ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ ធ្វើទស្សនកិច្ចនៅគ្លីនិកម៉ារីស្តូបសែនសុខ ដើម្បីផ្សព្វផ្សាយលើកកម្ពស់សិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅកម្ពុជា
- 2024-10-30 09:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ ធ្វើទស្សនកិច្ចនៅគ្លីនិកម៉ារីស្តូបសែនសុខ ដើម្បីផ្សព្វផ្សាយលើកកម្ពស់សិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅកម្ពុជា
ចន្លោះមិនឃើញ
ខណ្ឌសែនសុខ រាជធានីភ្នំពេញ – ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ – ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ លោកស្រី STEPHANIE COPUS CAMPBELL AM បានធ្វើទស្សនកិច្ចនៅគ្លីនិកម៉ារីស្តូបសែនសុខ ដើម្បីគួសបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីកិច្ចសហការរវាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) ដើម្បីធានាថា ស្រ្តី ជាពិសេសក្រុមជនដែលត្រូវការការគាំទ្រ អាចទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្រ្តាលី គម្រោងសំខាន់ៗពីរដែលកំពុងតែអនុវត្តដោយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) គឺគម្រោង 'ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព' ដែលហៅកាត់ថា (RESPOND) ដំណាក់កាលទី២ និងគម្រោងមួយទៀតតាមរយៈ កម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP)។ គម្រោង RESPOND ដំណាក់កាលទី២ គឺធ្វើឡើងដើម្បីគាំទ្រស្រ្តីក្នុងវ័យបន្តពូជ ចាប់ពីវ័យមករដូវ រហូតដល់វ័យអស់រដូវ ដោយផ្តល់សេវាសុខភាពបន្តពូជដែលចាំបាច់។ ការផ្តួចផ្តើមនេះផ្តល់អទិភាពទៅលើក្មេងជំទង់ យុវវ័យ ជនរងគ្រោះដោយអំពើហិង្សាយេនឌ័រ និងក្រុមប្រឈមហានិភ័យផ្សេងៗទៀត ដោយធានាថា ស្រ្តីគ្រប់រូបអាចមានស្វ័យភាពទៅលើរាងកាយ និងសុខភាពរបស់ពួកគាត់។
គម្រោង ANCP បន្តបង្ហាញពីការខិតខំប្រឹងប្រែងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) ក្នុងការផ្តល់សេវារៀបចំផែនការគ្រួសាររួមមានមធ្យោបាយពន្យារកំណើត និងសេវាសុខភាពបន្តពូជជូនដល់ស្រ្តី និងយុវវ័យ តាមរយៈដំណោះស្រាយឧបសគ្គហិរញ្ញវត្ថុ និងការលើកកម្ពស់បរិយាបន្ន-ការរួមបញ្ចូលបុគ្គលគ្រប់រូបនៅក្នុងសង្គម។
លោកស្រី ឡេង ស៊ីវហេង នាយិកាប្រចាំប្រទេសរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(MSIC) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្តួចផ្តើមនេះ៖ «ការងាររបស់យើង គឺលើកកម្ពស់ស្រ្តី និងសហគមន៍ដែលត្រូវការការគាំទ្រនៅកម្ពុជា។ ការគាំទ្រពីរដ្ឋាភិបាលប្រទេសអូស្រ្តាលីអាចឱ្យយើងផ្តល់នូវសេវា និងព័ត៌មានដែលចាំបាច់ ដោយធានាថា មិនមានអ្នកណាម្នាក់ត្រូវបានគេបោះបង់ចោលចំពោះការទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពខ្ពស់»។
ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីទទួលបន្ទុកសមភាពយេនឌ័រ លោកស្រី STEPHANIE COPUS CAMPBELL AM មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពជាខ្លាំងលើការងារដែលអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា កំពុងតែធ្វើ ដើម្បីលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលមានសារៈសំខាន់សម្រាប់សមភាពយេនឌ័រ។ រដ្ឋាភិបាលអូស្ត្រាលីនៅតែប្តេជ្ញាចិត្ត បន្តគាំទ្រកម្មវិធីសុខភាព សម្រាប់ប្រជាជនគ្រប់រូប»។
កិច្ចគាំទ្ររបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលីមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិរបស់ស្រ្តី និងក្រុមជនដែលត្រូវការការគាំទ្រ ដោយរាប់បញ្ចូលទាំង អ្នកមានពិការភាព និងអ្នកស្រឡាញ់ភេទដូចគ្នា។ ដំណើរទស្សនកិច្ចនេះមានគោលដៅផ្សព្វផ្សាយអំពីកិច្ចការរបស់គម្រោងទាំងនេះ និងកិច្ចខិតខំ ក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយសមធម៌នៅកម្ពុជា។
សម្រាប់ជំនួយទាក់ទងនឹងសេវាសុខភាពបន្តពូជ និងការប្រឹក្សាដោយឥតគិតថ្លៃ សូមទាក់ទងមកម៉ារីស្តូបតាមរយៈ៖
សូមផ្ញើសារហ្វេសប៊ុកមកកាន់ Marie Stopes Cambodia
រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២
ផ្ញើសារតាមរយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣ រួមគ្នាដើម្បីគាំទ្រដល់សិទ្ធិសុខភាពរបស់ស្រ្តី!
#WomensRights4Health #AustralianAid #ANCP #GenderEquality #HealthForAll #MarieStopesCambodia #ម៉ារីស្តូប