ធនាគារ វីង ជំរុញការឈ្វេងយល់ពីសារៈសំខាន់នៃប្រវត្តិសាស្រ្ត និងរូបិយវត្ថុនៅសារមន្ទីរ​ ស.ស.រ

  • 2024-09-19 02:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វីង បានផ្តល់ការគាំទ្រសិស្សវិទ្យាល័យចំនួន២.០០០នាក់​ ដែលអនុញ្ញាតឱ្យពួកគេសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាពីសម័យបុរេប្រវត្តិរហូតដល់សម័យទំនើបនៅសារមន្ទីរ​ ស.ស.រ។

សំណង់អាគារដែលមានរចនាបថសម័យបារាំងដ៏វ័យចំណាស់មួយឋិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ នោះគឺសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលបច្ចុប្បន្នគេស្គាល់ថាជាសារមន្ទីរ​ ស.ស.រ បានលាតត្រដាងពីការវិវត្តនៃសេដ្ឋកិច្ច និងប្រព័ន្ធរូបិយវត្ថុរបស់កម្ពុជាដែលមានអាយុកាលជាង​២០០០ឆ្នាំ ដោយគិតចាប់ពីសម័យហ្វូណន រហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាការឈ្វេងយល់ពីការវិវត្តនៃប្រព័ន្ធរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាអាចបណ្តុះនូវស្មារតីមោទនភាព និងប្រកបដោយ​សុទិដ្ឋិនិយមទៅដល់យុវជនកម្ពុជា។”

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “មេរៀនពីអតីតកាលគឺបៀបបានទៅនឹងពន្លឺនៃក្តីសង្ឃឹម ដែលផ្តល់នូវថាមពលទៅដល់យុវជនសម្រាប់កំណត់ជោគវាសនារបស់ពួកគេ។”

កន្លងទៅថ្មីៗនេះ ធនាគារ វីង តាមរយៈសមាគមធនាគារនៅកម្ពុជា បានឧបត្ថម្ភសិស្សានុសិស្សចំនួន២.០០០នាក់ មកពីវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ពួកគេសិក្សាឈេ្វងយល់ពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា នៅសារមន្ទីរ ស.ស.រ។

បង្កើតឡើងក្នុងឆ្នាំ២០១៩ សារមន្ទីរនេះបានប្រមូលផ្តុំនូវកំណប់ទ្រព្យដ៏មានតម្លៃនិងសម្បូរបែបជាច្រើន ដែលអនុញ្ញាតឱ្យអ្នកទស្សនារីករាយជាមួយទស្សនីយភាពបែបនិម្មិត ទូតាំងនិងផ្ទាំងបង្ហាញជារូបភាពវីដេអូចម្រុះ ហ្គេមអន្តរកម្មសម្រាប់កម្សាន្ត ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងកាហ្វេអមដោយទេសភាពសួនច្បារដ៏ស្រស់ស្អាត ដែលទាំងអស់នេះគឺឋិតនៅក្នុងបរិវេណអគារប្រវត្តិសាស្រ្តដែលជាអតីតនៃសាលាក្រុងភ្នំពេញក្នុងកំឡុងសម័យកាលអាណាព្យាបាលបារាំង។

ការដាក់តាំងបង្ហាញវត្ថុដែលមានលក្ខណរស់រវើកនៅក្នុងសារមន្ទីរនេះត្រូវបានពណ៌នាជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស ដែលផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ ទទួលបាននូវព័ត៌មានដ៏សម្បូរបែប។ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៀតនោះ អ្នកទស្សនាក៏អាចជ្រើសរើសមគ្គុទេសក៍ជាសំឡេងដែលមានជាច្រើនភាសារួមមាន៖ ភាសាខ្មែរ, ចិន, ​បារាំង, ជប៉ុន និងភាសាអង់គ្លេស ហើយក៏អាចរីករាយជាមួយការទស្សនាវីដេអូដោយបង្ហាញពីការធ្វើកំណាយបុរាណដ្ឋាននៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្រ្តដ៏សម្បូរបែបនៅក្នុងតំបន់ថែមទៀតផង។

ការស្រាវជ្រាវជាច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ជិត​អង្គរបុរី ដែលជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរនាសម័យ​ហ្វូណន។ ការសិក្សាទាំងនោះបានបង្ហាញថា អាណាចក្រខ្មែរមុនសម័យអង្គរគឺមានទំនាក់ទំនងក្នុងការប្រើប្រាស់ប្រាក់កាស។ វត្តមានប្រាក់កាសបុរាណទាំងនោះគឺមកពីចក្រភពរ៉ូម៉ាំង ឥណ្ឌូ-ក្រិច និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាតឹកតាងនៃទំនាក់ទំនងរបស់នគរហ្វូណនជាមួយប្រជាជាតិទាំងនោះ។

