កូរ៉េខាងត្បូង ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃដ៏ធំសម្បើមបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
- 2025-03-27 04:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃដ៏ធំសម្បើមបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង បានប្រកាសភាពអាសន្នជាតិនៅថ្ងៃនេះ ខណៈភ្លើងឆេះព្រៃដ៏ធំសម្បើម ដែលត្រូវបានចាត់ទុកថាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ បានឆាបឆេះតំបន់ភាគអាគ្នេយ៍ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់ស្លាប់។ ភ្លើងឆេះព្រៃនេះបានបំផ្លាញផ្ទះសម្បែងជាង ២០០ ខ្នង និងបង្ខំឱ្យប្រជាជនជាង ២៧,០០០ នាក់ជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ភ្លើងឆេះព្រៃបានផ្ទុះឡើងតាំងពីថ្ងៃសុក្រសប្តាហ៍មុន នៅស្រុក Sancheong ខេត្ត Gyeongsang ភាគខាងត្បូង ដោយសារផ្កាភ្លើងពីម៉ាស៊ីនកាត់ស្មៅមួយ។ ខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតបានធ្វើឱ្យភ្លើងឆេះរាលដាលយ៉ាងលឿនទៅកាន់ស្រុក Uiseong និងតំបន់ជុំវិញផ្សេងទៀត ដូចជា Andong និង Yeongdeok។ រហូតមកដល់ថ្ងៃពុធ ភ្លើងបានឆេះផ្ទៃដីជិត ១៧,៤០០ ហិកតា ដែលជាទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ កងកម្លាំងពន្លត់អគ្គិភ័យជាង ៤,៦៥០ នាក់ រួមជាមួយទាហាន និងឧទ្ធម្ភាគចក្រជាង ១៣០ គ្រឿង ត្រូវបានបញ្ជូនទៅទប់ស្កាត់ភ្លើង។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះបានជួបឧបសគ្គ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅ Uiseong កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់។ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពបានរាយការណ៍ថា មនុស្ស ២៦ នាក់ផ្សេងទៀតរងរបួស ខណៈការខូចខាតនៅតែបន្តកើនឡើង។
បើតាម Associated Press វត្តពុទ្ធសាសនា Gounsa ដែលមានអាយុ ១,៣០០ ឆ្នាំនៅ Uiseong ត្រូវបានបំផ្លាញស្ទើរពាក់កណ្តាល រួមទាំងសំណង់បុរាណចំនួនពីរដែលត្រូវបានចាត់ទុកជា “កំណប់ជាតិ”។ ភូមិ Hahoe Folk Village ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO ក៏ស្ថិតក្នុងគ្រោះថ្នាក់ផងដែរ ដោយអាជ្ញាធរបានជម្លៀសអ្នកស្រុក និងបាញ់ទឹកជុំវិញតំបន់ដើម្បីការពារ។
អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតិអាចធ្វើឱ្យភ្លើងឆេះព្រៃកាន់តែញឹកញាប់ និងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ នៅកូរ៉េខាងត្បូង សេវាព្រៃឈើបានដំឡើងកម្រិតព្រមានភ្លើងឆេះព្រៃដល់កម្រិត “ធ្ងន់ធ្ងរ” ដែលជាកម្រិតខ្ពស់បំផុត ដោយហាមឃាត់ការចូលទៅក្នុងព្រៃ និងតម្រូវឱ្យរដ្ឋាភិបាលមូលដ្ឋានបង្កើនការឆ្លើយតបបន្ទាន់។
អាកាសធាតុភ្លៀងត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃពុធ ដែលអាចជួយសម្រាលស្ថានការណ៍ ប៉ុន្តែអាជ្ញាធរនៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលនៅសេសសល់៕