អ្នកឧកញ្ញ៉ា សួរ វីរៈ ក្លាយជាអគ្គកុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៉ីស្រាអែល ជាមួយនឹងការប្ដេជ្ញាចិត្ដមិនធម្មតា!

  • 2025-02-20 08:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ្ញ៉ា សួរ វីរៈ ត្រូវបានតែងតាំងជាអគ្គកុងស៊ុលកិត្តិយសទីមួយ នៃរដ្ឋអ៉ីស្រាអែល ប្រចាំនៅកម្ពុជា។ លោក បានប្ដេជ្ញាចិត្ត ថានឹងជម្រុញចំណងការទូត និងសេដ្ឋកិច្ចនានា ពិសេសលើវិស័យអប់រំ ធុរកិច្ច ឧស្សាហកម្ម វប្បធម៌ ប្រពៃណី និងទេសចរណ៍របស់ប្រទេសកម្ពុជា និងអ៉ីស្រាអែល និងជួយលើកមុខមាត់កម្ពុជាទៅកាន់ឆាកអន្ដរជាតិ។

ថ្លែងក្នុងពិធីប្រកាសតែងតាំង និងទទួលតួនាទីជាផ្លូវការ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងមន្ដ្រីការទូតរបស់ប្រទេសទាំងពីរ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ ថា អ៊ីស្រាអែល និងកម្ពុជាកំពុងចែករំលែកបទពិសោធន៍ដ៏សម្បូរបែប ភាពច្នៃប្រឌិត និងភាពជឿជាក់ ក្នុងដំណើរឆ្ពោះទៅវឌ្ឍនភាព ។ ទោះបីជាប្រទេសទាំងពីរមានទីតាំងស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ប្រជាជាតិទាំងពីរមានគោលបំណងស្របគ្នាជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ការពង្រឹងផ្នែកបច្ចេកវិទ្យា វិស័យអប់រំ ដែលនឹងធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់ ប្រជាជន។

អ្នកឧកញ៉ា ស៊ូ វីរៈ៖ “ក្នុងនាមជាកុងស៊ុលកិត្តិយស ខ្ញុំមានតួនាទីពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដើម្បីឱ្យកាន់តែមានការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ”។

ក្នុងឱកាសនោះដែរ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានបញ្ជាក់ថា មានការងារច្រើនចាប់ពីពេលនេះតទៅរវាងប្រទេសទាំងពីរ។ ក្នុងនោះមាន ៣វិស័យធំៗ ដែលនឹងក្លាយអាទិភាព គឺវិស័យអប់រំ បច្ចេកវិទ្យា និងកសិកម្ម។

លោកជំទាវ Orna Sagiv៖ “វិស័យអប់រំជារឿងអាទិភាពបំផុតសម្រាប់អ៊ីស្រាអែល"។ លោកស្រីប្រៀបធៀបការវិនិយោគលើវិស័យអប់រំថា "ដូចយើងដាំគ្រាប់ពូជអ៊ីចឹង បើយើងដាំឲ្យល្អ ផ្លែផ្កាទិន្នផល យើងនឹងបានយ៉ាងពេញចិត្តនៅថ្ងៃក្រោយ"។

ក្រោយធ្វើការជិតមួយឆ្នាំ ទម្រាំឈានដល់កិច្ចព្រមព្រៀងតែងតាំងកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា អ្នកឧកញ្ញាសួរ វីរៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកស្រីថា បច្ចុប្បន្នមិនទាន់សម្រេចគោលការណ៍ ឬគម្រោងផ្លូវការធំដុំនៅឡើយទេ ប៉ុន្តែចំណងទ្វេរភាគីរវាងប្រទេសទាំងពីរ នឹងរីកចម្រើនជាងមុន ពិសេសលើវិស័យអប់រំដែលលោកស្រីសង្កត់ធ្ងន់ថា នៅកម្ពុជានឹងមានស្ដង់ដារអប់រំអ៉ីស្រាអែល ពិសេសចាប់ពីកុមារតូចៗទៅ។

បើតាមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស បច្ចុប្បន្នអ៉ីស្រាអែលបានក្លាយជាប្រទេសមហាអំណាចបច្ចេកវិទ្យាឧស្សាហកម្ម និងកសិកម្ម។ ក្នុងពេលជាមួយគ្នាវិស័យចំនួនទៀតរបស់អ៉ីស្រាអែល លូតលាស់ទៅមុខយ៉ាងលឿនបែបនេះ ធ្វើឲ្យកម្ពុជា ដែលជាប្រទេសដៃគូការទូតកាន់តែស្អិតរមួត នឹងទទួលបានឱកាសអភិវឌ្ឍខ្លួនលើវិស័យអាទិភាពមួយចំនួន។ ជាក់ស្ដែងវិស័យអប់រំ ប្រទេសអ៉ីស្រាអែលបានទទួលនិស្សិតអាហារូបករណ៍រាប់រយនាក់ទៅបណ្ដុះបណ្ដាល ហើយបានត្រឡប់កម្ពុជាវិញជាមួយចំណេះដឹង បទពិសោធន៍ល្អៗដែលជាឱកាសទទួលបានការងារល្អៗធ្វើទាំងនៅស្ថាប័នរដ្ឋ និងឯកជន៕

ជិន សុភ័ក្ដ្រ