អ្នក​ចាត់​ការ​របស់ Lyon ជាប់​ពិន័យ​៩​ខែ​ដោយ​សារ​តែ​កាយវិការ​ដាក់​អាជ្ញាកណ្ដាល​

  • 2025-03-06 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Paulo Fonseca អ្នក​ចាត់​ការ​របស់​​ក្រុម​បាល់ទាត់ Lyon នៃ​ Ligue1 បារាំង​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​បារាំង​កំណត់​​ដាក់​ពិន័យ​ចំនួន​៩​ខែ​មិន​ឲ្យ​ចូល​ដឹក​នាំ​ក្រុម​ដោយ​សារ​តែ​កាយវិការ​​របស់​លោក​ធ្វើ​ហួសហេតុ​ទៅ​លើ​មន្ត្រី​ដឹក​នាំ​ការ​ប្រកួត និង​អាជ្ញាកណ្ដាល​ក្នុង​កំឡុង​ការ​ប្រកួត​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​។

​ហេតុ​ការ​នេះ​កើត​ឡើង​ក្នុង​​ពេល​ដែល Lyon ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Brest ២-១ នា​សប្ដាហ៍​ទី​២៤ នៃ​ Ligue1 របស់​បារាំង​​ ដោយ​ពេលនេះ​ Paulo Fonseca បាន​សម្ដែង​កាយ​​វិការ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ជា​ខ្លាំង​ស្ទើរ​តែ​ប៉ះ​មុខ​អាជ្ញាកណ្ដាល និង​ស្រែក​ខ្លាំង​ៗ​ដាក់​អាជ្ញាកណ្ដាល ក្នុង​ពេលនោះ​អាជ្ញាកណ្ដាល​ក៏​បាន​ផ្ដល់​កាត​ក្រហម​ទៅ​កាន់​អ្នក​ចាត់​​ការ​ខាង​លើ​បណ្ដេញ​ចេញ​ពី​ការ​ដឹកនាំ​ក្រុម​ភ្លាម​ៗ​ផងដែរ​។

បន្ទាប់​​ពី​ការ​បណ្ដេញ​ចេញ​នេះ​សហព័ន្ធ​បាល់ទាត់​បារាំង​បាន​ធ្វើ​ការ​លើ​រឿង​​នេះ​បន្ត​ ដោយ​សារតែមើល​ទៅ​កាយ​វិការ​របស់​អ្នក​ចាត់​ការ​ហាក់​មិន​​បាន​ផ្ដល់​ការ​គោរព​ទៅ​កាន់​​ក្រុម​ការងារ ពិសេស​គឺ​អាជ្ញាកណ្ដាល​។ ជា​ថ្មី​សហព័ន្ធ​មួយ​នេះ​បាន​សម្រេច​ពិន័យ​លោក Paulo Fonseca រយៈ​ពេល​៩​ ពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ​អ្នក​ចាត់​ការ​រូប​នេះ​មិនអាច​ជាន់​លើទីលាន​បានទេ ហើយ​​សូម្បី​តែ​បន្ទប់​ផ្លាស់​ប្ដូរ​សំលៀក​​​បំពាក់​ក៏​ហាម​មិន​ឲ្យ​ចូល​រហូត​ដល់​ខែ​​កញ្ញា ថែម​ទៀត​ផង៕ ​​

Daro Ly

អត្ថបទថ្មី