រឿងប្លែកជាងគេដើមឆ្នាំ២០២៥! អ្នកកាសែតម្នាក់ ដឹកមីនតោន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ ត្រូវឃាត់ខ្លួន
- 2025-02-07 09:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងប្លែកជាងគេដើមឆ្នាំ២០២៥! អ្នកកាសែតម្នាក់ ដឹកមីនតោន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ ត្រូវឃាត់ខ្លួន
ចន្លោះមិនឃើញ
អ្នកយកព័ត៌មានប្រចាំខេត្ដឧត្ដមានជ័យ នៃអង្គភាពគេហទំព័រ មាតុភូមិ ឈ្មោះ ទឺ ពិទូ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ឃាត់ខ្លួន ក្រោយពេលរូបលោកនាំយកគ្រាប់មីនតោន ១គ្រាប់ទៅប្រគល់ជូនសមត្ថកិច្ច។
យោងតាមការបញ្ជាក់របស់សាមីអង្គភាព នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នករាយការណ៍ព័ត៌មានរបស់ខ្លួនដែលមិនសូវយល់ដឹងច្បាប់ និងការគ្រប់គ្រងអាវុធជាតិផ្ទុះ គឺលោក ទឺ ពិទូ ពុំមានចេតនាបង្ករភាពភ័យខ្លាច ឬគ្រោះថ្នាក់ដល់បុគ្គលណាឡើយ ពោលគឺការដឹកគ្រាប់នោះទៅឲ្យសមត្ថកិច្ចត្រូវធ្វើឡើងដោយចិត្ដសុចរិត។
តាមការរៀបរាប់ លោក ទឺ ពិទូ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១០ និង០០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ពេលដែលលោក ទឺ ពិទូ និងមិត្តភក្តិម្នាក់ទៀតបានដឹកគ្រាប់មីនតោន១ គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកទៅប្រគល់ជូនសមត្ថកិច្ច។ ប៉ុន្តែបែរជាត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនទុកឲ្យនៅក្នុងទីស្នាក់ការប៉ុស្តិ៍ ១យប់។ លុះព្រឹកឡើងថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី ។
ជុំវិញករណីនេះ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរស្មាច់ លោក ប៊ុន អ៊ុយ បានបញ្ជាក់ទៅគេហទំព័រ មាតុភូមិដែលជាសាមីអង្គភាពថា លោក ទឺ ពិទូ ពិតជាត្រូវបានឃាត់ខ្លួន តាមមាត្រា ៤៩០ នៃច្បាប់គ្រប់គ្រងអាវុធ ជាតិផ្ទុះ ពីបទកាន់កាប់អាវុធ គ្រាប់រំសេវ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ និងសមត្ថកិច្ច និងមួយបទល្មើសទៀត គឺបទបោះបង់អាវុធគ្រឿងផ្ទុះ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណ: តាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ។
ទោះជាយ៉ាងណាអង្គភាពនៃសារព័ត៌មាន មាតុភូមិ ដែលមាន ស៊ុន សុផល ជានិពន្ធនាយក និងលោក ជា ច័ន្ទប្រាកដ ជាចាងហ្វាងការផ្សាយ ប្រកាសមិនរារាំងដល់ដំណើរការនីតិវិធីរបស់សមត្ថកិច្ច។ ប៉ុន្ដែក្នុងនាមថ្នាក់ដឹកនាំលោក ទឺ ពិទូ ចង់ឃើញថ្នាក់ដឹកនាំ និងសមត្ថកិច្ចអនុគ្រោះ ព្រោះការ live បង្ហាញពីទីតាំងគ្រាប់មីនតោន១គ្រាប់ របស់លោក ទឺ ពិទូ និងបានហៅមិត្តភក្តិម្នាក់ទៀតទៅយក ដើម្បីប្រគល់ជូនសមត្ថកិច្ចអូរស្មាច់នោះ គឺគ្រាន់តែចង់ផ្តល់ដំណឹងដល់CMAC មកទទួលយកថែរក្សាទុក ជាមួយនឹងទឹកចិត្ដស្មោះត្រង់សុទ្ធសាធ៕