កម្មវិធីប្រកួត សរសេរតាមអាន ថ្នាក់ជាតិ "សំណេរអង្គរ" លើកទី ២ ឆ្នាំ ២០២៥ រកឃើញជ័យលាភីឆ្នើម
- 2025-01-20 06:40:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រកួត សរសេរតាមអាន ថ្នាក់ជាតិ "សំណេរអង្គរ" លើកទី ២ ឆ្នាំ ២០២៥ រកឃើញជ័យលាភីឆ្នើម
ចន្លោះមិនឃើញ
កម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី ២ បានប្រព្រឹត្តធ្វើឡើង មួយថ្ងៃពេញ គឺនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ការប្រកួតសរសេរតាមអានថ្នាក់ជាតិនេះ មានបេក្ខភាពចូលរួម សរុប ១២២០នាក់ ដែលក្នុងនោះមានជនបរទេស និង មាន ព្រះសង្ឃ។
កម្មវិធី “សំណេរអង្គរ” លើកទី២ ឆ្នាំ ២០២៥ បានរកឃើញម្ចាស់ជ័យលាភី ដូចខាងក្រោម ៖
(១) បេក្ខជនអាយុ១៩ឆ្នាំឡើងទៅចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១) ៖ បេក្ខជន ជា សារី មកពីខេត្តសៀមរាប។
(ជ័យលាភីលេខ ២)៖ ព្រះអង្គ យ៉ុន បញ្ញា មកពីខេត្តបាត់ដំបង។
(ជ័យលាភីលេខ ៣)៖ បេក្ខនារី យ៉ុយ ស្រីណុច មកពីខេត្តបន្ទាយមានជ័យ។
(២) បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមចំនួន ៣រូប ដែលជាប់ជ័យលាភីសំណេរអង្គរ រួមមាន៖
(ជ័យលាភីលេខ១)៖ បេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។
(ជ័យលាភីលេខ ២)៖ បេក្ខជន គឿន ពុទ្ធារ័ត្ន មកពីខេត្តព្រៃវែង។
(ជ័យលាភីលេខ ៣)៖ បេក្ខជន តែន ស៊ីដា មកពីខេត្តសៀមរាប។
(៣) បេក្ខជនអាយុក្រោម១៨ឆ្នាំ ដែលបានសរសេរអក្សរស្អាតជាងគេ មានឈ្មោះ រ៉េន វត្ថនា មកពីខេត្តកណ្ដាល និងបេក្ខជនអាយុលើស១៩ឆ្នាំ ឈ្មោះ អូន ប៉ី នៅខេត្តសៀមរាប។
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា “ក្នុងឱកាសនេះ ខ្ញុំពិតជាមានក្តីរំភើបរីករាយដែលបានចូលរួមអានអត្ថបទជូនបេក្ខេជនសរសេរ ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងទទួលបានក្តីសាទរនិងចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុលើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង។ ការជួបជុំគ្នានេះ មិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរ និងការរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិតក្នុងការកសាង ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។”