រថយន្ត LX 700h បង្ហាញវត្តមានជាផ្លូវការជាមួយប្រព័ន្ធ Hybrid ថ្មី ជានិម្មិត្តសញ្ញានៃ ភាពប្រណីតរបស់ឡិចស៊ឺស នៅក្នុងប្រទេសកម្ពុជា

  • 2025-02-28 05:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥] ឡិចស៊ឺស ខេមបូឌា បានបង្ហាញចេញជាផ្លូវការនូវវត្តមាននៃរថយន្ត LX 700h សម្រាប់ទីផ្សារប្រទេសកម្ពុជា ជារថយន្តប្រណីតផុតលេខថ្មីចុងក្រោយបង្អស់របស់ ឡិចស៊ឺស ដែលមានបំពាក់នូវប្រព័ន្ធ Hybrid ស៊េរីថ្មី ផ្គួបផ្សំនឹងសមត្ថភាពបើកបរដែលអាចជម្នះបានគ្រប់ស្ថានភាពផ្លូវ និងការវិវត្តនៃការបើកបរប្រកបដោយផាសុកភាពរបស់ ឡិចស៊ឺស ហើយថែមទាំងមានមុខងារសុវត្ថិភាពជាច្រើនសម្បូរបែបផងដែរ។

រថយន្តម៉ូដែល LX នេះបានក្លាយជានិម្មិត្តសញ្ញានៃឧត្តមភាព និងភាពថ្លៃថ្នូរ ក្នុងឧស្សាហកម្មយានយន្តទូទាំងពិភពលោក ចាប់តាំងពីពេលដែលលេចវត្តមានជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៦។ ជាមួយគុណភាពនៃការបើកបរប្រកបដោយផាសុកភាព គ្រឿងបរិក្ខារប្រណីត អានុភាពដ៏ខ្លាំងក្លា និងជម្នះបានគ្រប់ស្ថានភាពផ្លូវ បានធ្វើឲ្យរថយន្តម៉ូដែល LX ក្លាយជានិយមន័យនៃឧត្តមភាពដែលអតិថិជនរំពឹងចង់បានពីក្រុមហ៊ុន ឡិចស៊ឺស។

ប្រព័ន្ធ Hybrid ប្រភេទ Parallel រចនាថ្មី អ្វីដែលធ្វើឲ្យ ឡិចស៊ឺស LX 700h លេចធ្លោលើសពីរថយន្តម៉ូដែលផ្សេង គឺសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់វា ជាពិសេសគឺប្រព័ន្ធ Hybrid Parallel ដែលរចនាថ្មី។ ប្រព័ន្ធ Hybrid Parallel ថ្មីនេះមានដាក់បញ្ចូលនូវឧបករណ៍បម្លែងថាមពលពីម៉ូទ័រអគ្គិសនី រួមជាមួយនឹងអំប្រ៉ាយ៉ា នៅចន្លោះម៉ាស៊ីន និងប្រអប់លេខ ដែលការរៀបចំបែបនេះអាចរក្សាបាននូវចំណុចពិសេសដូចជាការបើកបរប៉ុងពីរ (4WD) ដ៏ពេញលេញ ហើយប្រព័ន្ធថ្មីនេះក៏អាចគ្រប់គ្រងបានយ៉ាងវៃឆ្លាតលើការប្ដូរការបើកបរពីការប្រើអគ្គិសនីសុទ្ធ និងការប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធ ដែលវាអាចផ្លាស់ប្ដូរទៅតាមស្ថានភាពផ្លូវជាក់ស្ដែង។

ប្រព័ន្ធ Hybrid ប្រភេទ Parallel លើរថយន្ត ឡិចស៊ឺស LX 700h រួមផ្សំដោយម៉ាស៊ីនចំហេះក្នុង ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ ប្រភេទ Twin Turbo អមជាមួយប្រអប់លេខស្វ័យប្រវត្តិប្រភេទ Direct Shift ១០វគ្គ ព្រមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនមួយ ដែលប្រព័ន្ធនេះអាចផលិតថាមពលបានសរុប ៤៥៧សេះ ជាមួយកម្លាំងរង្វិល ៦៥០ញ៉ូតុនម៉ែត្រ។

