មកដឹងអត្ថន័យពិធីសែនលាដូនតា នៅថ្ងៃភ្ជុំបិណ្ឌចុងក្រោយ ឬភ្ជុំធំ

  • 2024-10-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរមានជំនឿថា ដួង​វិញាណនៃក្រុមសាច់ញាតិរបស់ខ្លួន និងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយ ដែលគេតែងហៅថា ភ្ជុំធំ។

នៅតាមគ្រួសារនីមួយៗគេបានរៀបចំបោសសំអាតផ្ទះសំបែងដេីម្បីទទួលព្រលឹងដូនតា​ ដូចគេត្រៀមទទួលភ្ញៀវកិត្តិយសដូច្នោះដែរ។ នៅក្នុងបន្ទប់ពិសេស​គេបានក្រាលកន្ទេលថ្មីៗ​និងមានរៀបចំនំអន្សម​ នំគម​ នំជាល​ ផ្លែឈេីដោយដាក់ថាស​ ចានតាមប្រភេទ។

នៅលេីនំចំណីទាំងនេះគេមានដោតកូនទង់ក្រពេីតូចៗជានិមិត្តរូបនៃព្រលឹងដូនតា​ មានថូផ្កាដ៏ល្អស្រស់និងកំប៉ុងដោតធូបទៀនទៀតផង។ គេខ្ចប់អំបិលបន្តិច​ និងអង្ករបន្តិចដាក់ក្នុងស្លឹកចេក​ រួចគួចវេចជាកូនកញ្ចប់តូចៗ​ដែលគេចាត់ទុកថាជាស្បៀងចាំបាច់សម្រាប់ធ្វេីដំណេីរផ្លូវឆ្ងាយ។ ជួរជាបន្ទាប់មកទៀតមានរៀបចំ​បាយ​សម្លសុទ្ធតែម្ហូបពិសេសច្រេីនមុខជាអាទិ៍គឺខជេីងជ្រូក​ ឆា​ សម្លចាប់ឆាយ​ មាន់ស្ងោរ។ល។ មួយថាស​ទៀត​មានរៀបចំដាក់បាយប្រាំចានជងចង្កឹះ​ ភេសជ្ជ:រួមមានទឹកតែមួយប៉ាន់ដាក់លេីថាំងតែ​រួមទាំងពែងផង​ ទឹកក្រូច​ជាច្រេីនកំប៉ុង​ ស្រា​ដាក់ដប​ ឬដាក់កំប៉ុងទៅតាមកាលសម័យនិយម។ របស់ពិសេសដោយឡែកទៀតគឺស្លាជីប​ បារីជីប​ ម្លូ​ ស្លា​ ទៀន​ ធូប​ និងស្លាធម៌។

នៅវេលាប្រមាណជាម៉ោង៥ល្ងាចត្រូវនឹងពេលគោ​ ចូល​ក្រោលត្រូវតាមប្រពៃណីពីបុរាណមក​​ គេតែងប្រារព្ធពិធីសែនព្រេនដូនតាដោយអញ្ចើញ​ចាស់ទុំក្នុងស្រុកបី​ ឬបួននាក់​ ដែលមានបទពិសោធន៍ក្នុងការសែន​​ ឬក៏មានសំដីថ្វីមាត់បុិនប្រសប់និយាយ​​អោយមកជួយ​ចាត់ចែងពិធីសែន។

បានជាខ្មែរបុរាណសែនម្ហូបអាហារដូនតានៅពេលល្ងាចពីព្រោះបុរាណាចារ្យលោកយល់ថា ព្រឹលឹងខ្មោចសាច់ញាតិមួយចំនួនដែលមានបាបច្រើន មានសំពាយបុណ្យតិច មិនអាចបង្ហាញដួងព្រលឹងរបស់ខ្លួន ឱ្យត្រូវពន្លឺព្រះសូរិយានោះទេ កាំរស្មីពន្លឺព្រះសូរិយា និង ចែងចាំងរំលាយដួងព្រលឹងរបស់ពួកគេ ដូចនេះហើយ ដួងព្រលឹងដូនតារបស់ពួកគេខ្លាចពន្លឺព្រះអាទិត្យខ្លាំងណាស់ ទើបការសែនព្រេនត្រូវធ្វើនៅម៉ោង ៥ៈ០០ - ៦:០០ នាទីល្ងាច នៅពេលដែលពន្លឺព្រះអាទិត្យបានជ្រែទាប អន់ថយនូវពន្លឺកាំរស្មីរបស់ខ្លួន ទើបព្រលឹងខ្មោចនៃសាច់ញាតិ អាចចេញមកជួប និង មកទទួលទាននូវសំណែនសែនព្រេនទាំងអស់នេះ ។

