MST Story Night បញ្ចេញTrailer ទាក់ទាញចិត្តមនុស្សវ័យជំទង់នៅកម្ពុជា

  • 2024-10-22 03:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធខ្មែរដ៏លេចធ្លោ អ្នកស្រី ម៉ីសន សុធារី បានបញ្ចេញTrailer សម្រាប់Podcast ដំបូងដែលជាតំណនិទានភាគៗគួរឱ្យចាប់អារម្មណ៍មួយ គឺរឿង ម៉ោង០០:០៧ ។

ម្ចាស់វីដេអូល្បីល្បាញ រឿង ស្រទន់មន្តស្នេហ៍ និងល្ខោនវិទ្យុ កំណាត់ផ្លូវចុងក្រោយ ដែលបានបើកប្រវត្តិសាស្ត្រតែងនិពន្ធទំនើបកម្មលើថ្នាលសំឡេង ក៏ជាអ្នកថ្នឹកជំនាញលើប្រលោមលោកស៊ើបអង្កេតដ៏ជក់ចិត្តរូបនេះ កំពុងកសាងសេរ៊ី Podcast វីដេអូនិទានរឿងផ្ទាល់ៗ ភ្លាមៗគ្មានអត្ថបទអាន និងគ្មានការកាត់តពាក្យពេចន៍ដោយ សហការជាមួយ iPhoto Cambodia ។

លោក ប៉ែន ប៊ុនថាល់ ម្ចាស់ iPhoto Cambodia គូសបញ្ជាក់ថា នេះជាលើកដំបូងដែលលោកមានភាពទាក់ទាញចិត្តក្នុងកិច្ចសហការផលិត Podcast ប្រភេទជាវីដេអូ ហើយមានជំនឿចិត្តថា នេះជាថ្នាលមួយថ្មី បើកផ្លូវឱ្យមានការផ្សាយរបៀបនេះកាន់តែច្រើនឡើងៗ។ «ពេលកំពុងថត ក្រុមយើងត្រូវជក់ទាំងអស់គ្នាទៅក្នុងសាច់រឿង! ខ្ញុំគិតថាទាំងអស់គ្នាគួរតែបានទស្សនាផតឃែស៍ថ្មីនេះ!» លោកប៉ែន ប៊ុនថាល់ បញ្ជាក់។

ងាកមកអ្នកស្រីម៉ីសន សុធារី ម្ចាស់ស្នាដៃនេះវិញបង្ហើបឱ្យដឹងថា «ក្នុងដៃយើងខ្ញុំមាន៣ខ្សែ ផតឃែស៍ ដែលសុទ្ធសឹងជារឿងនិទាន មួយជាប្រភេទវិទ្យាសាស្ត្រ មួយទៀតជាមនោសញ្ចេតនាជ្រាលជ្រៅ និងចុងក្រោយជារឿងបុរាណយុទ្ធគុន! នៅពេលយើងសម្រេចចិត្តកសាងម៉ូដែលថ្មីមួយនេះឡើង យើងខ្ញុំក៏មិនប្រើសាច់រឿងលំនាំចាស់ៗដែលធ្លាប់សរសេរនោះដែរ ព្រោះជាមួយPlatformថ្មី យើងចង់ឱ្យគន្លងរឿងនិទានមានលក្ខណៈរឹតតែទាន់សម័យនិងងាយស្តាប់ស្រួលយល់ ឆាប់ស្លុងរីករាយភ្លេចទុក្ខកង្វល់!»។

នេះជាវត្តមានដ៏ពិសេសមួយសម្រាប់អ្នកនិពន្ធដែលមាននាមប៉ាកកាពេជ្រ បណ្ឌិត ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិភពផតឃែស៍។ ជាមួយនឹងកេរ្តិ៍ដំណែលនៃរឿងប្រលោមលោកដែលលក់ដាច់បំផុត កាលពីអតីតកាលដូចជា ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ស្ទូឌីយោលេខ៧ អាគមបរព្រៃ អណ្តូងខាងលិច ។ល។និង។ល។ឥឡូវនេះ អ្នកនិពន្ធ ម៉ីសនសុធារី កំពុងនាំយកទេពកោសល្យនិទានរឿងទៅកាន់វេទិកាAudio Visual ។

ផតឃែស៍ដំបូងរបស់អ្នកស្រី ដែលមានចំណងជើងថា "00:07 AM" គ្រោងនឹងចេញផ្សាយនៅលើប៉ុស្តិ៍ Youtube

ម៉ីសនសុធារី Official នៅថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2024 ដែលជា ផតឃែស៍នាំអ្នកទស្សនាទៅ ស្វែងយល់ពីព្រឹត្តិការណ៍ដ៏ត្រជាក់នៃការបន្ទុះមេរោគខ្មោចឆៅអាថ៌កំបាំងក្នុងឆ្នាំ២០២៨ ដោយផ្តោតលើរឿងប្រឌិតនាមន្ទីរពេទ្យទំនើបជាងគេនៅភ្នំពេញឈ្មោះ Amatak។

«យើងខ្ញុំព្យាយាមលាយបញ្ចូលគ្នានូវបទនិពន្ធស្រាល សាមញ្ញ ងាយៗយល់ ជាមួយរូបភាព AI ភ័យរន្ធត់ដ៏អស្ចារ្យក្រោមស្នាដៃច្នៃប្រឌីតខ្ពស់របស់ផលិតករ ឥន្ទ្រីយ៍ខ្មៅ ហើយខ្សែរឿង១៥ភាគនេះ ផ្តោតលើទស្សនិកជនវ័យជំទង់ដែលពួកគេចូលចិត្តការនិទានរឿងកន្ត្រាក់ៗចិត្តគួរឱ្យរំភើប! ខ្ញុំដឹងថាពួកគេមិនសូវរកបានរឿងបែបនេះជាភាសាជាតិទេ។ នេះជារឿង Original ដែលពួកគេអាចមានមោទនភាពក្នុងការចែកចាយបាន!»អ្នកនិពន្ធបានបញ្ជាក់។

អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបានមជ្ឈដ្ឋាននានាទទួលស្គាល់ លើសមត្ថភាពកសាងគ្រោងរឿងដែលទំនើបកម្ម ស្មុគ្រស្មាញ និងចរិតលក្ខណៈតួអង្គដ៏ទាក់ទាញ។ នៅក្នុងនិទានប្រឌិតរឿង ម៉ោង០០:០៧ នេះ អ្នកនិពន្ធ បានបញ្ចូលនូវ ប្រភេទខ្មោចzombie ក្នុងរចនាបទផ្ទាល់ខ្លួន ដែលមិនដូច ស៊េរីខ្មោចឆៅធ្លាប់ឃើញពីមុនមកឡើយ។ ផតឃែស៍នេះក៏នឹងក្លាយជាការចាប់ផ្តើមប៉ុស្តិ៍ YouTube ថ្មីរបស់អ្នកស្រី ផងដែរ ដែលនឹងបង្ហាញពីការពង្រីកដ៏គួរឱ្យរំភើប នៃវណ្ណកម្មច្នៃប្រឌិតមិនរីងស្ងួតរបស់អ្នកនិពន្ធរូបនេះ។

អ្នកនិពន្ធម៉ី សនសុធារី បង្ហាញថាគ្រប់គ្នាក្នុងសិល្បៈគួរចេះទទួលយកការផ្លាស់ប្តូរធំមួយដោយសារឌីជីថល ហើយជាមួយនឹងផតខាសថ្មីៗនេះ អ្នកស្រីបើកទ្វារទទួលយករាល់ការឧបត្ថម្ភ និងកិច្ចសហការម៉ាកយីហោគ្រប់ប្រភេទលើកលែងតែគ្រឿងស្រវឹង។

ជាមួយនឹងការកើនឡើងនៃទស្សនិកជនវ័យជំទង់លើផ្នែកអំណាននិងសំណេរ មិនមានការងឿងឆ្ងល់ទេថាហេតុអ្វី ម៉ោង 00:07 AM បានក្លាយជារឿងភាគដែលពួកគេនឹងតាមដាន ព្រោះវណ្ណកម្មថ្មីនេះ សក្តសមឥតទាស់នឹងបណ្តាយុវវ័យណាដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជ្រមុជខ្លួននៅក្នុងពិភពអាថ៌កំបាំង និងរំភើប។

សូមគូសទុកលើប្រតិទិន សម្រាប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ៕

អត្ថបទថ្មី