ប្រព័ន្ធ Hybrid នេះមិនត្រឹមតែអាចផ្ដល់ជូនថាមពលដ៏ខ្លាំងក្លានោះទេ ព្រមទាំងសន្សំសំចៃថែមទៀតផង។ ជាក់ស្ដែងរថយន្ត ឡិចស៊ឺស LX 700h មានកម្រិតប្រើប្រេងប្រមាណ ២០MPG (បើកបរចម្ងាយ ១០០គីឡូម៉ែត្រ ប្រើប្រេងឥន្ធនៈអស់ប្រមាណ ១១,៧លីត្រ) ជាកម្រិតប្រើប្រាស់ដ៏សន្សំសំចៃមួយ ដែលនឹងក្លាយជាស្តង់ដារថ្មីសម្រាប់រថយន្ត SUV ប្រណីតប្រភេទ Hybrid។ ម៉ាស៊ីន Twin Turbo របស់រថយន្តនេះបានឌីហ្សាញឡើងទាំងសម្រាប់ទការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរលើផ្លូវពិបាក អាចបង្កើនសន្ទុះបានដោយរលូន និងច្បាស់លាស់ ធានាបានថាអ្នកបើកបរអាចគ្រប់គ្រងថាមពលបានយ៉ាងល្អ។ អាគុយ Hybrid នៃរថយន្តនេះ បានដាក់នៅផ្នែកខាងក្រោយឃ្លុបដាក់ឥវ៉ាន់ខាងក្រោយ ដែលការរៀបចំបែបនេះគឺមិនប៉ះពាល់ដល់ទំហំផ្ទុកក្នុងរថយន្ត ហើយនៅតែអាចផ្ដល់ថាមពលបានខ្លាំងក្លាថែមទៀត។

រថយន្តម៉ូដែល LX 700h គឺជារថយន្ត ឡិចស៊ឺស ដំបូងគេ ដែលមានមកជាស្តង់ដារទាំងឧបករណ៏បម្លែងថាមពល និងឧបករណ៏បញ្ឆេះ ដែលនេះគឺជាការវិវត្តគួរឲ្យកត់សម្គាល់មួយបើធៀបទៅនឹងប្រព័ន្ធ Hybrid Parallel ពីមុនរបស់ ឡិចស៊ឺស។ នៅពេលដែលប្រព័ន្ធ Hybrid មិនដំណើរការដោយប្រការណាមួយ ឧបករណ៍បញ្ឆេះនឹងអាចឲ្យម៉ាស៊ីនបញ្ឆេះដោយឯកឯងបាន ខណៈដែលឧបករណ៍បម្លែងថាមពលនឹងផ្ដល់ថាមពលដល់អាគុយ ១២វ៉ុលលើរថយន្ត ហើយអាចឲ្យរថយន្តដំណើរការដោយប្រើថាមពលពីម៉ាស៊ីនចំហេះក្នុងបាន។

ការពង្រឹងលើមុខងារមួយចំនួនដើម្បីឲ្យការបើកបរកាន់តែមានផាសុកភាព ម្ចាស់រថយន្ត ឡិចស៊ឺស LX 700h ទាំងឡាយប្រាកដជាស្រឡាញ់ពេញចិត្តរថយន្តរបស់ខ្លួន ដោយសារតែរថយន្តនេះបានឌីហ្សាញឡើងជាមួយការយកចិត្តទុកដាក់ខ្ពស់ គ្រប់ចំណុចទាំងអស់លើរថយន្តគឺបានរៀបចំឡើងជាមួយគោលបំណងពង្រឹងបទពិសោធន៍នៃការបើកបរឲ្យកាន់តែល្អប្រសើរ។

លើរថយន្ត ឡិចស៊ឺស LX 700h មានមុខងារច្រើនសម្បូរបែបដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍របស់វា។ តួយ៉ាង វាមានប្រព័ន្ធ AC ការពារធន់នឹងទឹក អាចផ្ដល់ថាមពលចេញក្រៅបានរហូតដល់ ២៤០០វ៉ាត់ ឯណោះ។ កាន់តែងាយស្រួលទៀតនោះ វាក៏មាន រន្ធដោត USB Type-C ដែលអាចស្វែងរកបាននៅក្បែរប្រព័ន្ធបញ្ជាដែលស្ថិតនៅផ្នែកកណ្ដាលនៃរថយន្ត និងមាននៅកៅអីជួរខាងក្រោយផងដែរ។

