១សប្ដាហ៍ពេញ ក្រសួងបើកឲ្យប្រើសាកល្បងស្ពានខ្ពស់ជាងគេលើកំណាត់ផ្លូវលេខ១០ តែមានលក្ខណ្ឌ​ ២

  • 2025-03-25 03:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ក្នុងនោះស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ហើយ។

រូបថត៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

បើតាមលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ ស្ពានលេខ២៨ នឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ដើម្បីជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៥ ក្រសួងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយ​ **អនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ**។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី