Elon Musk ឃើញ ChatGPT អ៊ែមពេក បោះលុយជិត ១០០ពាន់លានដុល្លារ ដើម្បីទិញយកមកគ្រប់គ្រង

  • 2025-02-13 07:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និង ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX កំពុងព្យាយាមទិញយកក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT ក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល ៩៧,៤ ពាន់លានដុល្លារ។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល ព្រោះ Elon Musk ធ្លាប់មានជម្លោះជាមួយ CEO របស់ OpenAI គឺលោក Sam Altman រឿងទិសដៅរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន AI របស់ Musk ឈ្មោះ xAI និងអ្នកវិនិយោគផ្សេងទៀត ក៏គាំទ្រសំណើទិញនេះ ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការតម្លើងតម្លៃឱ្យខ្ពស់ជាងការផ្តល់ជូនផ្សេងទៀត ហើយបានកំណត់ពេលឱ្យ OpenAI ពិចារណាដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ព្រមទាំងចង់បានសិទ្ធិចូលមើលឯកសារសំខាន់ៗរបស់ក្រុមហ៊ុនថែមទៀតផង។ មូលហេតុដែល Musk ចង់ទិញ OpenAI គឺដោយសារតែលោក ធ្លាប់ជាសហស្ថាបនិករបស់ OpenAI ក្នុងឆ្នាំ ២០១៥ ប៉ុន្តែបានចាកចេញនៅឆ្នាំ ២០១៨។ លោក មិនសប្បាយចិត្តដែលក្រុមហ៊ុននេះបែរទៅរកការរកប្រាក់ចំណេញច្រើនពេក ហើយគិតថា OpenAI លែងធ្វើតាមគោលដៅដើមរបស់ខ្លួន ដែលចង់បង្កើត AI ជាលក្ខណៈកូដចំហ (open-source) ដែលមានសុវត្ថិភាពខ្ពស់។ Musk ចង់ឱ្យ OpenAI ត្រឡប់ទៅគោលដៅដើមវិញ គឺបង្កើត AI ដើម្បីផលប្រយោជន៍មនុស្សជាតិ។

លោក Sam Altman បានច្រានចោលសំណើរបស់ Musk ភ្លាមៗ ហើយបានតបវិញដោយនិយាយថា លោកចង់ទិញ Twitter ក្នុងតម្លៃ ៩,៧៤ ពាន់លានដុល្លារវិញ។ លោក Altman ក៏បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាភិបាលរបស់ OpenAI មិនចាប់អារម្មណ៍នឹងសំណើរបស់ Musk នោះទេ។ លោក Bret Taylor ដែលជាប្រធានក្រុមប្រឹក្សាភិបាល OpenAI ក៏បាននិយាយផងដែរថា "OpenAI មិនមែនសម្រាប់លក់ទេ"។ សំណើរបស់ Musk ធ្វើឱ្យ OpenAI ពិបាកក្នុងការបន្តផែនការក្លាយជាក្រុមហ៊ុនរកប្រាក់ចំណេញ ហើយ Musk ក៏កំពុងប្តឹង OpenAI ដោយចោទថា ក្រុមហ៊ុននេះលែងគោរពគោលដៅដើមរបស់ខ្លួន។ ប៉ុន្តែ OpenAI បានច្រានចោលដោយនិយាយថា លោក Elon Musk ធ្វើបែបនេះព្រោះតែភាពច្រណែន។

ប្រសិនបើ Elon Musk ទិញ OpenAI បាន លោកនឹងគ្រប់គ្រងបច្ចេកវិទ្យា AI ដ៏មានឥទ្ធិពល របស់ក្រុមហ៊ុននេះ ហើយអាចបញ្ចូលវាជាមួយក្រុមហ៊ុន AI ផ្ទាល់ខ្លួនរបស់លោក គឺ X.AI។ សំណើនេះ បង្ខំឱ្យក្រុមប្រឹក្សាភិបាលរបស់ OpenAI គិតគូរពីតម្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងសារៈសំខាន់នៃការគ្រប់គ្រងបច្ចេកវិទ្យា AI នេះ។ រឿងនេះក៏បង្ហាញពីការជជែកដេញដោលជុំវិញផលប៉ះពាល់សីលធម៌ និងសង្គមនៃការអភិវឌ្ឍ AI ជាពិសេសរឿងសុវត្ថិភាព និងការងាយស្រួលប្រើប្រាស់៕

ប្រភព៖ CNN   អត្ថបទ ៖ គីម ណារ៉ាក់