រដ្ឋ-ដែនដីណាខ្លះដែលសហរដ្ឋអាមេរិក បានទិញនិងវាយឈ្លានពានប្រទេសដទៃ

  • 2024-10-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានរដ្ឋសរុបទាំងអស់ចំនួន ៥០រដ្ឋ។ ប៉ុន្តែនៅពេលដែលបង្កើតប្រទេសដំបូង គឺមានតែ១៣រដ្ឋប៉ុណ្ណោះដែលស្ថិតនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក រួមមាន៖ New Hampshire, Massachusetts, Connecticut, Rhode Island, New York, New Jersey, Pennsylvania, Delaware, Maryland, Virginia, North Carolina, South Carolina and Georgia។ ក្រៅពីនោះជារដ្ឋដែលអាមេរិកវាយទន្ទា្រនបាន និងទិញពីប្រទេសដទៃ។ សូមមើលខាងក្រោម៖

  • ទឹកដីអាមេរិក កើនឡើងក្រោយសន្ធិសញ្ញាឆ្នាំ១៧៨៣ រវាងអាមេរិក និងអង់គ្លេស ក្នុងនោះអាមេរិកទទួលបានតំបន់ Great Lakes ដ៏ធំសម្បើមផងដែរ ពោលគឺព្រំដែនអាមេរិកពេលនោះ បានរំកិលកាន់តែធំ គិតចាប់ពីខាងជើង Florida និងចាប់ពីមហាមុទ្រអាត្លង់ទិក ទៅត្រឹមទន្លេ Mississippi។
  • កិច្ចព្រមព្រៀងរវាងអាមេរិក និងអង់គ្លេស ឆ្នាំ១៨១៨៖ អាមេរិក ទិញតំបន់ Red River Basin ហើយបច្ចុប្បន្នតំបន់នេះក្លាយទៅជាផ្នែកមួយនៃរដ្ឋ North Dakota និងរដ្ឋ Minnesota។
  • អាមេរិក និងអង់គ្លេស ឯកភាពកាន់កាប់ដែនដី Oregon រួមគ្នាក្នុងឆ្នាំ១៨៤៦។ តែក្រោយមកតំបន់នេះត្រូវបែងចែកគ្នាគ្រប់គ្រងត្រង់ខ្សែស្របទី៤៩។
  • សន្ធិសញ្ញា Guadalupe Hidalgo ឆ្នាំ១៨៤៨៖ អាមេរិកទទួលបានដែនដី Mexican ដោយធ្វើសង្គ្រាមឈ្នះម៉ិកស៊ីកូ។ បច្ចុប្បន្នដែនដីនេះ ជាផ្នែកនៃរដ្ឋ Arizona, California, New Mexico, Texas, Colorado, Nevada និង Utah។
  • អាមេរិក ទិញដែនដី Louisiana ពីបារាំង ក្នុងឆ្នាំ១៨០៣ តម្លៃ ១៥លានដុល្លារ (ប្រហែលជិត ៣២៣លានដុល្លារក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នដែនដីនេះជាផ្នែកនៃរដ្ឋ Arkansas, Missouri, Lowa, Minnesota, North Dakota, South Dakota, Nebraska, Oklahoma, Kansas, Montana, Wyoming, Colorado និង Louisiana។
  • ក្រោមសន្ធិសញ្ញា Adams-Onis អេស្ប៉ាញ បានសម្រេចលក់រដ្ឋ Florida ឱ្យអាមេរិក ក្នុងឆ្នាំ១៨១៩ តម្លៃ ៥លានដុល្លារ (ប្រហែល ៩៥លានដុល្លារ ក្នុងឆ្នាំ២០១៨) ព្រោះតែមិនចង់ធ្វើសង្គ្រាមជាមួយអាមេរិក។
  • តិចសាស់ (Texas)៖ ដើមឡើយជាទឹកដីរបស់ម៉ិកស៊ីកូ ប៉ុន្តែត្រូវក្រុមបះបោរបំបែកខ្លួន ហើយប្រកាសជាសាធារណរដ្ឋតិចសាស់ក្នុងឆ្នាំ ១៨៣៦។ ក្រោយមកសាធារណរដ្ឋនេះ សុំចូលជាផ្នែកមួយរបស់អាមេរិក។ ក្នុងឆ្នាំ១៨៤៤ ព្រឹទ្ធសភាអាមេរិក មិនហ៊ានទទួលយកទេ ព្រោះខ្លាចធ្វើឱ្យម៉ិកស៊ីកូខឹង។ ប៉ុន្តែនៅពេលដែលលោក James Polk ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ព្រមទាំងមានការគាំទ្រពីប្រជាជនផងនោះ អាមេរិក ក៏សម្រេចបញ្ចូលតិចសាស់ជារដ្ឋរបស់ខ្លួននៅឆ្នាំ១៨៤៥។
  • ទូតអាមេរិកឈ្មោះ James Gadsden បានចុះសន្ធិសញ្ញាទិញតំបន់មួយ ពីម៉ិកស៊ីកូ ក្នុងឆ្នាំ១៨៥៣ ឬហៅថា (Gadsden Purchase 1853) តម្លៃ ១០លានដុល្លារ (ប្រហែល ២៣០លានដុល្លារ ក្នុងឆ្នាំ២០១៨)។ បច្ចុប្បន្នតំបន់នេះ ជាផ្នែកនៃរដ្ឋ Arizona និង New Mexico។
  • អាឡាស្កា (Alaska)៖ អាមេរិក ទិញដែនដីនេះ (បច្ចុប្បន្នជារដ្ឋអាឡាស្កា) ពីរុស្ស៊ី ក្នុងឆ្នាំ១៨៦៧ តម្លៃ ៧,២លានដុល្លារ (ប្រហែល ១១៧លានដុល្លារ ក្នុងឆ្នាំ២០១៨)។
  • ហាវៃ (Hawaii)៖ ដើមឡើយកោះនេះ គ្រប់គ្រងដោយម្ចាស់ក្សត្រីព្រះនាម Queen Liliukalani ប៉ុន្តែក្រុមបះបោរមួយដែលគាំទ្រដោយទាហានអាមេរិក ធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ១៨៩៣។ ក្នុងឆ្នាំ១៨៩៤ ហាវៃ ត្រូវបានបង្កើតជាសាធារណរដ្ឋ ហើយរហូតមកដល់ឆ្នាំ១៨៩៨ វាបានក្លាយជាផ្នែកមួយរបស់អាមេរិក៕
  • ប្រជុំកោះ Virgin៖ អាមេរិក ទិញកោះនេះពីដាណឺម៉ាក ក្នុងឆ្នាំ១៩១៧ តម្លៃ ២៥លានដុល្លារ (ប្រហែល ៤៩២លានដុល្លារក្នុងឆ្នាំ២០១៨) ដើម្បីសង់មូលដ្ឋានទ័ពជើងទឹកការពារព្រែកជីកប៉ាណាម៉ា និងទប់ស្កាត់អាល្លឺម៉ង់ ពីការទន្ទ្រានយកកោះនេះ។

ប្រភព៖ arcgis

អត្ថបទ៖ សំភី

អត្ថបទថ្មី