លើរថយន្ត ឡិចស៊ឺស LX 700h ក៏មាននូវបន្ទះបញ្ចូលថាមពលស្មាតហ្វូនប្រភេទឥតប្រើខ្សែដែលបានវិវត្តន៍ថ្មីអាចសាកបញ្ចូលថាមពលបានកាន់តែលឿនជាងមុន។ បន្ថែមពីនេះ លើម៉ូដែល VIP និងម៉ូដែល F-Sport ដែលពីមុនមានបន្ទះសាកភ្លើងនេះតែនៅផ្នែកខាងក្រោយ ឥឡូវនេះក៏មាននៅផ្នែកខាងមុខផងដែរ ងាយស្រួលទាំងសម្រាប់អ្នកបើកបរ និងសម្រាប់អ្នកធ្វើដំណើរ។

ដើម្បីពង្រឹងដល់ការផ្ដោតអារម្មណ៍របស់អ្នកបើកបរផងនោះ ព័ត៌មានដែលជំនួយដល់ការបើកបរត្រូវបានបង្ហាញយ៉ាងច្បាស់ៗ។ បន្ថែមពីលើតួលេខស្តង់ដារដូចជាថាមពលនៃអាគុយជំនួយ និងសម្ពាធប្រេងរថយន្តនោះ អ្នកបើកបរអាចកំណត់ឲ្យអេក្រង់បង្ហាញនូវរង្វាស់ជំរុញ (Boost Meter) ឬកម្រិតនៃការសាកភ្លើងអាគុយ Hybrid (សម្រាប់ប្រភេទ Hybrid) ជាដើម។ ជាងនេះទៅទៀត រូបភាពចលនានៃរថយន្ត ពេលជ្រើសរើសប្រភេទបើកបរ និងការជ្រើសរើសប្រភេទផ្លូវបើកបរ ក៏បានរចនា ឡើងវិញ ដើម្បីកាន់តែងាយស្រួលសង្កេតមើលជាងមុន។

ផ្នែកខាងក្រៅស៊ីវិល័យ ផ្នែកខាងក្នុងប្រណីត ជានិយមន័យរបស់ ឡិចស៊ឺស

ការរចនារូបរាងខាងក្រៅរបស់រថយន្ត ឡិចស៊ឺស LX 700h គឺជាការលាយបញ្ចូលគ្នារវាងមុខងារសំខាន់ ជាមួយនឹងរូបរាងដ៏ទាក់ទាញ។ ចំណែកផ្នែកខាងក្នុងវិញបានឌីហ្សាញឡើងដោយផ្ដោតសំខាន់លើអ្នកបើកបរ ធានាបានថាគ្រប់ការបញ្ជា និងការបង្ហាញ ដូចជាកុងទ័រ ឬអេក្រង់ Head-Up Display គឺនៅក្បែរៗដៃ និងបង្ហាញបានច្បាស់ៗ។ ការរចនាផ្នែកខាងក្នុងនេះ ត្រូវបានគេឲ្យឈ្មោះថាជាការរចនាបែប Tazuna (តាហ្សូណា) ជាមួយគោលបំណងផ្ដល់ឲ្យអ្នកបើកបរនូវការគ្រប់គ្រងពេញលេញ ដោយមានការបែងចែកការគ្រប់គ្រងចេញជាបីផ្នែក រួមមានការគ្រប់គ្រងសីតុណ្ហភាព ការគ្រប់គ្រងប្រភេទនៃការបើកបរ និងការគ្រប់គ្រងលើការបើកបរ។ បន្ថែមពីនេះដែរ ការរចនាបែប Tazuna (តាហ្សូណា) លើរថយន្ត ឡិចស៊ឺស LX 700h បានកំណត់ដោយទ្រឹស្ដី “ដៃជាប់នឹងចង្កូត និងភ្នែកសម្លឹងទៅកាន់ផ្លូវខាងមុខ” ដើម្បីជួយសម្រួលដល់ការកំណត់ទីតាំងនៃអេក្រង់ និងឧបករណ៍គ្រប់គ្រង។ ធាតុផ្សំសំខាន់ៗនៃមុខងារនេះមានដូចជា អេក្រង់ Head-Up Display, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងប៊ូតុងបញ្ជាដ៏ងាយស្រួល ដោយពួកវាសហការគ្នា ជួយកាត់បន្ថយការកម្រើកមិនចាំបាច់ និងជួយពង្រឹងដល់ការបើកបរឲ្យកាន់តែមានទំនុកចិត្ត។

