លោក​ ខេស៊ី បាណេត៖​ ការ​ដាក់​ឲ្យ​សិស្ស​និស្សិត​ CamEd​ បាន​លេង​កីឡា​ជា​ការ​បង្រៀន​ជំនាញ​ទន់​បាន​ប្រើប្រាស់​ពេញមួយ​ជីវិត​

  • 2024-11-12 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខេស៊ី បាណេត​ នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) ថា​ការ​ដាក់​បញ្ចូល​ឲ្យ​សិស្ស​និស្សិត​បាន​ចូលរួម​លេង​កីឡា​ពិសេស​ការ​ប្រកួត​នានា​ដូច​ជា​បាល់បោះ​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​មាន​សារសំខាន់​ណាស់​ជា​ការ​បង្រៀន​ជំនាញ​ទន់​ទទួល​បាន​ចំណេះដឹង​ប្រើប្រាស់​ពេញ​មួយ​ជីវិត។​

ថ្លែង​ក្រោយ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​បាល់បោះ​ CamEd Men’s&Women’s Basketball Tournament 2024 បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​សាលា​បាន​ដាក់​១០​ប្រភេទ​កីឡា​សម្រាប់​សិស្ស​និស្សិត​បាន​ហ្វឹកហាត់​ និង​លេង​កម្សាន្ត។​ ជំហាន​បន្ទាប់​នឹង​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ហែលទឹក​ និង​បាល់ទះ​បន្ថែម​ទៀត​ ដោយ​ឡែក​កីឡា​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​សិស្ស​និស្សិត​ផ្ទាល់​ស្នើសុំ​មក​ទើប​សាលា​ពិនិត្យ​បង្កើត​ឲ្យ​មាន​។​

នាយកវិទ្យាស្ថានខេមអេដ និង​ជា​បុគ្គល​ឆ្នើម​លើ​វិស័យ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ដាក់​ឲ្យ​សិស្សនិស្សិត​បាន​លេង​កីឡា​ បាន​ចូលរួម​ការ​ប្រកួត​ផ្សេងៗ​នេះ​គឺ​មាន​សារប្រយោជន៍​ច្រើន​ដល់​ពួកគេ។​ នេះ​ជា​ការ​បង្រៀន​ជំនាញ​ទន់​ដល់​សិស្ស​និស្សិត​ ព្រោះ​ពួកគេ​ចេះ​សាមគ្គី​គ្នា​ ចេះ​រក​វិធី​ដោះស្រាយ​បញ្ហា​ ចេះ​ធ្វើ​ការ​ក្នុង​បរិយាកាស​មាន​សំពាធ​ដូច​ជាពេញ​ចាញ់​ពិន្ទុ​ដៃគូ​ក៏​ដោយ​គឺ​បង្ហាញ​ពី​ការ​ខំប្រឹង​ប្រែង​ប្រជែង​មក​វិញ​ដែល​ទាំង​នេះ​ហើយ​ជា​ជំនាញ​មួយ​នឹង​ជួយ​ពួកគេ​បាន​ប្រើប្រាស់​ពេញ​មួយ​ជីវិត​ពិសេស​ក្នុង​ទិដ្ឋភាព​ការងារ​ជាក់ស្ដែង​នៅ​ពេល​បញ្ចប់​ការ​សិក្សា។​

បញ្ចប់​ដែរ​ថា​ នេះ​ជា​លើក​ទី១០​ ហើយ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​​ CamEd Men’s & Women’s Basketball Tournament 2024​។​ ការ​ប្រកួត​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ទីលាន​ Platinum Sport Center​ បុរី ប៉េង ហួត ​បឹងស្នោ។ ផ្នែក​នារី​ លេខ១​ បាន​លើ​ក្រុម​ Wildcats លេខ២​ បាន​លើ​ក្រុម​ Maniac លេខ៣​ បាន​លើ​ក្រុម Little Star លេខ៤​ បាន​លើក្រុម​ Wolf-wild។​ ចំណែក​ផ្នែក​បុរស​ លេខ១​ បាន​លើ​ក្រុម​ Soy Bad លេខ២​ បាន​លើ​ក្រុម​ Oni Chan លេខ៣​ បាន​លើ​ក្រុម​ UTOPIA លេខ៤​ បាន​លើក្រុម​ Ball Bender ៕

អត្ថបទ៖ នួន ស៊ីណា​