គោរមៈ​ ច័ន្ទារាជ្យ ​និង​ មាស​ ម៉ើ​ ឡុង​ ឡា​ នឹង​ទៅ​ប្រកួត​ AMMA​ ប្រជែង​មេដាយ​នៅ​ប្រទេស​ហ្វីលីពីន

  • 2024-10-11 04:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ គោរមៈ​ ច័ន្ទារាជ្យ ​រួម​ទាំង​ក្រុម​ជម្រើស​ជាតិ​កីឡា​គុន​ចម្រុះ​(MMA)​ ជា​ច្រើន​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​យប់​នេះ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​ AMMA​ ដែល​គ្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤​ តុលា​ ឆ្នាំ​២០២៤​ តទៅ។​

ទិដ្ឋភាពហ្វឹកហាត់

គោរមៈ​ ច័ន្ទារាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​រូប​គេ​ចូលរួម​ការ​ប្រកួត​ AMMA​ ដោយ​លើក​ទី១​ ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ចំពោះ​ការ​ហ្វឹកហាត់​គឺ​បាន​ពេញ​ល្អ​ ពោល​មាន​រយៈពេល​វែង​ និង​ផ្ដោត​លើ​កម្លាំង​ បច្ចេកទេស។​

តាម​រយៈ​បទ​ពិសោធ​នៅ​លើក​ទី១​ កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ខាង​លើ​នេះ​ជឿជាក់​ថា​ខ្លួន​នឹង​អាច​ឈាន​ដល់​វគ្គ​បាន​មេដាយ​ និង​បាន​ប្ដេជ្ញា​បន្ថែម​ទៀត​ថា​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​មុខមាត់​ជូន​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ហ្វីលីពីន​នេះ។​

កីឡាករ គោរមៈ​ ច័ន្ទារាជ្យ​

ជា​មួយ​គ្នា​នេះ​ដែរ​ គោរមៈ​ ច័ន្ទារាជ្យ​ សំណូមពរ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាម​រយៈ​ការ​ទស្សនា​ និង​ស៊ែ​ព័ត៌មាន​ផ្សេងៗ​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​ទាំង​អស់​គ្នា​អំពី​សកម្មភាព​នៃ​ការ​ប្រកួត​នេះ។​

ទិដ្ឋភាពថតជុំគ្នា

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ចំនួន​ ៦នាក់​ រួម​មាន​ កីឡាករ​ ហាត ភី​ កីឡាករ​ ឡុង​ ឡា​ កីឡាករ​ មាស​ ម៉ើ​ កីឡាករ ផេង​ សុបញ្ញា​ (គោរមៈ​ ច័ន្ទារាជ្យ​) កីឡាករ​ បូ ពេជ្រពណ្ណរាយ​ និង​កីឡា​ការិនី​ គន្ធ​ វណ្ណនីតា។​ ដោយ​ឡែក​សម្រាប់​កីឡាករ ផេង​ សុបញ្ញា​ (គោរមៈ​ ច័ន្ទារាជ្យ​) នឹង​ប្រកួត​លើ​វិញ្ញាសា​ Modern MMA male -56Kg។​ ការ​ប្រកួត​ Asian Mixed Martial Arts Manila Open ​នេះ​នឹង​ប្រកួត​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៦​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​ទីក្រុង​ម៉ានីឡា​ ប្រទេស​ហ្វីលីពីន៕​

អត្ថបទ៖ នួន ស៊ីណា​