កម្ពុជា បញ្ជូនមន្រ្តី ២រូប ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា

  • 2025-03-31 06:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ចូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ ការចូលរួមរបស់ពួកគេក្នុងបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។ គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៦០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋ រចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ការឆ្លើយតបបន្ទាន់របស់កម្ពុជាក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌នេះ បានបង្ហាញ ពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ានក្នុងពេលមានគ្រោះមហន្តរាយ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា។

យោងតាមការបញ្ជាក់ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា មន្ត្រីទាំង២រូបរបស់កម្ពុជា ដែលបញ្ជូនទៅនេះមិនមែនជាក្រុមរុករក និងសង្គ្រោះ នោះទេ ពោលគឺជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលពួកគាត់អាចជួយលើការងារ សម្របសម្រួល វាយតម្លៃរហ័ស និងភស្តុកម្ម និងការងារផ្សេងៗទៀត។ ជាមួយគ្នានេះក៏មានសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួមក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ០៣រូប, ឥណ្ឌូនេស៊ី ០២រូប, ឡាវ ០១រូប, ម៉ាឡេស៊ី ០៣រូប, ហ្វីលីពីន ០៣រូប, សីង្ហបូរី ០៣រូប, ថៃ ០១រូប និងវៀតណាម ០៣រូប សរុបចំនួន ២១រូប៕

អត្ថបទ ៖ គីម ណារ៉ាក់