រថយន្តត្រកូល LX បានពង្រឹងលើប្រណីតភាពជាមួយជម្រើសម៉ាស្សា ៥ប្រភេទសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរផ្នែកខាងមុខ។ អ្នកប្រើប្រាស់អាចកំណត់បទពិសោធន៍នៃការម៉ាស្សា ដោយអាចផ្លាស់ប្ដូរកម្លាំងម៉ាស្សា និងកំណត់ទីតាំងដែលចង់ឲ្យម៉ាស្សាបាន។ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃរថយន្ត ឡិចស៊ឺស LX 700h បានឌីហ្សាញឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយវត្ថុធាតុដើមប្រណីត និងទឹកដៃប្រកបដោយភាពប៉ិនប្រសប់ ដែលនេះគឺជានិយមន័យនៃកិត្យានុភាព និងជានិម្មិត្តសញ្ញានៃភាពថ្លៃថ្នូរ។ រថយន្ត ឡិចស៊ឺស LX 700h នឹងជួយលើកកម្ពស់ឋានៈម្ចាស់រថយន្តនៅក្នុងសង្គម ព្រមទាំងឆ្លុះបញ្ចាំងអំពីថាមពល និងភាពជោគជ័យថែមទៀតផង។

រថយន្ត LX មានជម្រើសពណ៌ខាងក្នុងចំនួន៥ ប្រភេទរួមមាន ពណ៌ត្នោតស្រាល Palomino, ពណ៌ស លាយពណ៌ប្រផេះដិត Peppercorn, ពណ៌ក្រហមដិត Circuit Red , ពណ៌ខ្មៅ និងពណ៌ត្នោត Stone Brown ដែលជម្រើសពណ៌ទាំងនេះអាស្រ័យទៅលើ Option នៃរថយន្តផងដែរ។ លើកកម្ពស់កិត្យានុភាព និងឋានៈសង្គមជាមួយ រថយន្តឡិចស៊ឺស LX 700h

មិនត្រឹមតែជារថយន្តប្រណីតមួយម៉ូដែលនោះទេ ប៉ុន្តែរថយន្ត ឡិចស៊ឺស LX 700h ក៏តំណាងឲ្យភាពស្វិតស្វាញ និងស្មារតីនៃការជម្នះគ្រប់ឧបសគ្គ ដោយវាមានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវប្រណីតភាព កម្លាំង និងសមត្ថភាពបើកបរផ្លូវពិបាក។ រថយន្ត ឡិចស៊ឺស LX 700h គឺជាដៃគូដ៏ស័ក្តិសមនៃការធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានរបស់លោកអ្នក មិនថាការបើកបរលើផ្លូវលាតក្នុងទីក្រុង ឬការបើកបរផ្លូវពិបាកៗ។ វាគឺជានិមិត្តរូបនៃការជម្នះឧបសគ្គ ដែលស័ក្តិសមសម្រាប់បុគ្គលដែលមានស្មារតីនៃអ្នកឈ្នះ និងអ្នកដឹកនាំពិតប្រាកដ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃភាពស្វិតស្វាញ រថយន្ត ឡិចស៊ឺស LX700h គឺជាសក្ខីភាពនៃស្មារតីដែលអាចយកឈ្នះគ្រប់ឧបសគ្គទាំងឡាយ។

ការរចនាឡើងសម្រាប់បុគ្គលដែលមិនរុញរានឹងឧបសគ្គ រថយន្តឡិចស៊ឺស LX700h ផ្ដល់ថាមពលជូនអ្នកបើកបរឲ្យសម្រេចនូវគោលដៅ ទទួលបានជោគជ័យក្នុងជីវិត និងជាបញ្ជាក់អំពីឋានៈរបស់ពួកគេក្នុងសង្គម។ ក្នុងស្ថានភាពផ្លូវពិបាក រថយន្តឡិចស៊ឺស LX 700h អាចពង្រីកកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនលើសពីការបើកបរ High Range ដោយវាអាចផ្ដល់ថាមពលដែលបានពីម៉ូទ័រអគ្គិសនីទៅឲ្យការបើកបរ Low Range ដែលលក្ខណៈពិសេសនេះទើបតែមានលើរថយន្ត ឡិចស៊ឺស ជាលើកដំបូងប៉ុណ្ណោះ។

មុខងារនេះ ផ្គួបជាមួយនឹងម៉ូដជាច្រើននៃមុខងារ Multi-Terrain Select អាចឲ្យមានការបើកបរដោយប្រើតែម៉ូទ័រអគ្គិសនីសុទ្ធ នៅពេលដែលស្ថិតនៅក្នុងកាលៈទេសៈមួយដែលទាមទារនូវការគ្រប់គ្រងកម្លាំងច្បាស់លាស់ ដូចជាពេលបើកបរលើផ្លូវថ្ម ផ្លូវផុក និងបើកបរកាត់ព្រិលជ្រៅៗ។ នៅលើរថយន្ត ឡិចស៊ឺស LX 700h សម្រាប់ Option ឈ្មោះថា Overtrail មានបន្ថែមការគ្រប់គ្រងក្រឡេមុខ និងក្រោយ បែបអេឡិចត្រូនិក ដែលវាអាចជួយរក្សាលំនឹងកង់រថយន្ត និងជួយដល់កម្លាំងទាញនៅពេលបើកបរផ្លូវពិបាកៗ។

បច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបដែលធានានូវការបើកបរដ៏រលូន

ក្រុមហ៊ុន ឡិចស៊ឺស នៅតែបន្តការប្ដេជ្ញាក្នុងការសម្រេចឲ្យបាននូវមធ្យោបាយចល័តមួយដែលផ្ដល់ជូនសុវត្ថិភាព តាមរយៈការបន្តអភិវឌ្ឍន៍លើបច្ចេកវិទ្យាសុវត្ថិភាព។ នៅលើរថយន្ត LX ស៊េរីថ្មី បានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព Lexus Safety System + 3.0 ដែលក្នុងនោះមានមុខងារទប់ស្កាត់ការប៉ះទង្គិច Pre-Collision System (PCS) ជាមួយមុខងារចាប់សញ្ញាអ្នកថ្មើរជើង, មុខងារកំណត់ល្បឿនស្វ័យប្រវត្តិ All-speed Dynamic Radar Cruise Control, មុខងារជូនដំណឹងពីគន្លងផ្លូវ Lane Departure Alert ជាមួយមុខងារជំនួយចង្កូតរថយន្ត Steering Assist, មុខងារជំនួយស្លាកសញ្ញាដងផ្លូវ Road Sign Assist, មុខងារភ្លើងហ្វាវៃឆ្លាត Intelligent High Beams និងមុខងារជំនួយការបើកបរ Proactive Driving Assist។

មុខងារជំនួយការបើកបរ Proactive Driving Assist គឺជាមួយមុខងារមួយដែលអាចបត់បែនទៅតាមស្ថានភាពនៃការបើកបរដែលផ្ដល់ជំនួយដ៏ល្អប្រសើរ ហើយវាក៏មាននូវប្រព័ន្ធសង្កេតមើលអ្នកបើកបរដែលអាចកែសម្រួលការគ្រប់គ្រងផ្អែកតាមអ្នកបើកបរម្នាក់ៗ។ មុខងារទំនើបបែបនេះ គឺបានបញ្ជាក់អំពីការប្ដេជ្ញាខ្ពស់របស់ ឡិចស៊ឺស ក្នុងការផ្ដល់ជូនបទពិសោធន៍នៃការបើកបរដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

