ឡាវ កើនឡើងចំនួន នៃអ្នកប្រើប្រាស់ អ៊ីនធឺណិត និង បណ្តាញសង្គម

  • 2025-02-13 07:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់អ៊ីនធឺណេត និងបណ្តាញសង្គមនៅប្រទេសឡាវបានកើនឡើង នៅក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទដៃ និងល្បឿនអ៊ីនធឺណិតកាន់តែលឿន។ ក្នុងឆ្នាំ ២០២៤ ប្រទេសឡាវមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៥.០៨ លាននាក់ ដែលតំណាងឱ្យ ៦៦.២ ភាគរយនៃចំនួនប្រជាជនសរុប។

ការប្រើប្រាស់អ៊ីនធឺណេតភ្ជាប់តាមទូរស័ព្ទដៃបានឈានដល់ ៦.៨០ លាន ដែលស្មើនឹង ៨៨.៥ ភាគរយនៃចំនួនប្រជាជនសរុប។ ចំណែកការប្រើប្រាស់បណ្តាញសង្គម ក៏បានកើនឡើងផងដែរ ដោយមានអ្នកប្រើប្រាស់សកម្មចំនួន ៣.៧៥ លាននាក់ ឬ ៤៨.៨ ភាគរយនៃចំនួនប្រជាជនសរុប។ អ្នកប្រើប្រាស់ភាគច្រើនចូលប្រើប្រាស់បណ្តាញសង្គមនៅលើ ទូរស័ព្ទដៃ ហើយភាគច្រើនមានអាយុ ១៨ ឆ្នាំឡើងទៅ។

គួរឱ្យដឹងថា ល្បឿនអ៊ីនធឺណិត ថេរជាមធ្យម គឺ ៣២.៩៧ Mbps ដែលជាការកើនឡើង ១៦.៥ ភាគរយពីឆ្នាំមុន។ Facebook នៅតែជាបណ្តាញសង្គម ដ៏លេចធ្លោជាងគេ នៅប្រទេសឡាវ ដោយមានអ្នកប្រើប្រាស់ចំនួន ៣.៧៥ លាននាក់។ Instagram ក៏កំពុងទទួលបានប្រជាប្រិយភាពផងដែរ ដោយមានអ្នកប្រើប្រាស់ចំនួន ៥៧៥,០០០ នាក់។ Facebook Messenger មានអ្នកប្រើប្រាស់ចំនួន ២.៧ លាននាក់។

នៅទូទាំងពិភពលោក អ្នកប្រើប្រាស់អ៊ីនធឺណិតបានឈានដល់ ៥.៣៥ ពាន់លាននាក់ក្នុងឆ្នាំ ២០២៤ ដែលគ្របដណ្តប់ ៦៦ ភាគរយនៃចំនួនប្រជាជនពិភពលោក ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គម មានលើសពី ៥ ពាន់លាននាក់។ ការប្រើប្រាស់ទូរស័ព្ទដៃ ក៏បានកើនឡើងផងដែរ ដោយមានអ្នកប្រើប្រាស់ចំនួន ៥.៦១ ពាន់លាននាក់នៅទូទាំងពិភពលោក ដែលស្មើនឹងជិត ៧០ ភាគរយនៃចំនួនប្រជាជនសរុប នៅលើពិភពលោក។

ខណៈពេលដែលប្រទេសឡាវ កំពុងពង្រីកវត្តមានឌីជីថល របស់ខ្លួន បញ្ហាប្រឈមសំខាន់ៗនៅតែមានក្នុងការកែលម្អ លទ្ធភាពទទួលបានអ៊ីនធឺណេត និងកាត់បន្ថយគម្លាតឌីជីថល ដើម្បីធានាថាប្រជាជនកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ៕

ប្រភព៖ Thelaotiantime   អត្ថបទ ៖ គីម ណារ៉ាក់