លុះសែនចប់ហេីយគេលៃទុកពេលប្រហែលកន្លះធូប​ ឫមួយធូបទេីបគេបន្ថយសំណែនទាំងប៉ុន្មានមុខនេះ​ យកមកចែកគ្នាផឹកសុីហ៊ោកញ្ជ្រៀវសប្បាយរីករាយរហូតដល់ពាក់កណ្តាលអាធ្រាត។ ជួនកាលគេរាំរែកកំសាន្តសប្បាយបន្ទាប់ពីពិធីជប់លៀងនេះមក។ នៅក្នុងភូមិទាំងមូលស្នូរសំណេីច​ ស្នូរសំរែក​សប្បាយរីករាយ​ ស្នូរចំរៀង​ ស្នូរតន្ត្រីលាន់ឮទ្រហឹងអឺងអាប់រហូតពាក់កណ្តាលអាធ្រាត​ ឫទល់ភ្លឺក៏សឹងមាន។ នេះគឺជាការលំហែរកំសាន្តរបស់គ្រួសារកសិករខ្មែរនៅតំបន់ជនបទស្រុកស្រែចំការក្នុងឱកាសបុណ្យភ្ជុំនិងសែនដូនតាបន្ទាប់ពីការហត់នឿយក្នុងកិច្ចការភ្ជួររាស់ដកស្ទូងអស់ពេលជាច្រេីនខែកន្លងមក​ ។

  • ពិធីជូនដំណេីរនិវត្តន៍របស់ដូនតា​ (ព្រហាម១កេីតខែអស្សុជ)

ខ្មែរយេីងជឿថាក្រោយពេលសេពសោយក្រយាអាហារភោជនាដែលកូនចៅសែនព្រេនជូនពិសារ​យ៉ាងឆ្ងាញ់និងឆ្អែតស្កប់ស្កល់ហេីយនោះដូនតាសម្រាកនៅលេីផ្ទះជាមួយកូនចៅពេញមួយយប់។ ខ្មែរយេីង​មានអារម្មណ៍ថាថ្ងៃនេះ​ យប់នេះហាក់ឃេីញដូនតានៅក្បែរៗខ្លួនដោយសេចក្តីពេញចិត្តសប្បាយរីករាយ​ និងពោរពេញដោយក្តីនឹករលឹក​ អំណរសាទរក្រៃលែង។ លុះព្រឹកព្រលឹមឡេីងឪពុកក្នុងគ្រួសារប្រេីកូនឱ្យទៅ​សក​ស្រទបចេកយកមកធ្វេីទូកសម្រាប់ជូនដំណេីរដូនតាវិលត្រលប់ទៅស្រុកវិញ។ គេយកស្រទបចេក​ប្រវែងប្រហែល៧០​ ទៅ៨០សង់ទីម៉ែត្រមកច្នៃធ្វេីទូក។ គេកាត់នំផ្សេងៗមួយមុខបន្តិចៗ​ បាយបិណ្ឌដាក់ក្នុងទូករួមទាំងកូនកញ្ចប់អង្ករ​ កូនកញ្ចប់អំបិល​ ម្លូ​ ស្លា​ បារី​ អុជទៀនធូបដោតពីទៅលេីនំចំណីព្រមទាំងដោតទង់ក្រពេី​ជាតំណាងព្រលឹងដូនតានៅក្បាលនិងកន្សៃទូកផង។ នៅពេលរៀបចំដាក់អាហារចំណីគ្រប់មុខនៅក្នុងទូករួចសព្វគ្រប់ហេីយ​ គេសែនព្រេនជាលេីកចុង​ក្រោយដោយអុជធូប​ អុជទៀន។

លុះធ្វេីកិច្ចនេះចប់សព្វគ្រប់អស់ហេីយ​ ឪពុកម្តាយក្នុងគ្រួសារបង្គាប់កូនឱ្យយកទូកដែលមានរបស់របរនំចំណី​ទៅបណ្តែតនៅតាមផ្លូវទឹកដូចជាអណ្តូង​ ស្ទឹង​ ព្រែក​ អូរដែលនៅជិតភូមិ។ ពេលនេះគេហាក់មានអារម្មណ៍ស្រងូតស្រងាត់បីដូចជាការនឹករលឹកអាឡោះអាឡៃសាច់ញាតិ​ដែលត្រូវបែកគ្នាពិតៗដូច្នេះឯង។ ក្មេងៗជាកូនជាចៅលុះបានរុញទូកឱ្យអណ្តែតទៅតាមខ្សែទឹកហេីយនោះវាហាក់ដូចជាសប្បាយរីករាយលេីកដៃ​លាដូនតា​ហេីយនិយាយអួតអាងប្រាប់គ្នាវាថាទូកដូនតាវាលឿនជាងទូកអ្នកឯទៀត។ គេតាមមេីលហូតផុតកន្ទុយភ្នែកទេីបត្រឡប់ទៅផ្ទះវិញ​ ជំរាបឪពុកម្តាយថាបានជូនដំណេីរដូនតាចុះទូកវិលទៅស្រុកវិញដោយសុខស្រួលហេីយ៕

អត្ថបទថ្មី