តាមរយៈការប្រកាសចេញរថយន្ត ឡិចស៊ឺសម៉ូដែល LX700h ឡិចស៊ឺស អភិវឌ្ឍន៍បាននូវប្រព័ន្ធ Hybrid Parallel ថ្មី ដែលបង្កើតឡើងដោយយកចិត្តទុកដាក់ ដើម្បីរក្សាកិត្តិនាមនៃភាពគួរឲ្យទុកចិត្ត ភាពរឹងមាំ និងសមត្ថភាពបើកបរផ្លូវពិបាក ដែលចំណុចទាំងនេះគឺបានក្លាយជាអត្តសញ្ញាណរបស់ ម៉ូដែល LX ច្រើនជំនាន់មកហើយ។ ប្រព័ន្ធដ៏ច្នៃប្រឌិតមួយនេះ បានប្រើប្រាស់កម្លាំងរង្វិលនៃម៉ូទ័រអគ្គិសនី ដើម្បីផ្ដល់ជូននូវបទពិសោធន៍បើកបរដ៏លេចធ្លោរបស់ ឡិចស៊ឺស ហើយព្រមទាំងជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតដែលសាយភាយចូលទៅក្នុងបរិយាសកាស ជាការរួមចំណែកក្នុងការកសាងអនាគតមួយដែលប្រកបដោយនិរន្តភាព។

លោក រ៉ូជី ហ្វូជីតា អគ្គនាយក ឡិច ស៊ឺស ខេមបូឌាបានថ្លែងប្រាប់សារពត៌មានថា៖ បន្ទាប់ពីជោគជ័យជាមួយការផ្លាស់ប្ដូរថ្មីទាំងស្រុងលើរថយន្ត LX ឆ្នាំ២០២១ ដែលពេលនោះទទួលបានការកោតសរសើរទួទាំងសកលលោកចំពោះ «សមត្ថភាពបើកបរដ៏រលូន និងល្អឥតខ្ចោះ» ឡិចស៊ឺស បានទទួលស្គាល់អំពីតម្រូវការក្នុងការបញ្ចូលថាមពលអគ្គិសនីលើម៉ូដែលរថយន្តរបស់ខ្លួន ហើយវាក៏ស្របទៅតាមការប្ដេជ្ញារបស់យើងចំពោះអព្យាក្រឹតកាបូនផងដែរ។ តាមរយៈការអភិវឌ្ឍដោយយកចិត្តទុកដាក់ ផ្ដោតលើសុវត្ថិភាព និងប្រតិបត្តិការដ៏គួរឲ្យទុកចិត្ត ពួកយើងអាចបង្កើតបាននូវប្រព័ន្ធ Hybrid Parallel ថ្មី និងកែសម្រួលលើគ្រោងឆ្អឹង GA-F ដែលនេះគឺដើម្បីធានាថា បទពិសោធន៍នៃការបើកបរពិតប្រាកដរបស់ ឡិចស៊ឺស នៅតែអាចរក្សាបាន ទោះបីជាមានការបន្ថែមថាមពលអគ្គិសនីក្ដី។

ពួកយើងពិតជាមានសេចក្ដីរំភើបក្នុងការណែនាំរថយន្ត ឡិចស៊ឺស LX 700h ទៅដល់អ្នកបើកបរដ៏ឆ្លាតវៃនៅកម្ពុជា។ វាប្រៀបបានជាទំព័រថ្មីមួយសម្រាប់ ឡិចស៊ឺស នៅក្នុងទីផ្សារដ៏រស់រវើកនេះ។ ពួកយើងជឿជាក់ថាការប្ដេជ្ញារបស់យើងចំពោះការច្នៃប្រឌិត គុណភាព និងសេវាកម្មអតិថិជនដែលមិនអាចប្រៀបផ្ទឹមបាន នឹងអាចផ្ដល់ជូនពួកគេ (អ្នកបើកបរនៅកម្ពុជា) នូវបទពិសោធន៍ដ៏ពិសេសក្នុងនាមជាម្ចាស់រថយន្ត ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងរបៀបរស់នៅនៃអ្នកដឹកនាំជំនាន់ថ្មីដែលមិនរុញរាចំពោះឧបសគ្គ ប៉ងសម្រេចនូវសមិទ្ធិផលធំៗ ព្រមទាំងនាំយកមកជាមួយនូវការផ្លាស់ប្ដូរមកកាន់សង្គមកម្ពុជាផងដែរ។

ឡិចស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ។

ត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

ទំនាក់ទំនងការកក់ និងព័ត៌មានលម្អិតតាមរយៈលេខ៖ +855 17 888 727។ អាស័យដ្ឋាន ឡិច ស៊ឺសខេបូឌា៖ ដីឡូតិ៍លេខ១៣៥២ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ Lexus Cambodia ផែនទី

ជិន សុភ័ក្ដ្រ