ចិន ហាមអ្នកជំនាញផ្នែកបច្ចេកវិទ្យា AI ធ្វើដំណើរទៅ អាមេរិក ដោយសារមូលហេតុសំខាន់មួយ
- 2025-03-05 04:11:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ហាមអ្នកជំនាញផ្នែកបច្ចេកវិទ្យា AI ធ្វើដំណើរទៅ អាមេរិក ដោយសារមូលហេតុសំខាន់មួយ
ចន្លោះមិនឃើញ
អាជ្ញាធរចិន មានការព្រួយបារម្ភថា អ្នកជំនាញផ្នែកបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត AI ដែលធ្វើដំណើរទៅក្រៅប្រទេស អាចបង្ហាញព័ត៌មានសម្ងាត់អំពីគម្រោង និងការរីកចម្រើនបច្ចេកវិទ្យានៅក្នុងប្រទេស។ ក៏ដូចជាការព្រួយបារម្ភថា អ្នកជំនាញទាំងនោះ អាចត្រូវបានឃុំខ្លួន និងប្រើជាចំណាប់ខ្មាំងក្នុងការចរចារវាងចិន និងសហរដ្ឋអាមេរិក។ ករណីនេះ ត្រូវបានប្រៀបធៀបទៅនឹងការឃុំខ្លួនអ្នកដឹកនាំ Huawei នៅកាណាដា ក្នុងសំណើរបស់វ៉ាស៊ីនតោននៅអំឡុងពេល រដ្ឋបាលត្រាំ កាន់អំណាច លើកទីមួយ។
អ្នកជំនាញក្នុងវិស័យ AI និងឧស្សាហកម្មដែលមានភាពរសើបផ្សេងៗ ត្រូវបានណែនាំឲ្យធ្វើដំណើរ ក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ចំពោះអ្នកដែលធ្វើដំណើរ ត្រូវរាយការណ៍ផែនការរបស់ខ្លួនមុនពេលចេញដំណើរ និងធ្វើរបាយការណ៍អំពីអ្នកដែលបានជួប និងគោលបំណងនៃកិច្ចប្រជុំ បន្ទាប់ពីវិលត្រឡប់មកវិញ។
កាលពីខែកុម្ភៈ កន្លងទៅ មេដឹកនាំចិន ស៊ី ជីនពីង បានរៀបចំកិច្ចប្រជុំជាមួយអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាធំៗ ដើម្បីលើកទឹកចិត្តឲ្យពួកគេ បង្ហាញសមត្ថភាព និងមានទំនុកចិត្តលើគំរូ និងទីផ្សាររបស់ប្រទេស។ ក្រុមហ៊ុន AI ចិន ដូចជា DeepSeek បានចេញម៉ូដែល AI ថ្មីដែលពួកគេអះអាងថា អាចប្រកួតប្រជែង ឬ មានសមត្ថភាពលើសពី OpenAI និង Google Gemini ក្នុងតម្លៃផលិតទាបជាង។
នៅពេលដែលចិន និងសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងក្នុងការរីកចម្រើនផ្នែក AI ជាសាកល ការសម្រេចនេះបានបង្ហាញពីភាពតានតឹង និងការប្រកួតប្រជែង ដើម្បីរក្សាសន្តិសុខជាតិ ក្នុងវិស័យនេះ៕