ក្រោយត្រូវអាមេរិកទម្លាក់គ្រាប់បែកបរមាណូហើយ ជប៉ុនក៏ត្រូវរុស្ស៊ីដណ្តើមយកកោះដ៏សំខាន់មួយទៀត

  • 2024-10-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះ ប្រជុំកោះគូរីល (Kuril Islands) នៅតែជាចំណុចមិនត្រូវគ្នារវាងជប៉ុន និងរុស្ស៊ី បន្ទាប់ពីជប៉ុន បានបាត់បង់ការគ្រប់គ្រងប្រជុំកោះនេះ នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២មក។

ចក្រភពរុស្ស៊ី បានប្រកាសថា ប្រជុំកោះគូរីល ជារបស់ខ្លួននៅក្នុងឆ្នាំ១៧៨៦ បន្ទាប់ពីរកឃើញដោយជនជាតិរុស្ស៊ី។ ប៉ុន្តែក្រោយមកដោយសារជប៉ុន អះអាងថា ប្រជុំកោះនេះស្ថិតនៅជិតប្រទេសខ្លួនជាង ទើបនាំឱ្យមានការចុះសន្ធិសញ្ញាមួយរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៨៥៥ ដោយបែងចែកគ្នា។ ក្នុងនោះកោះសំខាន់ៗចំនួន៤ នៅភាគខាងត្បូងនៃគូរីល ត្រូវប្រគល់ឱ្យទៅជប៉ុនជាអ្នកគ្រប់គ្រង ខណៈរុស្ស៊ី គ្រប់គ្រងនៅផ្នែកខាងជើងគូរីល។

២០ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៨៧៥ ប្រទេសទាំងពីរ ក៏បានចុះសន្ធិសញ្ញាថ្មីមួយទៀត ដោយប្រគល់ប្រជុំកោះនេះទាំងមូលឱ្យជប៉ុនកាន់កាប់ ជាការដោះដូរគ្នា ដោយឱ្យរុស្ស៊ី កាន់កាប់ប្រជុំកោះ Sakhalin វិញ។ យ៉ាងណាមិញ ជប៉ុន បានចូលឈ្លានពានដណ្តើមយកទឹកដីពាក់កណ្តាលនៃកោះ Sakhalin បន្ទាប់ពីឈ្នះសង្គ្រាមលើរុស្ស៊ី ក្នុងឆ្នាំ ១៩០៥។

នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីជប៉ុនបានចុះចាញ់សង្គ្រាម ក្រោយត្រូវអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅថ្ងៃទី៦ និង ៩ ខែសីហា ឆ្នាំ១៩៤៥ ក៏ស្រាប់តែកងទ័ពរុស្ស៊ី (ពេលនោះជាសហភាពសូវៀត) បានចូលឈ្លានពាន និងកាន់កាប់ប្រជុំកោះគូរីល (Kuril Islands) បានវិញ។ មកដល់ឆ្នាំ១៩៤៩ រុស្ស៊ី បាននិរទេសប្រជាជនដែលរស់នៅលើកោះនេះទាំងអស់ ទៅជប៉ុន។

នៅឆ្នាំ១៩៥៦ រុស្ស៊ី បានសម្រេចប្រគល់កោះចំនួន២ ដែលនៅកៀកជប៉ុនបំផុតគឺកោះ Shikotan និង Habomai នៃប្រជុំកោះគូរីល ឱ្យជប៉ុន ដើម្បីជាការដោះដូរនៃសន្ធិសញ្ញាសន្តិភាពមួយរវាងប្រទេសទាំងពីរ។ ប៉ុន្តែជប៉ុនមិនយល់ព្រមឡើយ ព្រោះកោះ២នេះ គឺមានទំហំស្មើតែ ៧% ប៉ុណ្ណោះនៃប្រជុំកោះគូរីលទាំងមូល ពោលគឺជប៉ុនទាមទារកាន់កាប់ប្រជុំកោះទាំងមូល។

មកដល់ឆ្នាំ២០០៤ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏នៅតែបន្តប្រគល់កោះទាំងពីរខាងលើឱ្យទៅជប៉ុនដដែល ហើយជប៉ុន បន្តប្រកែកមិនយក ដែលធ្វើឱ្យប្រទេសទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយឡើយរហូតមកដល់ពេលនេះ។

បើនិយាយពីធនធានធម្មជាតិវិញ ប្រជុំកោះគូរីល សម្បូរដោយផលនេសាទ ប្រេង និងឧស្ម័ន ព្រមទាំងមានរ៉ែកម្រជាច្រើន។ មិនតែប៉ុណ្ណោះ ទេសចរណ៍នៅលើប្រជុំកោះនេះ គឺជាប្រភពចំណូលដ៏មានសក្តានុពលថែមទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម