​​ទី​បំផុត​កំណត់​ត្រា​ល្អ​ដែល​​​​ Sir Alex ​បាន​សាង​នៅ Man Utd ​មួយ​នេះ​ត្រូវ​ Pep បំបែក​បាន​​​​ ​

  • 2024-10-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កំណត់​ត្រា​មិន​ចាញ់​សោះ​ក្នុង​ពាន​រង្វាន់​កម្រិត​កំពូល​​នា​តំបន់​អឺរ៉ុប​ UEFA Champions League របស់​ក្រុម​បិសាច​ក្រម Manchester United ​​​ចំនួន ២៥ ប្រកួត​ជាប់​ៗ​គ្នា​ដែល​បាន​សាង​ឡើង​ដោយ​លោក​​គ្រូ​តា Sir Alex ​Ferguson នោះ​ ត្រូវ​​បំបែក​បាន​ហើយ​​ដោយលោក​ Pep Guardiola ដឹក​នាំ​ Manchester City មិនចាញ់​សោះ​នៅ​ពាន​រង្វាន់​១​នេះ​ចំនួន ២៦​ប្រកួត​ជាប់​ៗ​គ្នា​ បូក​ទាំង​ការ​ប្រកួត​យក​ឈ្នះ​ទៅ​លើ​ក្រុម​ Sparta Prague​ កាល​ពី​យប់​ថ្ងៃ​ទី​២៣​ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទឹក​ដី​របស់​មេឃខៀវ​។

គេ​នៅ​ចាំ​បាន​ថា កាល​ជំនាន់​លោក​គ្រូ​តា​ Sir Alex ដឹក​នាំ​​ចន្លោះ​ខែ​កញ្ញា ឆ្នាំ​២០០៧-​ ដល់​ខែ​ឧសភា ២០០៩ ​ពេល​នោះ​គ្មាន​ក្រុម​ណា​លេង​ឈ្នះ​​ក្រុម​លោក​ឡើយ​ក្នុង​ពាន​ UEFA Champions League ដោ​យ​ក្នុង​នោះ​លេង​២៥​ប្រកួត​ឈ្នះ​២០ និង​ស្មើ​៥​។ បើ​គិត​ពី​ពេល​នោះ​មក​ដល់​​ពេល​នេះ​វា​មាន​រយៈ​ពេល​១៥​ឆ្នាំ​ហើយ ដែល​គ្មាន​ក្រុម​ណា​អាច​ធ្វើ​បាន ឬ​បំបែក​កំណត់​ត្រា​​ដ៏​ល្អ​មួយ​នេះ​​បាន​នោះ​ទេ។

​ការ​បំបែក​របស់​ក្រុម Manchester City គឺ​គិត​ចាប់​ពី​ឆ្នាំ​២០២៣ ដែល​ពួក​គេ​បាន​គ្រង​ជើង​ឯក​ UEFA Champions League ដោយ​យក​ឈ្នះ​ទៅ​លើ Inter Milan ១-០ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ក្រោយ​មក​ចូល​រដូវ​កាល ២០២៣-២០២៤ ​ក្រុម​នេះ​បន្ត​លេង​នៅ UCL ហើយ​​​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​មួយ​នេះ ​ដោយ​កាល​នោះ​​ប៉ះ Real Madrid បញ្ចប់​ទៅ​​ក្នុង​លទ្ធផល​៤ស្មើ​គិត​ទាំង​២​ជើង ​និង​ចាញ់​ដោយ​វគ្គ​ប៉េណាល់​ទី​​ ​ខណៈ​ដែល​ការ​ចាញ់​ដោយ​វគ្គ​ប៉េណាល់ទី​នេះ​​គឺ​មិន​គិត​បញ្ចូល​​ក្នុង​កំណត់​ត្រា​នេះ​ទេ​។

ដូច្នេះ​​​​​ទើប​បន្ត​រាប់​មកដល់​រដូវ​កាល​២០២៤-២០២៥​នេះ​​ ទៀត​ដោយ​ចាប់​ផ្ដើម UEFA Champions League មក​លេង​៣​ប្រកួត​ឈ្នះ​២ និង​ស្មើ១​គឺ​គ្រប់​គ្រាន់​សម្រាប់ Manchester City បំបែក​កំណត់​ត្រា​​នេះ​បាន​ដោយ​​ដោយ​ជោគជ័យ​គឺ​លេង​២៦​ប្រកួត​មិន​ចាញ់​ទាល់​តែ​សោះ​ក្នុង​នោះ​គឺ​​​ឈ្នះ​១៨ និង​ស្មើ​៨។ ​ប្រកួត​បន្ទាប់​ក្នុង​ពាន​រង្វាន់ UEFA Champions League នេះ​មេឃខៀវ​ នឹង​ត្រូវ​​ប៉ះ​ក្រុម Sporting របស់​ព័រទុយហ្គាល់ ហើយ​គេ​នៅ​រង់​ចាំ​មើល​ថា​តើ​ក្រុម​របស់​អង់គ្លេស​មួយ​នេះ​អាច​បន្ត​កំណត់​ត្រា​ល្អ​មួយ​នេះ​បាន​ទៀត​ឬ​យ៉ាង​ណា​៕

ប្រភព៖ Curiosity   Daro Ly