នៅសតវត្សរ៍ទី១៦ ក្រោមរជ្ជកាលព្រះបាទស្រីជេដ្ឋា ឬហ្លួងព្រះស្តេចកន ការបោះផ្សាយកាសមាស និងប្រាក់ដែល មានរូបនាគជានិមិត្តសញ្ញាសម្គាល់ គឺជាសម័យកាលផ្តើមដ៏សំខាន់នៅក្នុងអាណាចក្រខ្មែរ ដោយពេលនោះកាស “ស្លឹង” បានក្លាយជារូបិយវត្ថុដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ​ប្រាក់កាសទាំងនេះ ជាឯកតារូបិយវត្ថុដាក់ឱ្យប្រើប្រាស់មុនគេនៅកម្ពុជា​ មិនត្រឹមតែបានដាក់ឱ្យចរាចរណ៍យ៉ាងទូលំទូលាយនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកត្តាលីករបង្កើនទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។​

លុះមកដល់សតវត្ស​ទី ១៩ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមាន ការផ្លាស់ប្តូរដ៏សំខាន់មួយទៀត ដោយបានដាក់ឱ្យប្រើប្រាស់នូវក្រដាសប្រាក់ក្រោមអាណាព្យាបារាំង នោះគឺក្រដាសប្រាក់​ “ព្យ៉ាស់” ត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំ ១៨៥៩ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយទៀតនៅក្នុងទិដ្ឋភាពរូបិយវត្ថុរបស់កម្ពុជានាពេលនោះ។ ក្រោយមកទៀត ក៏មានការផ្លាស់ប្តូរទៅជាប្រាក់រៀលនៅក្នុងឆ្នាំ១៩៥៣ ដែលបង្ហាញពីការរំដោះខ្លួនចេញពីអាណានិគមបារាំង​ ដោយត្រូវបានចារទុកនៅក្នុងជំពូកដ៏សំខាន់មួយនៃរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

​ប្រាក់កាស និងក្រដាសប្រាក់នីមួយៗនៅក្នុងប្រទេសកម្ពុជា គឺបានបង្កប់នូវរឿងរ៉ាវដែលបង្ហាញពីភាពធន់ ភាពប៉ិនប្រសប់ និងអធិបតេយ្យភាពជាតិ ដែលកត្តាទាំងនេះនឹងជួយបំផុសគំនិតយុវជនជំនាន់ក្រោយឱ្យរៀនទទួលយកនូវអ្វីដែលជាអត្តសញ្ញាណជាតិរបស់ខ្លួន។ ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារជាតិ នៃកម្ពុជាចំពោះការលើកកម្ពស់ប្រាក់រៀលក្នុងការធ្វើប្រតិបត្តិការទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈប្រព័ន្ធទូទាត់ដ៏មានភាពច្នៃប្រឌិត KHQR ឆ្លុះបញ្ចាំងពីស័្វយភាព ក៏ដូចជាភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធរូបិយវត្ថុរបស់ប្រទេសក​ម្ពុជា។

ដោយមានទីតាំងងាយស្រួលរកនៅក្បែរនឹងអគារការិយាល័យ​ប្រៃសណីយ៍ស្ថិតតាមបណ្តោយរុក្ខវិថីលេខ ១០៦​ សារមន្ទីរ ស.ស.រ គឺជាតឹកតាងនៃបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ដោយទទួលបានការឧបត្តម្ភ និងគ្រប់គ្រងដោយធនាគារជាតិ នៃកម្ពុជា។​

បើកស្វាគមន៍អ្នកចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ សារមន្ទីរនេះផ្តល់ជូនសំបុត្រចូលទស្សនាដែលមានតម្លៃសមរម្យចន្លោះពី ២.០០០រៀល ទៅ ៤.០០០រៀលសម្រាប់ប្រជាជនកម្ពុជា និង ២០.០០០រៀលសម្រាប់ជនជាតិបរទេស ដែលអ្នកទស្សនាទាំងអស់អាចស្វែងយល់ពីកេរ្តិ៍ដំណែលនៃរូបិយវត្ថុរបស់កម្ពុជាដ៏មានភាពទាក់ទាញ៕