កូនឈើ ២៥០ដើមទៀត បានដាំនៅក្រុងរុនតាឯកតេជោសែន ដើម្បីកសាងភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់សោភ័ណ្ទភាពក្រុងថ្មី

  • 2024-11-10 09:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានសហការគ្នាដាំដើមឈើចំនួន ២៥០ដើម នៅក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានគេដាក់ឈ្មោះថា ធី ដើមឈើសម្រាប់ជីវិត ឬProject T – Trees for life ដែលមានបំណងរួមចំណែកកសាងភាពធន់នឹងអាកាសធាតុ នៅក្នុងក្រុងដែលបង្កើតថ្មីមួយនេះ។

នាយកប្រតិបត្តិ នៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោក ឆាយ ដឹប មានប្រសាសន៍ថា រូបលោកពិតជាកោតសរសើរចំពោះការជ្រោមជម្រែងរបស់ដៃគូដ៏សំខាន់ គឺក្រុមហុនកូកា-កូឡាកម្ពុជា ដែលគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍របស់អង្គការ។ លោកជឿថា ក្នុងកិច្ចសហការមួយនេះ នឹងធ្វើឲ្យក្រុងរុនតាឯកតេជោសែន កាន់តែបៃតង ហើយធន់នឹងអាកាសធាតុ។

សម្ព័ន្ធកូកា-កូឡា បានប្តេជ្ញាកសាងអនាគតមួយដែលមានចីរភាពគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈភាពជាដៃគូជាមួយអង្គការនាថ្ងៃនេះ ត្រូវបានតំណាងក្រុមហ៊ុនចាត់ទុកថា អាចរួមចំណែកជួយឲ្យសហគមន៍ធន់នឹងអាកាសធាតុបានកាន់តែល្អប្រសើរ។ ក្រុមហ៊ុន តែងតែមានស្មារតីជួយអភិវឌ្ឍសហគមន៍ ហើយស្មារតីនេះ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពឆ្នាំ2030 គឺ”ជម្រើសយើង អនាគតយើង” ដែលមានដើមចមចេញពីក្រុមហ៊ុនមេ គឺស្វាយអឺ កូកា-កូឡា។

ទាក់ទងនឹងសកម្មភាពដាំដើមឈើនេះដែរ អភិបាលក្រុងរុនតាឯកតេជោសែន គឺលោក អ៊ឹង សុភ័ណ បានកោតសរសើរចំពោះទឹកចិត្ដប្រកបដោយស្មារតីអភិវឌ្ឍធនធានធម្មជាតិរួមគ្នារបស់អង្គការ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅពេលនេះ។ លោកបន្ថែមថា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ទាមទារឲ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

លោក អ៉ឹង សុភ័ណ ៖”សកម្មភាពថ្ងៃនេះ គឺជាការបោះជំហានមួយទៀតរបស់យើង ឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ ហើយយើងសង្ឃឹមថានឹងមានដៃគូសហការដទៃទៀត មកចូលរួមអភិវឌ្ឍក្រុងរុនតាឯកតេជោសែនរបស់យើង”។

បើតាមអាជ្ញាធរក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប ក្រៅពីសកម្មភាពផ្ដល់ និងដាំដើមឈើចំនួន ២៥០ដើម នៅក្នុងក្រុងនៅថ្ងៃ​នេះ ក៏មានដើមឈើចំនួន ៧៥០ ដើមបន្ថែមទៀត ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាអំណោយពីមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផងដែរ។

សូមរំលឹកថា សមាជិកសហគមន៍ និងបុគ្គលិកអង្គការ អ្នកស្ម័គ្រចិត្តប្រមាណ ៨០នាក់ដែលជាបុគ្គលិកក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានចូលរួមដាំដើមឈើ បង្ហាញពីការយកចិត្តទុកដាក់ចូលរួមធ្វើការងារសង្គម និងបរិស្ថាន។ ការងារស្ម័គ្រចិត្តនេះគឺស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ 2030 របស់ក្រុមហ៊ុនស្វាយអឺ កូកា-កូឡា ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍សហគមន៍ និងលើកទឹកចិត្តដល់បុគ្គលិកឲ្យធ្វើការងារស្ម័គ្រចិត្តជួយសង្គម៕

ជិន សុភ័ក្ដ្រ