នៅកម្ពុជា

  • 2024-09-13 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូកក្នុងអាជីពចម្រៀងជាង ៤០ឆ្នាំ តារាចម្រៀងខ្មែរសុរិន្ទ ស្មានឆៃ សៀងរាក់ឆំ នៅតែបន្ដក្ដីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀនសិល្បៈផ្នែកចម្រៀងសម័យ ដោយបន្សល់ទុកនូវធនធានសិល្បករ ស្នាដៃទំនុកចម្រៀង ព្រមទាំងចម្រៀងជាច្រើនបទ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗ។

គិតត្រឹមឆ្នាំ២០២៤ នេះ ស្មានឆៃ បាននិពន្ធទំនុកច្រៀង និងទំនុកភ្លេង ហើយបកស្រាយបទចម្រៀងដោយខ្លួនឯងជាង ១០០បទហើយ។ ក្រោយលេចមុខក្នុង MV ដែលច្រៀងរួមគ្នារវាងលោក មាស សាលី និងថាច់ សាថេន ក្នុងបទ “ចង់ជួបបងប្អូនយើងវិញ” ហើយទទួលបានការគាំទ្រច្រើននៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ស្មានឆៃ បញ្ជាក់ថា រូបលោកនឹងបន្ដចាប់ដៃគូចម្រៀងជាមួយតារាចម្រៀងនៅកម្ពុជាជាច្រើនបទបន្ដទៀត។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកនឹងឡើងមកកម្ពុជា ដើម្បីថតចម្រៀងអបអរសាទរក្នុងឱកាសពីធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមួយបទជាមួយលោក ថាច់ សាថេន។ ទោះជាយ៉ាងណា ខ្លឹមសារ និងចំណងជើងបទចម្រៀងមិនទាន់ត្រូវបានលោក ស្មានឆៃ ឬលោក ថាច់ សាថេន បង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្ដែចំពោះទីតាំងថតវិញ គឺបញ្ជាក់យ៉ាងខ្លីថា នឹងថតនៅលើទឹកដីកម្ពុជា។

បើទោះបីជាកើត និងរស់នៅលើទឹកដីសុរិន្ទ ប៉ុន្ដែស្មានឆៃ បាននិពន្ធ និងច្រៀងសុទ្ធតែជាបទមនោសញ្ចេតនា និងបទកន្ទឹមខ្មែរទាំងអស់។ តាមរយៈគណនីហ្វេសប៊ុករបស់លោកដែលបានបង្ហោះវីដេអូបទចម្រៀងជាច្រើនកន្លងមក គឺបង្ហាញថាចំនួនអ្នកចូលទស្សនាភាគច្រើនជាអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា។ ដោយមើលឃើញលទ្ធផលបែបនេះ ទើបលោកនៅបន្ដផលិត និងចង់ចាប់ដៃគូច្រៀងឲ្យបានកាន់តែច្រើនជាមួយអ្នកច្រៀងរស់នៅកម្ពុជាកណ្ដាល ឬខ្មែរនៅកម្ពុជាក្រោម។

ក្នុងវ័យ ៦០ឆ្នាំ ស្មានឆៃ នៅតែអាចច្រៀង និងសម្ដែងបានយ៉ាងរស់រវើកជាមួយតារាចម្រៀងល្បីៗទាំងនៅប្រទេសថៃ និងកម្ពុជា។ ក្នុងនាមជាតារាចម្រៀងខ្មែរសុរិន្ទរក្សាបានប្រជាប្រិយភាពច្រើនឆ្នាំ រូបលោកក៏ធ្លាប់ចម្រៀងរួមគ្នា និងចូលរួមសកម្មភាពសិល្បៈផ្សេងៗជាមួយលោក ឃុង ឃុយ ចេន សាយចៃ និងសុង សែង ជាញឹកញាប់ដែរ។ រីឯនៅក្នុងប្រទេសកម្ពុជាវិញ គេឃើញវត្ដមានរបស់លោកញឹកញាប់ជាមួយតារាចម្រៀង មាស សាលី និងថាច់ សាថេន តាមរយៈការផលិតបទចម្រៀងរួមគ្នាជាបន្ដបន្ទាប់។

បើតាមលោក ស្មានឆៃ សៀងរាក់ឆំ ម្ដាយរបស់លោកគឺជាសិល្បការិនីផ្នែកចម្រៀងហ្គែនដ៏ល្បីមួយរូបដែរ។ បន្ដមកដល់កូនចៅ គឺមានតែរូបលោកម្នាក់គត់ដែលចាប់អាជីពចម្រៀង ក្នុងចំណោមបងប្អូន ៥នាក់ ប្រុស៣ និងស្រី ២នាក់។ ប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៨២ ស្មានឆៃ ថាលោកធ្លាប់ច្រៀងក្នុងកម្មវិធីវិទ្យុជាច្រើនឆ្នាំ ហើយទើបមកសម័យក្រោយៗដែលបច្ចេកវិទ្យាកាន់តែទំនើប ទើបលោកមានឱកាសបានឡើងឆាក និងផលិតចម្រៀង ដើម្បីបញ្ចេញតាមបណ្ដាញសង្គមធ្វើឲ្យមហាជនស្គាល់លោកកាន់តែច្រើន។

ក្នុងចំណោមបទចម្រៀងទាំងជាង ១០០បទ ដែលភាគច្រើនជាស្នាដៃនិពន្ធទំនុកច្រៀង និងទំនុកភ្លេងដោយខ្លួនឯងនោះ ស្មានឆៃ ត្រូវបានប្រជាជនខ្មែរស្គាល់លោកតាមរយៈមួយចំនួនដូចជា៖ បទ “ក្របីជល់ចេក” “មង្គលចងដៃ” “ខ្ទមយោល” “ភ្លេងដូនតា” និងបទ “បែកស្រុក”ជាដើម៕

ជិន សុភ័ក្ដ្រ