ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្ដេជ្ញាជម្រុញ ៣វិស័យនៅកម្ពុជា តែអប់រំ សំខាន់បំផុត
- 2025-02-20 05:48:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្ដេជ្ញាជម្រុញ ៣វិស័យនៅកម្ពុជា តែអប់រំ សំខាន់បំផុត
ចន្លោះមិនឃើញ
ក្រោមក្រសែភ្នែកយកចិត្ដទុកដាក់ និងស្នូរទះដៃអបអរសាទររបស់ប្រមុខការទូតកម្ពុជា និងអ៉ីស្រាអែល ចំពោះអ្នកឧកញ៉ា សួរ វីរៈ ដែលបានក្លាយជាតំណាងកុងស៊ុលកិត្តិយសទីមួយ នៃរដ្ឋអ៊ីស្រាអែល ប្រចាំនៅកម្ពុជា ត្រូវបានគេរំពឹងថា ជាការប្ដេជ្ញាចិត្ដខ្ពស់បង្កើតការទូតកាន់តែស្អិតរមួត ហើយគិតគូអភិវឌ្ឍវិស័យសំខាន់ៗរបស់ប្រទេសទាំងពីរ។
ផ្ដល់បទសម្ភាសន៍ជាមួយ Sabay ក្នុងឱកាសតែងតាំងកុងស៊ុលកិត្តិយសទីមួយអ៊ីស្រាអែល ប្រចាំនៅកម្ពុជា គឺអ្នកឧកញ្ញ៉ា សួរ វីរៈ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានបញ្ជាក់ថា មានការងារច្រើនចាប់ពីពេលនេះតទៅរវាងប្រទេសទាំងពីរ។ ក្នុងនោះមាន ៣វិស័យធំៗ ដែលនឹងក្លាយអាទិភាព គឺវិស័យអប់រំ បច្ចេកវិទ្យា និងកសិកម្ម។
“វិស័យអប់រំជារឿងអាទិភាពបំផុតសម្រាប់អ៊ីស្រាអែល"។ លោកស្រីប្រៀបធៀបការវិនិយោគលើវិស័យអប់រំថា "ដូចយើងដាំគ្រាប់ពូជអ៊ីចឹង បើយើងដាំឲ្យល្អ ផ្លែផ្កាទិន្នផល យើងនឹងបានយ៉ាងពេញចិត្តនៅថ្ងៃក្រោយ"។
ក្រោយធ្វើការជិតមួយឆ្នាំ ទម្រាំឈានដល់កិច្ចព្រមព្រៀងតែងតាំងកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា អ្នកឧកញ្ញាសួរ វីរៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកស្រីថា បច្ចុប្បន្នមិនទាន់សម្រេចគោលការណ៍ ឬគម្រោងផ្លូវការធំដុំនៅឡើយទេ ប៉ុន្តែចំណងទ្វេរភាគីរវាងប្រទេសទាំងពីរ នឹងរីកចម្រើនជាងមុន ពិសេសលើវិស័យអប់រំដែលលោកស្រីសង្កត់ធ្ងន់ថា នៅកម្ពុជានឹងមានស្ដង់ដារអប់រំអ៊ិស្រាអែល ពិសេសចាប់ពីកុមារតូចៗទៅ។
ជាក់ស្ដែងអ៊ីស្រាអែលកំពុងផ្ដល់ជំនួយសម្ភារៈសិក្សាដោយធ្វើការជាមួយអង្គការ និងសាលាដៃគូ ដោយបញ្ចូលថ្នាក់សរសេរកូដរ៉ូបូត (Robotic Coding Class) ដល់សិស្សក្មេងៗ ប្រមាណ ២០០នាក់។ នេះជា អ្វីដែលថ្មី និងជម្រុញឲ្យការអប់រំផ្នែកបច្ចេកវិទ្យាកាន់តែរីកចម្រើន និងឈានមួយជំហ៊ានទៀតលើផ្នែកគុណភាពអប់រំតាំងតែពីកុមារភាព ដើម្បីបង្កើនគុណភាព និងលទ្ធភាពឲ្យពួកគេអាចតោងឈានទៅដល់ផ្នែកបច្ចេកវិទ្យា និងវិស្វកម្មកំពូលៗនាថ្ងៃអនាគត។
ទៅថ្ងៃមុខ សិស្សានុសិស្សកម្ពុជាកាន់តែច្រើនឡើងៗ ដែលបច្ចុប្បន្នមានរាប់រយនាក់ ទទួលបានអាហារូបករណ៍ ឱកាសទៅធ្វើការ រៀនសូត្របន្ថែមពីបច្ចេកទេស បច្ចេកវិទ្យា ពិសេសក្នុងវិស័យកសិកម្មស្ដង់ដារអ៊ីស្រាអែល។ លោកស្រីថា ចំណងការទូតនេះ នឹងរឹតចំណង បង្កើនតួលេខបញ្ញាវ័ន្តពីកម្ពុជា តាមរយៈការអប់រំ និងការងារ។ ជាផលប្រយោជន៍សម្រាប់កម្ពុជា ក្រៅពីចំណេះជំនាញ អ្នកមានសមត្ថភាព និងឱកាសទាំងនោះនឹងក្លាយជាបុគ្គលសំខាន់ តាមរយៈមធ្យោបាយនានា វិវឌ្ឍខ្លួនជាសហគ្រិនជាន់ខ្ពស់ ឬវិនិយោគិន ឈានមុខ ពិសេសការចាក់បញ្ចូលបច្ចេកទេស បច្ចេកវិទ្យាស្ដង់ដារ ដូចកសិដ្ឋានគិរីសួគ៌កំពុងដំណើរការនៅកម្ពុជា និងច្រើនទៀត។
អ៊ីស្រាអែល ជាប្រទេសមហាអំណាចបច្ចេកវិទ្យាកសិកម្ម ជាប្រទេសដែលមានសមត្ថភាពបច្ចេកទេសខ្ពស់បំផុតកែប្រែដីវាលខ្សាច់ក្ដៅហួតហែងឲ្យទៅជាប្រទេសឈានមុខគេមួយផ្នែកបច្ចេកវិទ្យាកសិកម្ម។ បើមានការជួួយជ្រោមជ្រែងពីប្រទេសនេះ កម្ពុជាដែលជាទឹកដីពឹងផ្អែកលើកសិកម្ម អាចមានសង្ឃឹមកាន់តែច្រើនលើបច្ចេកទេសផលិតភាព កាន់តែទំនើប នឹងបន្តពង្រីកខ្លួន និងទីផ្សារអន្តរជាតិកាន់តែធំក៏ថាបានទៅអនាគត។
នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk លោក ឈរ រិទ្ធី ធ្លាប់បញ្ជាក់ថាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជាមានផ្ទៃដីទំហំ ៣០០ហិកតារ ផ្ចិតផ្ចង់លើ ការចិញ្ចឹមគោតាមបច្ចេកទេសទំនើប មានប្រព័ន្ធតាមដានសុខភាពគោ មានលេខសំគាល់នៅត្រចៀក និងមានបន្ទះឈីបភ្ជាប់នៅជើង សម្រាប់បញ្ជូលទិន្នន័យនានាអំពីគោ ដូចជាការដើរ ដេក ស៊ីចំណី ពិសេសករណីកើតមានភាពមិនប្រក្រតីណាមួយ វាបញ្ជូនសញ្ញាជាក់លាក់ទៅក្នុងប្រព័ន្ធកុំព្យូទ័រដែលយើងអាចកំណត់បានថាគោណាកើតអីតែម្តង។
នេះជាដំណើរការដោយស្វ័យប្រវត្តិទំនើបបំផុតមិនធ្លាប់មាននៅកម្ពុជា លើវិស័យកសិកម្ម ឬកសិដ្ឋានស្ដង់ដារ ហើយពេលនេះបច្ចុប្បន្នគោទឹកដោះបានកើនឡើងជិត ១០០០ក្បាលហើយ។
កំពុងដំណើរការជាក់ស្ដែងនិងធ្លាប់បានធ្វើទស្សនកិច្ចដោយផ្ទាល់ទៅដល់កសិដ្ឋានកាលពី២ឆ្នាំមុន លោកជំទាវក៏បានលើកឧទាហរណ៍ និងកោតសរសើដល់កសិដ្ឋានគិរីសួគ៌ ដែលបានដំណើរការដោយជោគជ័យនៅកម្ពុជា បំបាក់បច្ចេកវិទ្យានិងស្ដង់ដារ បូករួមទាំងអ្នកជំនាញអ៊ីស្រាអែលថា នេះជាការបោះជំហានទៅរកវឌ្ឍនភាពសហគ្រិនភាពស្ដង់ដារ ដែលក្នុងនាមលោកស្រី និងរដ្ឋាភិបាលអ៊ីស្រាអែលប្រាថ្នាចង់ឃើញកាន់តែច្រើនឡើងតទៅមុខ។
អ្នកឧកញ្ញ៉ា សួរ វីរៈ ត្រូវបានតែងតាំងនិងក្លាយជា អគ្គកុងស៊ុលកិត្តិយសទីមួយអ៊ីស្រាអែល ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តថានឹងជំរុញចំណងការទូតនិងសេដ្ឋកិច្ចនានា ពិសេសលើវិស័យអប់រំ វិនិយោគទុន វប្បធម៌ប្រពៃណី ទេសចរណ៍ រវាងកម្ពុជានិងអ៊ីស្រាអែល ហើយរុញកម្ពុជាទៅលើឆាកអន្តរជាតិឲ្យកាន់តែអណ្ដែតខ្ពស់៕